កីឡាជាតិ
ជាតិ
រ៉ូ​ហ្ស៊ី​ប​, Julius, Gbenga ដែល​អវត្តមាន​ក្នុងជំនួប​ដំបូង​នឹង​ជួយ​បឹងកេត​នៅ​ល្ងាច​នេះ​
27, Feb 2018 , 4:16 pm        
រូបភាព
ដោយ:
​ក្រុម​បឹងកេត​ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Shan United របស់​មី​យ៉ាន់​ម៉ា សម្រាប់​ជំនួប​លើក​ទី​២​ក្នុង​ពូ​ល F នៃ​ពានរង្វាន់ AFC Cup 2018 នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៧ កុម្ភៈ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ កីឡាករ​សំខាន់​៣​រូប ដែល​អវត្តមាន​ក្នុងជំនួប​បើកឆាក នឹងចូលរួម​ជួយ​ក្រុម​ជើងឯក​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​នៅ​ល្ងាច​នេះ​។



​ខ្សែការពារ សេត រ៉ូ​ហ្ស៊ី​ប រួម​នឹង​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Gbenga Samuel Ajayi និង Juluis Oiboh នឹងចូលរួម​ជួយ​ក្រុម​បឹងកេត តទល់​ជាមួយ​ក្រុម Shan United របស់​មី​យ៉ាន់​ម៉ា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ បន្ទាប់ពី​ពួកគេ​អវត្តមាន​ក្នុងជំនួប​ដំបូង​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ Ceres Negros​។ ក្នុងនោះ សេត រ៉ូ​ហ្ស៊ី​ប អវត្តមាន​ដោយសារ​បញ្ហា​របួស ខណៈ​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា​ទាំងពីរ​មាន​បញ្ហា​លិខិតឆ្លងដែន​។ 

​បឹងកេត​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ភ្ញៀវ Shan United សម្រាប់​ជំនួប​លើក​ទី​២​ក្នុង​ពូ​ល F នៃ​ពានរង្វាន់ AFC Cup នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៧ កុម្ភៈ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្រុម​ទាំងពីរ​សុទ្ធតែ​រង​ការបរាជ័យ​រៀងៗ​ខ្លួន​ក្នុងជំនួប​បើកឆាក​កាលពី​ថ្ងៃទី​១៣ កុម្ភៈ កន្លងទៅ​។ ក្នុងនោះ​ក្រុម Shan United បាន​ចាញ់ Home United របស់​សិង្ហ​បុរី ១-០ នៅ​ទឹកដី​ខ្លួនឯង ខណៈ​បឹងកេត​រង​បរាជ័យ​យ៉ាង​ចាស់ដៃ ៩-០ ក្រោម​ថ្វី​ជើង​ម្ចាស់ផ្ទះ​ហ្វីលីពីន Ceres Negros នៅ​ក្រុង Bacolod​។​

​ការបរាជ័យ​ក្នុងជំនួប​បើកឆាក​រៀងៗ​ខ្លួន​នេះ បានធ្វើ​ឲ្យ​លោក កែវ កុសល គ្រូបង្វឹក​បឹងកេត និង​លោក Soe Myat Min គ្រូបង្វឹក Shan United ជឿជាក់ថា ការ​ប៉ះគ្នា​រវាង​ក្រុម​ទាំងពីរ​នៅ​ល្ងាច​នេះ នឹង​ក្លាយជា​ជំនួប​ដ៏​ស្វិតស្វាញ និង​ជក់ចិត្ត​បំផុត ព្រោះ​ក្រុម​ទាំងពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា ដើម្បី​មុខមាត់​ប្រទេសជាតិ ក៏​ដូច​បង្កើន​ឱកាស​សម្រាប់​វគ្គ​បន្ត​។ 

«​ខ្ញុំ​គិតថា​ការប្រកួត​ថ្ងៃនេះ ជាការ​ប្រកួត​មួយ​ដ៏​លំបាក ព្រោះ​យើង​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា​។ យើង​ដឹង​ហើយ​ថា​ក្រុម​នីមួយៗ​នៅក្នុង​ពូ​ល​សុទ្ធតែ​តំណាង​ជើងឯក​ឲ្យ​ប្រទេស​រៀងៗ​ខ្លួន ប៉ុន្តែ​យើង​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​។ មិនមែន​តែ​ខ្ញុំ​នោះទេ ក្រុម​ទាំងមូល​សុទ្ធតែ​មានការ​ប្តេជ្ញា​ខ្ពស់​ក្នុងការ​ស្វែងរក​ជ័យជម្នះ​នៅ​ល្ងាច​នេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក កែវ កុសល នា​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​២៦ កុម្ភៈ ឆ្នាំ​២០១៨​។



​ជាមួយគ្នា​គ្រូបង្វឹក​ក្រុម​មី​យ៉ាន់​ម៉ា លោក Soe Myat Min យល់ឃើញ​មិន​ខុសពី​គ្រូបង្វឹក​ក្រុម​កម្ពុជា​ប៉ុន្មាន​ឡើយ ដោយ​លោក​បាន​និយាយថា​៖«​ក្រុម​ទាំង​២​សុទ្ធតែ​បរាជ័យ​លើក​ទី​១​ដូចគ្នា​..​។ ដូច្នេះ​ខ្ញុំ​គិតថា ការប្រកួត​នៅថ្ងៃនេះ នឹង​ក្លាយជា​ការប្រកួត​មួយ​ដ៏​ល្អ និង​មានការ​ទាក់ទាញ​ខ្លាំង​។ ប៉ុន្តែ​ការប្រកួត​នៅក្រៅ​ទឹកដី វា​អាចមាន​ការលំបាក​សម្រាប់​ពួកយើង​។ ទោះបី​យ៉ាងនេះ​ក្តី ពួកយើង​នឹង​ខំប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ទទួលបាន​៣​ពិន្ទុ​នៅលើ​ក​នេះ​»​។​

​ក្នុង​ពូ​ល F នេះដែរ ក៏មាន​ក​ការប្រកួត​១​គូ​ទៀត​ផងដែរ ដោយ​ក្រុម​ម្ចាស់ផ្ទះ​សិង្ហ​បុរី Home United ត្រូវ​បើក​កីឡដ្ឋាន Jalan Besar ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Ceres Negros នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​(​ម៉ោង​នៅ​កម្ពុជា​)៕


Tag:
 បាល់ទាត់​
  កែវ កុសល​
  AFC Cup 2018
© រក្សាសិទ្ធិដោយ thmeythmey.com