កីឡាជាតិ
ជាតិ
បឹងកេត​បន្ត​ខកចិត្ត ក្រោយ​ចាញ់ Shan United ២-១ នៅលើ​ទឹកដី​ខ្លួនឯង​
28, Feb 2018 , 9:19 am        
រូបភាព
ដោយ:
​ក្រុម​បឹងកេត​បាន​បន្ត​ខកចិត្ត​ជា​លើក​ទី​២ ក្រោយ​ប្រកួត​ចាញ់​ក្រុម Shan United របស់​មី​យ៉ាន់​ម៉ា ក្នុង​លទ្ធផល ២-១ នា​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល F នៃ​ពានរង្វាន់ AFC Cup 2018 កាលពី​ល្ងាច ថ្ងៃទី​២៧ កុម្ភៈ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

  
 
​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Maycon Calijuri តាមរយៈ​ទាត់​បាល់​ពិន័យ​(Free Kick) បា​នរក​គ្រាប់​នាំមុខ ១-០ សម្រាប់​បឹងកេត នៅ​នាទី​ទី​២៨ បន្ទាប់ពី​ខ្សែការពារ​កាម​រ៉ុ​ន William Nyakwe បាន​ទាត់​រូបគេ​ពេល​កំពុង​ដួល​។ ក្រោយមក នៅ​នាទី​ទី​៤១​ខ្សែប្រយុទ្ធ Dway Ko Ko Chit បា​នរក​គ្រាប់​បាល់​តាម​ស្មើ ១-១ សម្រាប់ Shan United តាមរយៈ​ការបញ្ជូន​យ៉ាង​ស្អាត របស់​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Christopher Chizoba​។​
 
​ការប្រកួត​វគ្គ​ទី​២​ដំណើរការបាន​១០​នាទី កីឡាករ Christopher Chizoba បានសម្រេច​គ្រាប់​ទី​១​របស់ខ្លួន ដើម្បី​បង្កើន​ការនាំ​មុខ ២-១ សម្រាប់​ក្រុម Shan United របស់​មី​យ៉ាន់​ម៉ា​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ រហូត​ចប់​ការប្រកួត​។ នេះ​ជា​បរាជ័យ​លើក​ទី​២ សម្រាប់​បឹងកេត ក្រោយ​ចាញ់ Ceres Negros របស់​ហ្វីលីពីន ៩-០ ក្នុងជំនួប​បើកឆាក​។ 
 
​សម្រាប់​ការប្រកួត​ពូ​ល F នេះដែរ​ក្រុម Home United របស់​សិង្ហ​បុរី​បានបញ្ចប់​លទ្ធផល​ស្មើ ១-១ ជាមួយ Ceres Negros របស់​ហ្វីលីពីន នៅលើ​ទឹកដី​របស់ខ្លួន​។ ក្រោយ​ឆ្លងកាត់​ពីរ​ប្រកួត Ceres Negros មាន​៤​ពិន្ទុ ស្មើ Home United ខណៈ Shan United មាន​៣​ពិន្ទុ និង​បឹងកេត​មាន​សូន្យ​ពិន្ទុ​។ បឹងកេត​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម Home United នា​ថ្ងៃទី​៦ មីនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕      

Tag:
 បាល់ទាត់​
 AFC Cup 2018
 បឹងកេត​
© រក្សាសិទ្ធិដោយ thmeythmey.com