កីឡាជាតិ
ជាតិ
លី​គ​កំពូល​៖ ណាហ្គា​វើ​ល​ប៉ះ​ស្វាយរៀង រីឯ​អង្គ​រថា​យ​ហ្គឺ​រ​ស្វាគមន៍​ទ័ព ខណៈ​វិសាខា​ជួប​អគ្គិសនី​
04, Mar 2018 , 11:54 am        
រូបភាព
ដោយ:
 ​ក្រុម​ណាហ្គា​វើ​ល​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​សម្រាប់​ការប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​សប្តាហ៍​ទី​១​នា​ល្ងាច​ថ្ងៃអាទិត្យ​ទី​៤ មីនា នៅ​កីឡដ្ឋាន RSN​។ រីឯ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​អង្គ​រថា​យ​ហ្គឺ​រ បើកទ្វារ​កីឡដ្ឋាន​ខេត្តសៀមរាប​ស្វាគមន៍​ក្រុម​ភ្ញៀវ​ក្រសួងការពារជាតិ​(​ទ័ព​) ខណៈ​ក្រុម​ចំណូល​ថ្មី​វិសាខា តទល់​ជាមួយ​ក្រុម​អគ្គិសនី​កម្ពុជា​នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​។​

 
​ក្រោយ​មានការ​ផ្លាស់ប្តូរ​ទីលាន​ប្រកួត កីឡដ្ឋាន RSN នឹង​ក្លាយជា​ទីលាន​កាត់សេចក្តី​រវាង​ក្រុម​ណាហ្គា​វើ​ល​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង សម្រាប់​ជំនួប​សប្តាហ៍​ទី​១​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​កម្ពុជា នា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​៤ ខែមីនា​នេះ​។ បើតាម​កម្ម​ប្រកួត​របស់​គណៈកម្មការ​រៀប​ចំការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ជំនួប​រវាង​ក្រុម​ទាំងពីរ​គ្រោង​រៀបចំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ តែ​ត្រូវបាន​ហាមឃាត់​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​(AFC)​។​
 
​ការហាមឃាត់​នេះ គឺ​ដើម្បី​ទុក​ទីលាន​នេះ​រៀបចំ​ព្រឹត្តិការណ៍ AFC Cup រវាង​បឹងកេត​ជាមួយ Home United របស់​សិង្ហ​បុរី នា​ថ្ងៃទី​៦ មីនា ខាងមុខនេះ​។ បើតាម​លក្ខខណ្ឌ​របស់ AFC មុន​៣​ថ្ងៃ​នៃ​ការប្រកួត​មិន​អនុញ្ញាត​ឲ្យ​មានការ​ប្រកួត​អ្វី​នោះឡើយ​។    
 
​មុន​ការប្រកួត​ដ៏​ជក់ចិត្ត​ខាងលើ​ឈាន​មកដល់ ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​អង្គ​រថា​យ​ហ្គឺ​រ​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខេត្តសៀមរាប​ស្វាគមន៍​ក្រុម​ភ្ញៀវ​ក្រសួងការពារជាតិ​នា​វេលា​ម៉ោង​៣​និង​៣០​នាទី​។ ដំបូង​ឡើយ​គូ​នេះ​ក៏​គ្រោង​រៀបចំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដែរ​។ 
 
​ជាមួយគ្នានេះ កីឡដ្ឋាន​វេ​ស្ទើ​ន​ភ្នំពេញ​នឹង​ក្លាយជា​ទីតាំង​កាត់សេចក្តី​សម្រាប់​ជំនួប​រវាង​ក្រុម​ចំណូល​ថ្មី​ដែល​ទើប​ឡើង​មកពី​ក្របខណ្ឌ​លី​គ​លំដាប់​ទី​២​វិសាខា ជាមួយ​ក្រុម​អគ្គិសនី​កម្ពុជា​នៅ​ម៉ោង​៣​រសៀល​នេះ​។​
 
​សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ទី​៣ មីនា ក្រុម​ភ្នំពេញ​ក្រោ​ន​បាន​យកឈ្នះ​ក្រុម​ចំណូល​ថ្មី​សូល​ទី​ឡូ​អង្គរ​ក្នុង​លទ្ធផល ១-០ នៅលើ​ទឹកដី​ខ្លួន​នា​កីឡដ្ឋាន RSN​។ ជ័យជម្នះ​នេះ សម្រេច​ដោយ​ខ្សែប្រយុទ្ធ​អ៊ីរ៉ង់ Pouya Hosseini តាមរយៈ​ការ​ទាត់​ពិន័យ​១១​ម៉ែត្រ ក្រោយ​ខ្សែការពារ​សូល​ទី​ឡូ​អង្គរ​ធ្វើ​ខ្សែប្រយុទ្ធ Jorrin John ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់​នៅ​នាទី​ទី​១០​។ 
 
​នា​ការប្រកួត​នៅ​កីឡដ្ឋាន​អាស៊ី​អឺរ៉ុប ក្រុម​បឹងកេត​បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប​ក្នុង​លទ្ធផល ៤-៣​។ ៤​គ្រាប់​របស់​បឹងកេត​សម្រេច​ដោយ​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Julius ៣​គ្រាប់ និង Omogba ១​គ្រាប់​។ ចំណែក​ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​បាន​លត់​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​ក្នុង​លទ្ធផល ៦-០​។ 
 
​កីឡាករ ទិ​ត្យ ឌី​ណា បា​នរក​គ្រាប់​នាំមុខ ១-០ សម្រាប់​ប៉ូលិស​នៅ​នាទី​ទី​១០ មុន​ខ្សែការពារ Yuta Suzuki សម្រេច​គ្រាប់​ទី​២​នៅ​នាទី​ទី​៣៩​។ ក្រោយមក​នៅ​វគ្គ​ទី​២​នាទី​ទី​៧៥ កីឡាករ នួន បូរី សម្រេច​គ្រាប់​ទី​១​របស់ខ្លួន ដើម្បី​បង្កើន​ការនាំ​មុខ ៣-០ សម្រាប់​ប៉ូលិស មុន​ខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង No Dae-ho សម្រេច​គ្រាប់​ទី​៤​នៅ​នាទី​ទី​៨២​។ ក្រោយមក​កីឡាករ នួន បូរី និង No Dae-ho សម្រេច​គ្រាប់​ទី​២​បាន​ម្នាក់​១​គ្រាប់​រៀងៗ​ខ្លួន​នៅ​នាទី​ទី​៩០+ ដើម្បី​នាំ​ជ័យជម្នះ ៦-០ សម្រាប់​ប៉ូលិស​៕ 

Tag:
 បាល់ទាត់​
  Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com