អន្តរជាតិ
លោក ប្រា​យុទ្ធ គំរាម​ចាប់​ពលករ​ដែល​កំពុង​ធ្វើការ​នៅលើ​ទឹកដី​ថៃ​
06, Mar 2018 , 2:14 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា (រូបភាព៖ AFP)
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា (រូបភាព៖ AFP)
​មកទល់ពេលនេះ ពលករ​បរទេស​ខុសច្បាប់​រាប់សែន​នាក់​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ នៅ​មិនទាន់បាន​បំពេញ​ឯកសារ​ស្របច្បាប់​នៅឡើយ​។ នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​បន្ទោស​ក្រសួង​ការងារ​ថៃ ចំពោះ​ភាពស្ពឹក​ស្រពន់​របស់ខ្លួន​ក្នុងការ​បំពេញការងារ​នេះ​។ លោក ប្រា​យុទ្ធ ក៏បាន​គំរាម​ចាប់ខ្លួន​ពលករ​ខុសច្បាប់​ទាំងអស់ បើ​ពួកគេ​មិនអាច​បំពេញ​ឯកសារ​ឲ្យ​ទាន់​ការកំណត់​នៅក្នុង​ខែមិថុនា​ទេនោះ​។



​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​៥ ខែមីនា បានបង្ហាញ​ការខឹង​សម្បារ​យ៉ាងខ្លាំង​ចំពោះ​ការយឺតយ៉ាវ​ក្នុងការ​ផ្ដល់​ឯកសារ​ស្របច្បាប់​ដល់​ពល​ករប​រទេស​ខុសច្បាប់​រាប់សែន​នាក់ ដែល​កំពុងធ្វើការ​នៅលើ​ទឹកដី​ថៃ​។ លោក ប្រា​យុទ្ធ ខឹង​បែបនេះ បន្ទាប់ពី​មន្ត្រី​ក្រសួង​ការងារ​លោក Anurak Thossarat បាន​ប្រាប់​លោក​ថា ការងារ​ផ្ដល់​ឯកសារ​នេះ​មាន​ដំណើការ​យឺត ព្រោះតែ​ម៉ាស៊ីន​ស្កេ​ន​ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​ពលករ មាន​មិន​គ្រប់គ្រាន់​។​

«​ហេតុអ្វី​មិន​ទិញ​ម៉ាស៊ីន​ស្កេ​ន​ហ្នឹង​ទៅ​? បញ្ហា​នេះ​គួរ​បញ្ចប់​នៅត្រឹម​យើង​នេះ​។ អ្នក​ត្រូវតែ​ធ្វើ​គ្រប់យ៉ាង ហើយ​ប្រសិនបើ​មិនអាច​បញ្ចប់​នៅត្រឹម​មិថុនា គ្មាន​ការលើកលែង​ទៀត​ទេ​។​» នេះ​ជាស​ម្ដី​ពោរពេញ​ដោយ​កំហឹង​របស់លោក ប្រា​យុទ្ធ អំឡុង​ការចុះ​ត្រួតពិនិត្យ​ការចុះឈ្មោះ​ពលករ​នៅ​ខេត្ត Samut Sakorn និង​ផ្សាយ​ដោយសារ​ព័ត៌មាន The Nation ។ មេដឹកនាំ​របប​យោធា​ថៃ​រូបនេះ ក៏​គំរាម​ចាប់ខ្លួន​ពលករ​បរទេស​ទាំងឡាយណា ដែល​មិនអាច​បំពេញ​ឯកសារ​ស្របច្បាប់​ទាន់ពេលវេលា​នោះ​។​

​ការបញ្ជាក់​អត្តសញ្ញាណ គឺជា​រឿង​សំខាន់​ក្នុង​ដំណើការ​ចុះឈ្មោះ​ពលករ​បរទេស​រាប់លាន​នាក់ ដើម្បី​ឲ្យ​ពួកគេ​មាន​សិទ្ធិ​ធ្វើការ​ស្របច្បាប់​នៅលើ​ទឹកដី​ថៃ​។ កាលពី​ឆ្នាំមុន ថៃ​បានចាប់ផ្ដើម​ពង្រឹង​ការអនុវត្ត​ច្បាប់​លើ​ពលករ​ខុសច្បាប់ ដែល​បង្ខំ​ឲ្យ​មនុស្ស​រាប់លាន​នាក់​ធ្វើដំណើរ​ទៅកាន់​ទឹកដី​កំណើត​ដូចជា​មី​យ៉ាន់​ម៉ា កម្ពុជា និង​ឡាវ ដើម្បី​ស្វែងរក​ឯកសារ​ត្រឹមត្រូវ មុននឹង​ត្រឡប់​ទៅធ្វើ​ការ​វិញ​។ ចរន្ត​ហូរ​ចេញ​នេះ ធ្វើ​ឲ្យ​បណ្ដា​សហគ្រាស​ថៃ​បារម្ភ​ខ្លាំង​ជុំវិញ​ការបាត់បង់​កម្លាំង​ពលកម្ម​។​

​ដោយសារ​បញ្ហា​នេះ រដ្ឋាភិបាល​ថៃ បាន​ពន្យារពេល​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ថ្មី និង​ទុកពេល​ឲ្យ​ពលករ​ខុសច្បាប់​ទាំងអស់​ស្វែងរក​ឯកសារ​សិន​។ អាជ្ញាធរ​ថៃ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ប្រទេសជិតខាង​របស់ខ្លួន​ក្នុងការ​បង្កើត​ទីតាំង​ចុះឈ្មោះ​នៅលើ​ទឹកដី ដើម្បី​សម្រួលការ​ធ្វើដំណើរ​រប​ស់​ពលករ​បរទេស ដោយ​មិនចាំបាច់​ត្រឡប់​ទៅ​ស្រុកកំណើត​ឡើយ​។​

​បើតាម​លោក Anurak ពលករ​មី​យ៉ាន់​ម៉ា​ចំនួន​៩៨៨ ៧៩៨​នាក់ បាន​ចុះឈ្មោះ​បញ្ជាក់​សញ្ជាតិ​របស់​ពួកគេ​រួចរាល់​ហើយ ក្នុងនោះ​ពលករ​មី​យ៉ាន់​ម៉ា​មាន​ចំនួន​៧៨៤ ០៩១​នាក់ កម្ពុជា​ចំនួន​១៥៧២៣២​នាក់ និង​ឡាវ​ចំនួន​៤៧ ៤៧៥​នាក់​។ នៅសល់​ពលករ​ចំនួន​ប្រមាណ​ជិត​៧​សែន​នាក់​ទៀត ដែល​មិនទាន់​ទៅ​បញ្ជាក់​អត្តសញ្ញាណ​នៅឡើយ ហើយ​ពួកគេ​មាន​ពេល​ត្រឹម​ខែមិថុនា​ដើម្បី​បំពេញ​ឯកសារ​ចាំបាច់ និង​អាច​បន្ត​ធ្វើការ​នៅ​ថៃ​បាន​ពីរ​ឆ្នាំ​ដោយ​ស្របច្បាប់​៕


Tag:
 ​ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com