អន្តរជាតិ
ម្ចាស់ហាងវៀតណាម រក្សាទុក« តុ » ដែល លោក អូបាម៉ា ធ្លាប់អង្គុយហូបអាហារពេលទស្សនកិច្ចវៀតណាម
17, Mar 2018 , 6:30 pm        
រូបភាព
រូបភាព Daily Mail
រូបភាព Daily Mail
ដោយ:
ការចូលទទួលទានអាហារនៅភោជនីយដ្ឋានតាមដងផ្លូវរបស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពីពីរឆ្នាំមុននៅវៀតណាម បានបង្កើតរឿងភ្ញាក់ផ្អើលម្តងរួចទៅហើយនៅពេលនោះ។ ប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍ជាងនោះទៅទៀតនោះគឺ តុដែលអតីតប្រធានាធិបតីអាមេរិករូបនេះធ្លាប់អង្គុយ ពេលចូលទទួលអាហារ ត្រូវបានម្ចាស់ហាងអភិរក្សទុកទៀត។

 
យោងតាមកិច្ចសម្ភាសន៍របស់ម្ចាស់ភោជនីយដ្ឋាន Bún chả Hương Liên ជាមួយនឹងសារព័ត៌មាន BBC ការរក្សា និងអភិរក្ស តុអាហារពេលល្ងាច ដែលអតីតប្រធានាធិបតី អូបាម៉ា ធ្លាប់អង្គុយទទួលទានអាហារនោះ គឺ រួមមានទាំងរក្សាទុកចាន កែវ និងដបស្រា ផងដែរ។ គំនិតអភិរក្សនេះ ផ្តើមចេញពីអតិថិជន ដែលចូលទៅទីនោះ ។ 
 
ម្ចាស់ហាងដដែលនោះ ក៏បានអះអាងទៀតថា មានអតិថិជនជាច្រើនចាប់អារម្មណ៍ និងថែមទាំងផ្តិតយករូបភាពតុនោះ ដោយរួមទាំងការធ្វើត្រាប់តាមសកម្មភាព លោក អូបាម៉ា ទទួលអាហារនៅទីនោះផង ។ សម្រាប់ម្ចាស់ហាងនេះ វាអាចជាលើកដំបូងដែលពលរដ្ឋវៀតណាមផ្តល់តម្លៃខ្ពស់ចំពោះជនបរទេសជាពិសេសលោក អូបាម៉ា តែម្តង ។ 
អ្វីដែលគួរឲ្យកត់សម្គាល់នោះ ភោជនីយដ្ឋាននោះ ថែមទាំងដាក់បញ្ជីមុខម្ហូបថា « បរិភោគដូចលោក អូបាម៉ា (Eat Like Obama) » ទៀតផង ។ 
 
សូមរម្លឹកផងដែរថា នៅឆ្នាំ២០១៦កន្លងទៅ លោក បារ៉ាក់ អូបាម៉ា បានបំពេញទស្សនកិច្ចទៅកាន់វៀតណាមជាលើកដំបូង ។ នាពេលនោះ ក៏បានឆ្លៀតចូលភោជនីយដ្ឋាន សម្រាប់អាហារពេលល្ងាច ដែលមានតម្លៃប្រមាណ ៦ ឬ ៧ ដុល្លារប៉ុណ្ណោះ ជាមួយចុងភៅនិងជាអ្នកនិពន្ធជនជាតិអាមេរិកលោក Anthony Bourdain ៕ 
 

Tag:
 វៀតណាម
  បារ៉ាក់ អូបាម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com