ជាតិ
លោក អ៊ី​ស៊ី​សាវ៉ា ជនជាតិ​ជប៉ុន​ដំបូង​ដែល​គ្រោង​រៀបចំ​ខួបកំណើត​តាម​ប្រពៃណី​ខ្មែរ​
27, Mar 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​ឆ្នាំ​២០១៨​នេះ​លោក​សាស្ត្រាចារ្យ​បណ្ឌិត យ៉ូ​ស៊ី​អាគី អ៊ី​ស៊ី​សាវ៉ា មាន​អាយុ​៨០​ឆ្នាំ​ទៅហើយ​។ លោក​សាស្ត្រាចារ្យ​បានមក​កម្ពុជា​ដំបូង​នា​ឆ្នាំ​១៩៦១ តាមរយៈ​កម្មសិក្សា​ឆ្ពោះ​មក​អាស៊ីអាគ្នេយ៍ គឺ​ប្រទេស​វៀតណាម​និង​កម្ពុជា​។ ក្នុង​កម្មសិក្សា​មក​កម្ពុ​ជានា​ទឹកដី​អតីត​មហានគរ យុវជន យ៉ូ​ស៊ី​អាគី អ៊ី​ស៊ី​សាវ៉ា បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ប្រាង្គ​ប្រាសាទ ទំនៀមទម្លាប់ និង​ប្រពៃណី​រស់នៅ​របស់​ប្រជាជន​កម្ពុជា រហូត​មាន​អារម្មណ៍​មួយ​នឹក​គិតថា អនាគត​ខ្លួន​ត្រូវតែ​ភ្ជាប់​ជាមួយ​អង្គរ​។



បន្ទាប់ពី​បាន​វិល​ត្រលប់​ទៅ​ប្រទេស​ជប៉ុន​វិញ លោក​តែងតែ​គិត​នឹក​ស្រម័យ​ចង់​មក​កម្ពុជា​ម្តងទៀត​ដើម្បី​សិក្សា​ប្រវត្តិសាស្ត្រ​នៃ​ដែនដី​ដ៏​ពិសិដ្ឋ​មួយ​ដែលជា​អតីត​មហានគរ​ដ៏​រុងរឿង​។ រហូតដល់​ឆ្នាំ​១៩៦៩ លោក​បាន​ចូលរួម​ក្នុង​គម្រោង​ស្រាវជ្រាវ​មួយ​ក្នុង​អភិរក្ស​ដ្ឋា​ន​អង្គរ ក្រោម​ការណែនាំ​ផ្ទា​ល់ពី​អ្នកជំនាញ​បារាំង​គឺ​លោក Bernard Philippe Groslier​។



​នៅ​ឆ្នាំ​១៩៧០ ដល់​១៩៧៥ រហូតដល់​១៩៧៩ កម្ពុជា​បាន​ជួបប្រទះ​នូវ​សង្គ្រាម​និង​របប​ប្រល័យពូជសាសន៍ ដែល​បាន​រារាំង​មិនអាច​ឱ្យ​រូបលោក​បន្ត​កិច្ចការ​ជាមួយ​អង្គរ​តទៅទៀតបាន​។ លោក​ក៏បាន​បន្ត​ការសិក្សា​វិជ្ជា​ខ្មែរ​នៅ​ប្រទេស​បារាំង​ជាមួយ​សាលា​បារាំង​ចុង​បូព៌ា (EFEO) ផ្នែក​សិលាចារឹក​ខ្មែរ​បុរាណ​។​

បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​នៅ​ប្រទេស​បារាំង លោក​បាន​វិល​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន​វិញ នៅ​មហាវិទ្យាល័យ​ភាសាបរទេស​នៃ​សកល​វិទ្យាល័យ​សូ​ហ្វី​យ៉ា​ដែលជា​សកល​វិទ្យាល័យ​ដ៏​ធំ​មួយ​នៅ​ប្រទេស​ជប៉ុន រហូត​បានក្លាយ​ជាស​ក​ល​វិទ្យា​ធិ​ការ ។​

ក្នុង​ឆ្នាំ​១៩៨០ លោក​សាស្ត្រាចារ្យ​បានទទួល​លិខិត​មួយច្បាប់​ពី​លោក ពេ​ជ កែវ អតីត​មិត្ត​រួមការ​ងារ​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ ដែល​ពេលនោះ​លោក​មាន​តួនាទី​ជា​ប្រធាន​អភិរក្ស​ដ្ឋា​ន​អង្គរ​ក្រោយ​សម័យ​រំដោះ​។ លោក​សាស្ត្រាចារ្យ​ក៏បាន​មកកាន់​កម្ពុជា​សាជាថ្មី​ក្នុងនាម​ជា​បុគ្គល​ទី​១​នៃ​អ្នកជំនាញ​បស្ចិមប្រទេស​ដែល​បាន​ចូលមក​កម្ពុជា​មុនគេ​ក្រោយ​របប​ខ្មែរក្រហម​។ ដោយ​រន្ធត់ចិត្ត​ចំពោះ​ការបាត់បង់​អ្នកជំនាញ​និង​មើលឃើញ​ពី​ភាព​រងគ្រោះ​យ៉ាងខ្លាំង​មកលើ​វិស័យ​បេតិកភណ្ឌ ទើប​លោក​សម្រេចចិត្ត​សាជាថ្មី ថា​ត្រូវតែ​រក​មធ្យោបាយ​ជួយ​កម្ពុជា ជាពិសេស​គឺ​ត្រូ​តែ​បណ្តុះបណ្តាល​ឡើងវិញ​នូវ​ធនធានមនុស្ស​ដើម្បី​បម្រើការ​លើ​វិស័យ​ជំនាញ​នេះ​។



​ការតាំង​ចិត្ត​របស់លោក​សាស្ត្រាចារ្យ​ក៏បាន​ទទួលជោគជ័យ​ជា​បន្តបន្ទាប់ គម្រោង​ស្រាវជ្រាវ និង​ការអភិរក្ស​ជួសជុល​ជាច្រើន​ក៏បាន​សម្រេច ចំណែក​ក្តី​ស្រមៃ​ធំ​របស់លោក​សាស្ត្រាចារ្យ ក៏បាន​ក្លាយជា​ការពិត និស្សិត​ខ្មែរ​ជាច្រើន​បាន​បន្ត​ការសិក្សា​នៅ​សកលវិទ្យា​ល័​សូ​ហ្វី​យ៉ា តាមរយៈ​ការជំរុញ​របស់លោក ហើយ​បើ​គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ និស្សិត​របស់លោក​ដែល​បានទទួល​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​មាន​ចំនួន​៦​រូប ថ្នាក់អនុបណ្ឌិត​មាន​ចំនួន​១១​រូប ព្រមទាំង​ការបណ្តុះបណ្តាល​អ្នកជំនាញ​ផ្សេងៗ រួមទាំង​ជាង​ដាប់ថ្ម និង​កម្មករ​ដែល​បម្រើ​ការ​ផ្ទាល់​ជាមួយ​វិស័យ​បេតិកភណ្ឌ​នេះ​ទៀតផង​។​

ក្នុង​បេសកកម្ម​ជួយ​កម្ពុជា​ដែល​លោក​បាន​បំពេញ កន្លងមកនេះ​ក៏​ធ្លាប់​ទទួលបាន​ការលើក​ទឹកចិត្ត​ពី​សំណាក់​ព្រះមហាក្សត្រ​និង​រាជរដ្ឋាភិបាល​កម្ពុជា​ជា​បន្តបន្ទាប់​ដែរ​។ ជាក់ស្តែង ក្នុង​ពេលនេះ​ដោយ​ក្តី​ដឹងគុណ​ដែល​លោក​ជា​ជនបរទេស​តែងតែ​គិតគូរ​ពី​កម្ពុជា អតីត​កូនសិស្ស និង​សហការី​រួម​ការងារ​របស់លោក ក៏បាន​បំពេញ​បំណង​របស់លោក​ដែល​តែងតែ​ស្រលាញ់​កម្ពុជា ជាពិសេស​ប្រាង្គ​ប្រាសាទ និង​ប្រជាពលរដ្ឋ​នៅ​តំបន់​អង្គរ​នោះ ទើប​មានការ​ឯកភាពគ្នា​ថា​នឹងត្រូវ​រៀបចំ​ពិធី​ចម្រើន​អាយុ​ជូន​លោក​ដើម្បី​ជា​កិច្ច​ដឹងគុណ​។​



ពិធី​ចម្រើន​អាយុ ច័ន្ទ​សុក្រ​គិរី​សូត្រ ដែល​ត្រូវ​រៀបចំ​ជូន​លោក​សាស្ត្រ​ចា​រ្យ​នេះ គឺ​រៀបចំឡើង​តាម​ទំនៀម​អ្នកស្រុក​អង្គរ​ផ្ទាល់ ដែល​ពួកគាត់​បាន​បន្ត​គោរព​តាំងពី​បុរាណ​រហូតដល់​បច្ចុប្បន្ន​។ ពិធី​នេះ​នឹងត្រូវ​រៀបចំ​នៅ​ថ្ងៃ​សៅរ៍ ១៥​កើត​-​អាទិត្យ ១​រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែមីនា​-០១​មេសា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​អាស៊ី​សិក្សា​ស្រាវជ្រាវ​និង​បណ្តុះបណ្តាល​ធនធានមនុស្ស​នៃ​សកល​វិទ្យាល័យ​សូ​ហ្វី​យ៉ា មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប (​ខាងត្បូង​ស្ពាន​នាគ​)​។​

​លោក​សាស្ត្រាចារ្យ​នឹងធ្វើ​ដំណើរ​មកពី​ប្រទេស​ជប៉ុន​ដើម្បី​ទទួល​ពិធី​នេះ​ដោយ​ក្តី​សប្បាយចិត្ត និង​មោទនភាព​ដែល​លោក​មាន​វាសនា​ទទួលបាន​នូវ​ការដឹងគុណ​ជាពិសេស​សម្រាប់​ជីវិតចុងក្រោយ ដែល​បានរួម​ដំណើរ​ជាមួយ​ជនជាតិ​កម្ពុជា​លើ​វិស័យ​បេតិកភណ្ឌ​៕
















© រក្សាសិទ្ធិដោយ thmeythmey.com