អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កោះត្រល់ ក្លាយជា​តំបន់​ទេសចរណ៍​ស្នូល​របស់​វៀតណាម
01, Apr 2018 , 9:39 pm        
រូបភាព
កោះត្រល់ ដែលវៀតណាមហៅថាកោះ Phu Quoc (រូបភាព៖ AFP)
កោះត្រល់ ដែលវៀតណាមហៅថាកោះ Phu Quoc (រូបភាព៖ AFP)
ដោយ:
 ​សក្តានុពល​ធម្មជាតិ បូកផ្សំ​ជាមួយនឹង​ផែនការ​អភិវឌ្ឍ​មិន​ឈប់ឈរ​របស់​រដ្ឋាភិបាល​វៀតណាម បាននិងកំពុង​តែ​ធ្វើ​ឲ្យ​កោះត្រល់ ឬ​វៀតណាម ហៅថា Phú Quốc កាន់តែ​ក្លាយជា​ទិសដៅ​សម្រាប់​ភ្ញៀវទេសចរ​រាប់លាន​ក្នុង​មួយឆ្នាំៗ ។ សម្រាប់​វៀតណាម កោះត្រល់ ជា​កោះ ដែល​ធំ​បំផុត​របស់​ប្រទេស ដែល​អំណោយផល​ទាំង​អាកាស និង​ទេសភាព។


​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម Vietnam News នៅ​ថ្ងៃ​២៨ មីនា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កោះត្រល់ បាន​ក្លាយជា​ទីកន្លែង​សម្រាក​លំហែកាយ​ដ៏​ពេញនិយម​បំផុត​របស់​វៀតណាម ខណៈ រដ្ឋាភិបាល​វៀ​ណា​ម ក៏បាន​ដាក់​គោលនយោបាយ​អាទិភាព​ក្នុងការ​កែប្រែ​កោះ​នេះ​ឲ្យ​ក្លាយជា​មជ្ឈមណ្ឌល​អេកូ​ទេសចរណ៍ និង​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ក្នុង​តំបន់​មួយ​ផង​នោះ ។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ អនុប្រធាន​គណៈកម្មាធិកា​រ​ប្រជាជន នៃ​កោះត្រល់ លោក Huỳnh Quang Hưng បាន​អះអាងថា ហេតុផល​ដែល​ធ្វើ់​ឲ្យ​កោះត្រល់ ដែល​វៀតណាម ពណ៌នា​ថា​ជា​កោះ​គជ​របស់ខ្លួន មាន​ភ្ញៀវទេសចរ​បរទេស​កាន់​តែ​មកលេង​ច្រើន​នោះ ក៏​ដោយសារតែ ទេសភាព ឆ្នេរ​ខ្សាច់​ដ៏​ស្អាត រួមទាំង​អាកាស​ដ៏​កក់ក្តៅ ដែល​ផ្តល់​លទ្ធភាព​ឲ្យ​ភ្ញៀវទេសចរ​អាច​រីករាយ​កម្សាន្ត​ស្ទើរ​ពេញ​មួយឆ្នាំ​បាន ។ 
 
​បើតាម​របាយការណ៍រ​បស់​រដ្ឋបាល​ប្រចាំ​តំបន់ គិត​ចាប់ពី​វៀតណាម អនុវត្ត​គោលនយោបាយ​ទូលាយ​ដោយ​លើកលែង​ទិ​ដ្ឋ​ការ​រយៈពេល​៣០​ថ្ងៃ​សម្រាប់​ការ​ស្នាក់​របស់​ភ្ញៀវ​បរទេស​នៅ​ឆ្នាំ​២០១៤ មាន​ភ្ញៀវទេសចរ​ជាច្រើន បាន​ទៅលេង​នៅក្នុង​តំបន់​នោះ​ជា​បន្តបន្ទាប់ ។ ជាក់ស្តែង​នៅ​ឆ្នាំមុន មាន​ភ្ញៀវទេសចរ​រហូតដល់ ១,៩៦ លាន នាក់ ដែល​បាន​ទៅដល់​ទីនោះ ។ 
 
​តាម​ការអះអាង​របស់​ក្រុមហ៊ុន​វិនិយោគ​នៃ​កោះត្រល់  ដែល​ដកស្រង់​ដោយសារ​ព័ត៌មាន​វៀតណាម​ដដែល​នោះ ប៉ុន្មាន​ឆ្នាំមុន​កន្លងទៅ ក្រុមហ៊ុន ពិបាក​ក្នុងការ​ស្វែងរក​បុគ្គលិក​សម្រាប់​ធ្វើការ​លើ​វិស័យ ទេសចរណ៍​ណាស់ ។ ក៏ប៉ុន្តែ​បច្ចុប្បន្ន មាន​ប្រជាជន​កាន់តែច្រើន​ទៅៗ​មកពី​វៀតណាម​ដីគោក​ទៅ​បម្រើការ​នៅ​ទីនោះ ។ 
 
​គួរ​ជម្រាប​ផងដែរ​ថា ថ្មីៗ​នេះ រដ្ឋាភិបាល​វៀតណាម ក៏បាន​ប្រកាស​ពី​គម្រោង​នៃ​ការ​ដំណើរការ​សាងសង់​ព្រលានយន្តហោះ​បន្ថែម​នៅ​តំបន់​កោះត្រល់ ដើម្បី​ឆ្លើយតប​ទៅ​កំណើន​នៃ​ភ្ញៀវទេសចរ ដែល​នឹងត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាង​១៣០ លាន​ដុល្លារ ៕ 
 
 
 

Tag:
 វៀតណាម​
  កោះត្រល់
© រក្សាសិទ្ធិដោយ thmeythmey.com