ជាតិ
សម្ដេច ហ៊ុន សែន​៖ កម្ពុជា កំពុង​ក្លាយជា​ទិសដៅ​ទេសចរណ៍​ដ៏​ធំ​នៅ​អាស៊ី​
18, Apr 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កម្ពុជា កំពុង​ក្លាយជា​ទិសដៅ​ទេសចរណ៍​ដ៏​ធំ​បំផុត​មួយ​នៅ​អាស៊ី​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​រំពឹង​លើ​កំណើន​ភ្ញៀវទេសចរ​មក​កម្ពុ​ជានា​ពេលខាងមុខ​។



​តាមរយៈ​ការរៀបចំ​សង្ក្រាន្ត​អង្គរ​កាលពីពេល​ថ្មីៗ​នេះ សម្ដេច ហ៊ុន សែន បាន​កត់សម្គាល់ថា ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បាននាំគ្នា​ដើរ​កម្សាន្ត​នៅ​ខេត្តសៀមរាប និង​នៅតាម​តំបន់​សមុទ្រ​នានា យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ក្នុងន័យនេះ​ប្រមុខ​រដ្ឋាភិបាល បាន​និយាយថា បច្ចុប្បន្ន​កម្ពុជា​កំពុង​ក្លាយជា​ទិសដៅ​ទេសចរណ៍​ដ៏​ធំ​បំផុត​មួយ​នៅ​អាស៊ី​ផងដែរ​។ ប៉ុន្តែ​រដ្ឋាភិបាល ក៏​មិន​ភ្លេច​រំឭក​ពី​ការរក្សា​សន្តិភាព​ឡើយ​។​

​សម្ដេច ហ៊ុន សែន បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖«​ទន្ទឹមនឹងនេះ ក៏មាន​ប្រជាពលរដ្ឋ​មួយចំនួន​បានចេញ​ទៅ​កម្សាន្ត​នៅក្រៅ​ប្រទេស ស្រប​ពេលដែល​សេវា​ដឹកជញ្ជូន​តាម​យន្តហោះ​កំពុង​ប្រកួតប្រជែង និង​កើន​ឡើងជា​បន្តបន្ទាប់​នៅ​កម្ពុជា​។ តម្លៃ​សំបុត្រ​យន្តហោះ​សព្វថ្ងៃ​បាន​ធ្លាក់ចុះ​ទាប ដែល​អាចធ្វើ​ដំណើរ​ទៅ​ទេសចរណ៍​នៅក្រៅ​ប្រទេស​បាន​យ៉ាង​ងាយស្រួល​»​។​

​មកដល់ពេលនេះ កំណើន​ភ្ញៀវទេសចរ​កើនឡើង​ជាង​៥​លាន​នាក់​ហើយ ខណៈ​រដ្ឋាភិបាល​រំពឹងថា កម្ពុជា នឹង​ទាក់ទាញ​បាន​ភ្ញៀវ​ទេសចរណ៍​បរទេស​ជាង ៧​លាន​នាក់ នៅក្នុង​ឆ្នាំ​២០២០ ខាងមុខ ដោយ​ក្នុងនោះ​មាន​ភ្ញៀវ​ទេសចរណ៍​ចិន ២​លាន​នាក់​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០១៨​នេះ ស្ថិតិ​ភ្ញៀវទេសចរ​បរទេស​ចំនួន​៨៥៨,៥៨០​នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដែល​កើនឡើង ១២.៣៦​ភាគរយ និង​រក​ចំណូល​សរុប​ចំនួន​៣៩,៦៥៦,៨១០​ដុល្លារ កើនឡើង ២៨.៥២​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧ ។ ក្នុង​ចំណូល​សរុប​ត្រីមាស​ទី​១​ក្នុង​ឆ្នាំ​២០១៨ នេះ រមណីយដ្ឋាន​អង្គ​រដក​ចំណូល​ចំនួន ១,៧១៧,១៦០​ដុល្លារ ត្រូវបាន​បង់​ចូល​មូល​នី​ធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​៕


Tag:
 ហ៊ុន សែន​
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com