ជាតិ
ក្រសួងការពារជាតិ​ក​ម្ពុ​ជា ច្រានចោល​ព័ត៌មាន​នាំចូល​អាវុធ​ទៅ​ទឹកដី​ថៃ​
19, Apr 2018 , 9:39 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ
រូបពីហ្វេសប៊ុកលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ
​ភ្នំពេញ​៖ ក្រសួងការពារជាតិ​ក​ម្ពុ​ជា បដិសេធ​ព័ត៌មាន​ទាក់ទង​នឹង​ការនាំ​អាវុធ​ចូល​ទឹកដី​ថៃ​។ ការបដិសេធ​នេះ ធ្វើឡើង​បន្ទាប់ពី​ព័ត៌មាន​ថៃ បានចេញ​ផ្សាយ​ថា អាវុធ​ជាច្រើន​ប្រភេទ ដែល​អាជ្ញាធរ​ថៃ​រឹបអូស​បាន​នេះ គឺ​នាំ​ចេញពី​ប្រទេសជិតខាង ចូលទៅ​ទឹកដី​ថៃ​។​



​អាវុធ​ដែល​ខាង​អាជ្ញាធរ​ថៃ រឹបអូស​បាន​ទាំងនោះ រួមមាន​កាំភ្លើង​ប្រភេទ TEPY កាំភ្លើង​ប្រភេទ​M16, កាណុង​M16, ឈុត​ឧ​បករ​ណ៏​កៃកាំភ្លើង ៥ ឈុត បន្ទះ​តួ​កាំភ្លើង ជាដើម​។ អាវុធ​ទាំងនេះ ត្រូវបាន​សារព័ត៌មាន​ថៃ Bangkok Post ចុះផ្សាយ​ថា នាំចូល​ពី​ប្រទេសជិតខាង​។ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួនទៀត បាន​ផ្សាយ​ថា អាវុធ​ខាងលើនេះ គឺ​ដឹក​តាម​ទូក​នេសាទ ចេញ​ម្តុំ​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​របស់​កម្ពុជា ចូលទៅក្នុង​ទឹកដី​ថៃ ហើយ​ត្រូវ​អាជ្ញាធរ​ស្រុក​ខ្លងយ៉ៃ ខេត្ត​ត្រាត ប្រទេស​ថៃ ចាប់បាន​។​

​ជុំវិញ​បញ្ហា​នេះ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុជាតិ បាន​បដិសេធថា អាវុធ​ដែល​អាជ្ញាធរ​ថៃ​រឹបអូស​បាន​នេះ មិនមែន​នាំចេញ​ពី​កម្ពុជា​ឡើយ ព្រោះ​កម្ពុជា​គ្មាន​អាវុធ​ប្រភេទ​នេះ ប្រើប្រាស់​នោះទេ​។​

​លោក ឈុំ សុជាតិ បាន​សរសេរ​លើ់​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖«​សូមបញ្ជាក់​ជូន​សាធារណជន និង​បណ្តាញ​ផ្សព្វផ្សាយ​ឲ្យ​បាន​ជ្រាបថា ការផ្សព្វផ្សាយ​ថា អាវុធ​ទាំងនេះ​ដឹក​ចេញពី​ទឹកដី​កម្ពុជា គឺជា​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​។ នៅ​ប្រទេស​កម្ពុជា មិនមាន​ការប្រើប្រាស់​អា​វុ​ធ​ប្រភេទ​នេះ​ទេ​»​។​

អត្ថបទទាក់ទង


​កាលពី​ថ្ងៃទី​០៣ មិថុនា ឆ្នាំ​២០១៧ អាជ្ញាធរ​ថៃ បាន​បើក​ការស៊ើបអង្កេត និង​រឹបអូស​បាន​អាវុធ​ជាច្រើន​ដើម នៅក្នុង​ឡាន​មួយ​បាំង​កន្លះ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅលើ​ផ្លូវ​មួយ​ក្នុង​ខេត្ត​ត្រាច នៃ​ប្រទេស​ថៃ​។ អាជ្ញាធរ​ក៏បាន​អាវុធ​មួយចំនួន រួមមាន កាំភ្លើង​២៩​ដើម​,​កាំភ្លើងយន្ត​៤​ដើម​,​គ្រាប់បែក​៥៣ គ្រាប់ និង​គ្រាប់កាំភ្លើង​ជាង​៤០០០​គ្រាប់​។ កាលណោះ​ភាគី​ថៃ​ក៏បាន​ចោទ​កម្ពុជា ថា រត់ពន្ធ​អាវុធ​ខុសច្បាប់ ទៅ​លក់​ឲ្យ​ពួកក្រុម​ឧទ្ទាម Karen ដែល​ប្រឆាំង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ដែរ​។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា បាន​ច្រានចោល​ការចោទប្រកាន់​នេះ ហើយក៏​បានស្នើ​ឲ្យ​ភាគី​ថៃ​សហការ​ជាមួយ​កម្ពុជា ស៊ើបអង្កេត​លើ​ករណីនេះ​ផងដែរ​៕


Tag:
 ឈុំ សុជាតិ​
 ​ក្រសួងការពារជាតិ​
  អាវុធ​
© រក្សាសិទ្ធិដោយ thmeythmey.com