ជាតិ
សេដ្ឋកិច្ច
ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន កាត់បន្ថយ​ចំណាយ​ក្រៅផ្លូវការ​លើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​
20, Apr 2018 , 10:54 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន បាន​ជួយ​ដល់​រដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ចំណាយ​ក្រៅផ្លូវការ និង​ដោះស្រាយ​បញ្ហា​មន្ត្រីរាជការ​ទាន់ពេលវេលា ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​រដ្ឋ​។ នេះ​ជាការ​មើលឃើញ​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​



​ថ្លែង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​២០១៧ និង​ការវាយតម្លៃ​សមិទ្ធផល​៥​ឆ្នាំ នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៅ​ព្រឹក​ថ្ងៃទី​២០ មេសា​នេះ សម្ដេច ហ៊ុន សែន បាន​និយាយថា ការអនុវត្ត​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​នេះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​កាន់តែ​ល្អប្រសើរ ក្នុងការ​ទប់ស្កាត់​បញ្ហា​រ៉ាំរ៉ៃ​នៃ​ការចំណាយ​ក្រៅផ្លូវការ ដែល​ធ្វើ​ឲ្យ​ខាតបង់​ថវិកាជាតិ​កន្លងមក​។

​ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់​ដូច្នេះ​ថា​៖«​ការសម្រេច​ចិត្តជា​គន្លឹះ​មួយ នៃ​ការបើក​ប្រាក់បៀវត្ស និង​ប្រាក់​សោធន​តាម​ធនាគារ អាច​ឲ្យ​យើង​បញ្ចប់​បាន​ទាំងស្រុង នូវ​បញ្ហា​រ៉ាំរ៉ៃ​នៃ​ការចំណាយ​ក្រៅផ្លូវការ និង​ភាពយឺតយ៉ាវ ពាក់ព័ន្ធ​ទៅនឹង​ការបើកប្រាក់​បៀវត្ស សម្រាប់​មន្ត្រីរាជការ​សាធារណៈ និង​ប្រាក់​សោធន​សម្រាប់​និវត្តជន​។ ជារួម​ខ្ញុំ​រំពឹងថា នៅពេល​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណើរការ​ពេញលេញ ការគ្រប់គ្រង​ចំណាយ​ថវិការដ្ឋ នឹង​កាន់​តែមាន​ប្រសិទ្ធិភាព ស​ក្ត​សិទ្ធិ​ភាព តម្លាភាព និង​គណនេយ្យភាព​ល្អប្រសើ​រ​ថែមទៀត​។ ហើយ​ប្រព័ន្ធ​នេះ​នឹង​ជួយផ្ដល់​ព័ត៌មាន​យ៉ាង​ពេញលេញ និង​ទាន់ពេលវេលា អំពី​ស្ថានភាព​ហិរញ្ញវត្ថុ​សាធារណៈ​របស់​ជាតិ​…​។​

​ក្រៅពី​ដោះស្រាយ​បញ្ហា​មន្ត្រីរាជការ និង​កាត់បន្ថយ​ការចំណាយ​ក្រៅផ្លូវការ​នេះ ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ក៏បាន​ជួយ​លុបបំបាត់​មន្ត្រីរាជការ​អសកម្ម​ការងារ ឬ​មន្ត្រី​មានតែ​ឈ្មោះ (​មន្ត្រី​ខ្មោច​) ផងដែរ​។​

​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​នេះ ស្ថិតនៅ​ក្នុងចំណោម​គោលនយោបាយ​ចំនួន​៥​របស់​រដ្ឋាភិបាល ដើម្បី​ជំរុញ​ដល់​ការប្រើប្រាស់​ហិរញ្ញវត្ថុ​សាធារណៈ ឲ្យ​មាន​ប្រសិទ្ធិភាព ក្នុងទិសដៅ​អភិវឌ្ឍន៍​ប្រទេស​។​នេះ​បើតាម​នាយករដ្ឋមន្ត្រី ហ៊ុន សែន​៕


Tag:
 ហ៊ុន សែន​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com