ជាតិ
ទូត​តួ​ក​គី សន្យា​ពិនិត្យមើល​លទ្ធភាព​ផ្ដល់ជំនួយ​ផ្នែក​ដោះមីន​នៅ​កម្ពុជា​
20, Apr 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល​តួ​ក​គី សន្យា​ពិនិត្យមើល​លទ្ធភាព ក្នុងការ​ផ្ដល់ជំនួយ​ផ្នែក​ដោះមីន​មក​រដ្ឋាភិបាល​កម្ពុជា​។ ការសន្យា​របស់​រដ្ឋាភិបាល​តួ​ក​គី ធ្វើឡើង​តប​តាម​សំណើ​របស់​កម្ពុជា​។​



​ឯកអគ្គរដ្ឋទូត​តួ​ក​គី​ថ្មី​ប្រចាំ​កម្ពុជា លោកស្រី Andy Ünlü បាន​និយាយថា តួ​ក​គី​នឹង​បញ្ជូន​ក្រុមការងារ​មួ​យមក​កម្ពុជា ក្នុង​ខែឧសភា​ខាងមុខ ដើម្បី​ធ្វើការ​ពិនិត្យ​ជាក់ស្ដែង និង​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា អំពី​លទ្ធភាព​ក្នុងការ​ផ្ដល់ជំនួយ​មក​កម្ពុជា លើ​បញ្ហា​បោសសំអាត​មីន​នេះ​។ លោកស្រី Ünlü បាន​ថ្លែង​បែបនេះ នៅក្នុង​ជំនួប​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​១៩ មេសា​។​

​មកដល់ពេលនេះ កម្ពុជា បាន​បោសសំអាត​មីន ជាង​១,៦០០​គីឡូម៉ែត្រ​ការ៉េ​ហើយ ដែល​វា​ជា​លទ្ធផល​ល្អ​ធំធេង​មួយ​របស់​កម្ពុជា​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប្រាក់ សុខុន ដែល​បាន​បន្ថែម​ដូច្នេះ​ថា​៖«​បញ្ហា​មីន​នៅតែ​ជា​ឧបសគ្គ​ដ៏​សំខាន់​នៃ​ការអភិវឌ្ឍ​ជនបទ​»​។​

​គិតពី​ឆ្នាំ​១៩៩២ ដល់​ខែតុលា ឆ្នាំ​២០១៧ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា (CMAC) បាន​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​លើ​ផ្ទៃដី​សរុប​ប្រមាណ ១៦៧.០០០​ហិកតា ដោយ​ក្នុងនោះ​រួមមាន គ្រាប់មីន​ប្រឆាំង​មនុស្ស ១,៧៧៩,០៤៦​គ្រាប់ ,​មីន​ប្រឆាំង​រង​ក្រោះ ៦០,៨២៤​គ្រាប់ ,​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ៦,២៥៧,១០២ គ្រាប់ និង​អំបែង ៧៤១,៧១៥,៤៩១ គ្រាប់​។

​បច្ចុប្បន្ន​កម្ពុជា​នៅសល់​ចម្ការមីន​ចំនួន ១៤,៦០០ ហើយ​សរុប​ជា​ផ្ទៃដី​ស្មើ​ប្រមាណ ២១១១ គីឡូម៉ែត្រ​ក្រឡា​។ នេះ​បើ​យោងតាម​របាយការណ៍ របស់​អាជ្ញាធរ​មីន​។​

អត្ថបទទាក់ទង


​លោក លី ធុជ ដែលជា​អនុប្រធាន​ទី​១ និង​ជា​អគ្គលេខាធិការ​អាជ្ញាធរ​មីន ធ្លាប់បាន​បញ្ជាក់​កន្លង​មក​ថា ជនរងគ្រោះ ដោយសារ​គ្រាប់​ផ្ទុះ សរុប​ទាំងអស់​មាន ៦៤,៧០៥​នាក់ ក្នុងនោះ​គ្រោះថ្នាក់​ដោយសារ​មីន​ចំនួន ៥១,០៥៦​នាក់ និង​គ្រាប់ ៦៤,៩១៣​នាក់​។ តួលេខ​នេះ​គិត​ចាប់ពី​ឆ្នាំ ១៩៩៧ ដល់​ខែកញ្ញា ឆ្នាំ​២០១៧​។​

​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​របស់​រាជរដ្ឋាភិបាល ឆ្នាំ​២០១៨-២០២៥ កម្ពុជា​គ្រោង​សម្រេច​គោលដៅ​មួយចំនួន​រួមមាន ត្រូវ​ដោះ​ផ្ទៃដី​ដែល​កំពុង​ទទួលរង​ការគំរាមកំហែង​ដោយ​គ្រាប់មីន និង​គ្រាប់បែក​ចង្កោម ឲ្យ​អស់​ក្នុង​ឆ្នាំ ២០២៥​។ ផែនការ​យុទ្ធសាស្ត្រ​ជាតិ​នេះ នឹង​កាត់បន្ថយ​កម្រិត​ទាប​បំផុត នូវ​អត្រា​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម លើកកម្ពស់​ជីវភាពរ​បស់​ជនរងគ្រោះ និង​សហគមន៍​ដែល​រងគ្រោះ​៕


Tag:
 ប្រាក់ សុខុន​
  ដោះមីន​
 ​ទូត​តួ​គី
© រក្សាសិទ្ធិដោយ thmeythmey.com