ជាតិ
ឃ្លីបវីដេអូជនបរទេស នាំឲ្យមន្ត្រីប៉ូលិសចរាចរណ៍ខ្មែរពីររូប បាត់បង់ការងារ
× វីដេអូរបស់ជនជាតិបរទេសម្នាក់ដែលល្បីល្បាញពេញបណ្តាញសង្គម បានធ្វើឲ្យមន្ត្រីនគរបាលចរាចរណ៍២រូប បាត់បង់ការងារ។ មន្ត្រីទាំងពីរនោះ រងការចោទពីបទផាកពិន័យក្រៅផ្លូវការ ដោយទារប្រាក់ជនបរទេសដែលជិះបំពានភ្លើងសញ្ញាចរាចរណ៍នោះ ចំនួន២០ដុល្លារអាមេរិក។
ជនបរទេសដែលមានការអះអាងថាជាជនជាតិវៀតណាម ហាក់មានចេតនាជិះម៉ូតូដោយមិនគោរពភ្លើងសញ្ញាចរាចរណ៍ ដើម្បីចាប់កំហុសមន្ត្រីប៉ូលិសចរាចរណ៍កម្ពុជា។ គេបានដាក់កាមេរ៉ាជាប់ខ្លួន ហើយថតរាល់សកម្មភាពមន្ត្រីទាំងនោះ។
ក្នុងឃ្លីបវីដេអូ មន្ត្រីចរាចរណ៍បានទារឲ្យជនបរទេសបង់ការផាកពិន័យ២០ដុល្លារអាមេរិក ជាថ្នូរក្នុងការមិនបញ្ជូនម៉ូតូខុសច្បាប់ចរាចរណ៍ទៅកាន់ការិយាល័យប៉ូលិស។ ក្រោយការផ្សព្វផ្សាយវីដេអូ អ្នកប្រើប្រាស់បណ្តាញសង្គម ចាត់ទុកសកម្មភាពមន្ត្រីខ្មែរ ថា បានធ្វើឲ្យជាតិអាប់ឱន។
យោងតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ លោក សែម គន្ធា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨នេះថា មន្ត្រីនគរបាលចរាចរទាំង២នាក់ដែលប្រព្រឹត្តខុសនឹងវិន័យកងកម្លាំងនោះ ត្រូវផ្អាកការងារបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា មន្ត្រីនគរបាលចរាចរណ៍ ទាំងពីរ បានប្រព្រឹត្តខុសនូវវិន័យ០០៦របស់កម្លាំងនគរបាលជាតិ ដោយផាកពិន័យលើសគោលការណ៍និងមិនបានចេញវិក្កយបត្រ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីនគរបាលផ្សេងទៀត។
នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរូបនេះ បានសង្កត់ធ្ងន់ថា ទង្វើរបស់មន្ត្រីទាំងពីរ មិនអាចអប់រំណែនាំបន្តទៀតនោះទេ ដោយលោកបានស្នើសុំគោលការណ៍ពីសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោក នេត សាវឿន អគ្គស្នងការនគបាលជាតិ បណ្តេញចេញពីក្របខណ្ឌនគបាលជាតិតែម្តង ៕
© រក្សាសិទ្ធិដោយ thmeythmey.com