ជាតិ
នយោបាយជាតិ
បក្សសង្គ្រោះជាតិ នៅតែសង្ឃឹមថាបានចូលរួមបោះឆ្នោត គណបក្សសង្គ្រោះជាតិ ដែលមិនទាន់ត្រូវបានរំលាយ ធ្វើយុទ្ធនាការរកសំឡេងឆ្នោត កាលពីពេលបោះឆ្នោតឃុំ-សង្កាត់ កន្លងទៅ។ ថតដោយ ថាន រស្មី
× ភ្នំពេញ៖ ស្ថិតក្នុងកាលៈទេសៈដែលគណបក្សនានា កំពុងយកពាក្យទៅដាក់នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដើម្បីឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចោល និងលែងមានទីស្នាក់ការក្នុងប្រទេសកម្ពុជាហើយនោះ ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញពីក្តីរំពឹងថា នឹងបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាមួយគេឯងដែរ។
តាមរយៈសេចក្តីថ្លែងការណ៍ ដែលធ្វើចេញពីក្រៅប្រទេស នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ អតីតគណបក្សសង្គ្រោះជាតិ ដែលនៅតែចាត់ទុកខ្លួនជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា និងជាដៃគូប្រកួតតែមួយគត់របស់គណបក្សកាន់អំណាច បានប្រកាសជំហរបែបនេះថា៖«គណបក្សសង្គ្រោះជាតិ ទទួចឲ្យមានដំណោះស្រាយនយោបាយ ដើម្បីបង្រួបបង្រួមជាតិ និងត្រៀមខ្លួនជានិច្ចក្នុងការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដោយសេរី និងយុត្តិធម៌»។
មកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល និងគណបក្ស៥ទៀត បានយកពាក្យទៅដាក់នៅគ.ជ.ប. រួចហើយ ដើម្បីចូលរួមប្រកួតប្រជែងយកអាសនៈក្នុងរដ្ឋសភា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ឯគណបក្សដទៃទៀត កំពុងបំពេញបែបបទ និងត្រៀមយកពាក្យទៅដាក់នៅពេលខាងមុខ។ ការចុះឈ្មោះគណបក្ស ដែលចាប់ផ្តើមតាំងពីថ្ងៃទី៣០ ខែមេសា នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប. បានអះអាងថា ការចុះឈ្មោះគណបក្ស នឹងមិនត្រូវបានពន្យារពេលនោះទេ។ លោក ថែមទាំងបញ្ជាក់ពីផ្លូវច្បាប់ថា គណបក្សណា មិនបានចុះឈ្មោះ គឺស្មើនឹងគណបក្សនោះ មិនបានចូលរួមប្រកួតក្នុងការបោះឆ្នោត។
យ៉ាងណាក៏ដោយ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅតែមានសុទិដ្ឋិនិយមថា ដំណោះស្រាយអ្វីក៏អាចទៅរួចដែរ ឲ្យតែអ្នកនយោបាយ មានឆន្ទៈ។ លោកប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទបែបនេះថា៖«ខ្ញុំយល់ថា អាចពន្យារពេលបាន ដូចការបោះឆ្នោតព្រឹទ្ធសភាកន្លងមក គឺយើងពន្យារបាន»។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាប្រធានចលនាសង្គ្រោះជាតិ បានបង្ហោះសារលើបណ្តាញសង្គមនានា និងបានផ្តល់បទសម្ភាសដល់ប្រព័ន្ធផ្សព្វផ្សាយជាញឹកញាប់ ដោយអះអាងដដែលៗថា គណបក្សរបស់លោក នឹងរស់ឡើងវិញ ហើយបានចូលរួមក្នុងការបោះឆ្នោតជាមិនខាន។ លោក សង្កត់ធ្ងន់ថា ការបោះឆ្នោត ដែលមិនមានគណបក្សសង្គ្រោះជាតិ គឺជាការបោះឆ្នោតក្លែងក្លាយ។
លោក សម រង្ស៊ី ដែលកំពុងនិរទេស បានបង្ហោះសារលើបណ្តាញសង្គម Twitter នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា៖«ខ្ញុំជឿជាក់ថា គណបក្សសង្គ្រោះជាតិ នឹងមានវត្តមានលើឆាកនយោបាយកម្ពុជាវិញ ក្នុងពេលឆាប់ៗនេះ»។
ប៉ុន្តែសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និយាយផ្ទុយពីលោក សម រង្ស៊ី ទាំងស្រុង។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្ស-និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ប្រធានគណបក្សអំណាច និងជាប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះ បានចំអកឲ្យគណបក្សប្រឆាំង យ៉ាងដូច្នេះថា៖«គេដុតរលួយឆ្អឹងហើយ ឲ្យរស់ឡើងវិញយ៉ាងម៉េច។ វាមិនរស់ឡើងវិញទេ»។
ឯលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ក៏យល់ថា ការបោះឆ្នោត នឹងមិនមានគណបក្សសង្គ្រោះជាតិដែរ។ ប៉ុន្តែលោក សន្និដ្ឋានជាមុនថា ទោះជាគ្មានគណបក្សប្រឆាំង ក៏ប្រជាពលរដ្ឋភាគច្រើន នៅតែទៅបោះឆ្នោតដដែល ដោយមិនបោះបង់ឱកាសនេះចោលឡើយ។
សម្រាប់សហគមន៍អន្តរជាតិមួយចំនួន ការបោះឆ្នោតនៅកម្ពុជា នឹងមិនមានភាពស្រពច្បាប់ និងមិនប្រព្រឹត្តទៅតាមគន្លងប្រជាធិបតេយ្យនោះទេ ប្រសិនបើគណបក្សសង្គ្រោះជាតិ មិនបានចូលរួម។ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទើបនឹងចេញសេចក្តីប្រកាសព័ត៌មាន ដោយគូសបញ្ជាក់ថា ការបោះឆ្នោតមួយ មិនអាចជាការបោះឆ្នោតពិតប្រាកដឡើយ ប្រសិនបើគណបក្សប្រឆាំងធំជាងគេ ត្រូវបានរារាំង។
ទោះរងការរិះគន់ជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិបែបនេះក្តី តែរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរថា ការបោះឆ្នោត នឹងដំណើរការតាមគោលការណ៍ច្បាប់ និងលទ្ធិប្រជាជធិបតេយ្យ។ ម្យ៉ាងទៀត រដ្ឋាភិបាលកម្ពុជា ក៏បានបកស្រាយដែរថា ការបោះឆ្នោត មិនតម្រូវឲ្យមានការទទួលស្គាល់ឬការមិនទទួលពីសហគមន៍អន្តរជាតិនោះទេ៕
Tag:
បោះឆ្នោត
CNRP
CPP
ហ៊ុន សែន
សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com