ជាតិ
ចិនគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា រូបពីហ្វេសប៊ុកក្រសួង៖(ឆ្វេង) លោក Liu Shaobin អគ្គនាយកនៃអគ្គនាយកដ្ឋានសន្តិសុខក្រៅប្រទេសរបស់ក្រសួងការបរទេសចិន និងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ (ស្ដាំ)
× ភ្នំពេញ៖ ចិន ប្រកាសជំហរគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា ។ ការប្រកាសរបស់ចិននេះ ធ្វើឡើងនៅក្នុងជំនួបរវាងលោក Liu Shaobin អគ្គនាយកនៃអគ្គនាយកដ្ឋានសន្តិសុខក្រៅប្រទេសរបស់ក្រសួងការបរទេសចិន និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣ ឧសភា។
ថ្លែងក្នុងជំនួបគ្នានោះ លោក Liu Shaobin បានបញ្ជាក់ថា រដ្ឋាភិបាលចិន នៅតែរក្សាជំហរខ្លួន មិនលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជា។ លោកថា ចិនគោរពអធិបតេយ្យភាព និងសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជា លើការចាត់វិធានការនានា ក្នុងការការពាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពក្នុងប្រទេសកន្លងមក។ នេះបើតាមលោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដែលបានបន្ថែមថា ចិនក៏បានប្រកាសគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជាផងដែរ។
ដើម្បីផ្ដល់សេចក្តីទុកចិត្តដល់ការគាំទ្ររបស់ចិននេះ រដ្ឋមន្ត្រីក្រសួងការបទេសលោក ប្រាក់ សុខុន បានអះអាងថា ដំណើរការបោះឆ្នោតនៅកម្ពុជា នឹងប្រព្រឹត្តទៅតាមផែនប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ដោយសារមានការចូលរួមពីគ្រប់ភាគីគណបក្សនយោបាយ ក្នុងការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។
លោក ជុំ សន្ទរី បានស្រង់សម្ដីលោក ប្រាក់ សុខុន ដែលបាននិយាយជាមួយប្រតិភូចិន មកប្រាប់អ្នកកាសែតយ៉ាងដូច្នេះថា៖«ការខិតខំរបស់រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធក្នុងការរៀបចំការបោះឆ្នោតខាងមុខ ដែលប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងរលូន ដោយមានការចូលរួមតាមការប៉ាន់ស្មាន មិនតិចជាង១០គណបក្សនយោបាយទេ ។ ហើយគណបក្សនយោបាយដែលចូលរួមការបោះឆ្នោតនោះ ភាគច្រើនជាគណបក្សនយោបាយមួយចំនួន ដែលមាននិន្នាការប្រឆាំងជាមួយនឹងរដ្ឋាភិបាលផងដែរ»។
ក្រៅពីរដ្ឋាភិបាលចិននេះ ក៏មានជប៉ុន ដែលប្រកាសគាំទ្រដល់ដំណើការបោះឆ្នោតនៅកម្ពុជាដែរ។ ជំហរគាំទ្ររបស់ជប៉ុន បានបង្ហាញនៅក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ កាលពីពេលថ្មីៗនេះ។
ទាំងរដ្ឋាភិបាលចិន និងជប៉ុន សុទ្ធតែធានារ៉ាប់រងដល់ដំណើរការបោះឆ្នោតនៅកម្ពុជា។ ចិនផ្ដល់ថវិកា២០លានដុល្លារ ខណៈជប៉ុនផ្ដល់ជំនួយ៧,២លានដុល្លារសម្រាប់ទ្រទ្រង់ដំណើរការបោះឆ្នោតនេះ ។ ការធានារ៉ាប់រងរបស់ចិន និងជប៉ុន ធ្វើឡើងបន្ទាប់ពីមានបដិមតិពីសហភាពអឺរ៉ុប និងអាមេរិក ដែលសម្រេចផ្អាកជំនួយបោះឆ្នោត ដោយភ្ជាប់លើបញ្ហានយោបាយកម្ពុជាកន្លងមក។
គិតត្រឹមថ្ងៃទី៤ ឧសភានេះ មានគណបក្សចំនួន៦ហើយ ដែលបានចុះឈ្មោះគណបក្ស និងបេក្ខជន ចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ កក្កដាខាងមុខ។
បើទោះជាលទ្ធផលការបោះឆ្នោតមិនទាន់មកដល់ក្តី តែលទ្ធភាពឈ្នះឆ្នោតនោះ គឺមានតែគណបក្សប្រជាជនកម្ពុជាទេ។ នេះជាការយល់ឃើញរបស់អ្នកវិភាគនយោបាយ ដែលបានបន្ថែមថា គណបក្សកាន់អំណាច និងលេងនយោបាយយកឈ្នះការបោះឆ្នោតនេះ។ សម្រាប់លោក ហង្ស វិទូ ការយកឈ្នះនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលលេងយ៉ាងមានប្រសិទ្ធភាពនោះ គឺការបិទផ្លូវមិនឲ្យអតីតគណបក្សសង្គ្រោះជាតិរស់ឡើងវិញ និងគ្មានផ្លូវចូលរួមការបោះឆ្នោត បើទោះជាត្រូវប្រឈមមុខនឹងការរិះគន់ពីសំណាក់សហគមអន្តរជាតិក្តី។
វិធីមួយទៀត ដែលលោក ហង្ស វិទូ មើលឃើញគណបក្សប្រជាជននៅតែឈ្នោះឆ្នោតនោះ ត្រង់ថា បើសិនជាអតីតគណបក្សសង្គ្រោះជាតិ និងមេដឹកនាំ មានផ្លូវចូលរួមប្រកួតប្រជែងនយោបាយ វាក៏ស្ថិតនៅក្នុងរូបភាពចរចាសម្បទាននយោបាយអ្វីមួយ ដែលគណបក្សប្រជាជនកម្ពុជា មានប្រៀបជាងគណបក្សប្រឆាំងនេះដែរ។ សម្រាប់លោក វិទូ គណបក្សប្រជាជនកម្ពុជា នឹងលេងសន្លឹកបៀធំនៅក្នុងដៃស្រាប់នេះ ដើម្បីការឈ្នះឆ្នោតដឹកនាំប្រទេសអាណត្តិក្រោយនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com