ជាតិ
សេដ្ឋកិច្ច
CDC ចេញច្បាប់ឲ្យក្រុមហ៊ុន៤ ដែលមានទុនវិនិយោគសរុប១៦លានដុល្លារ បើករោងចក្រនៅកម្ពុជា លោក សុខ ចិន្តាសោភា ប្រធានCDC
× ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន៤ ដែលមានតម្លៃទុនវិនិយោគសរុបជិត១៦លានដុល្លារ ដើម្បីដំណើរការសាងសង់រោងចក្រ និងបង្កើតការងារជាង១,៦០០កន្លែង។
ទីតាំងរោងចក្ររបស់ក្រុមទាំង៤នេះ គឺនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត, អូរនាង ខេត្តបន្ទាយមានជ័យ។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បើតាម CDC ក្រុមហ៊ុនទាំង៤រួមមាន៖ ១. ក្រុមហ៊ុន MASSFLAME ENERGY (CAMBODIA) CO., LTD គ្រោងបង្កើតរោងចក្រផលិតជីវម៉ាសឥន្ធនៈ មានទុនវិនិយោគ១លានដុល្លារ អាចបង្កើតការងារបានជាង១០០កន្លែង។ ២. ក្រុមហ៊ុន HAITIAN BEVERAGE (CAMBODIA) CO., LTD បង្កើតចក្រផលិតទឹកបរិសុទ្ធ មានទុនវិនិយោគចំនួន ៥,១លានដុល្លារ និងអាចបង្កើតការងារបានជាង ៦០០កន្លែង។ ៣. ក្រុមហ៊ុន SVF FIT (CAMBODIA) CO., LTD បង្កើតរោងចក្រផលិតប្រដាប់ដាក់បំពង់ទឹក ទុនវិនិយោគចំនួន ៧លានដុល្លារ និងអាចបង្កើតការងារបានជាង១០០ន្លែង។ ៤. ក្រុមហ៊ុន HIRO-TECH PRODUCT (CAMBODIA) CO., LTD បង្កើតរោងចក្រផលិតប្រអប់ប្លាស្ទិកគ្រប់ប្រភេទ និងបង្គុំសម្ភារ បរិក្ខារអេឡិចត្រូនិក មានទុនវិនិយោគប្រមាណ ៣, ៤៣លានដុល្លារ និងបង្កើតការងារបានជាង៧៧០កន្លែង។
សូមបញ្ជាក់ថា ក្រុមហ៊ុនMASSFLAME ENERGY (CAMBODIA) CO., LTD, ក្រុមហ៊ុន HAITIAN BEVERAGE (CAMBODIA) CO., LTD និងក្រុមហ៊ុន SVF FIT (CAMBODIA) CO., LTD មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ ចំណែកក្រុមហ៊ុន HIRO-TECH PRODUCT (CAMBODIA) CO., LTD មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត, អូរនាង ខេត្តបន្ទាយមានជ័យ៕
© រក្សាសិទ្ធិដោយ thmeythmey.com