ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន នឹង​ពិនិត្យឡើងវិញ ចំពោះ​ការដំឡើង​ឋានន្តរស័ក្តិ​ដល់​មន្ត្រី នៅតាម​ស្ថាប័នរដ្ឋ​
06, May 2018 , 10:04 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ រដ្ឋាភិបាល នឹង​ពិនិត្យមើល​ឡើងវិញ ចំពោះ​ឋានន្តរស័ក្តិ និង​តួនាទី​របស់​មន្ត្រីរាជកា​រ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ ដែល​ត្រូវបាន​ដំឡើង​នៅតាម​ក្រសួង និង​ស្ថាប័នរដ្ឋ​ទាំងអស់​។

 
​ជា​លើកទីមួយ​ហើយ ដែល​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ពិនិត្យ​ឋានៈ និង​តួនាទី របស់​មន្ត្រីរាជការ​នៅតាម​ស្ថាប័នរដ្ឋ​ឡើងវិញ​។ គោលជំហរ​របស់​សម្ដេច ហ៊ុន សែន នៅពេលនេះ ហាក់​កំពុង​បង្ហាញ​ពី​បំណង​ចង់​លុបបំបាត់​ការដំឡើង​តំណែង​ធំៗ ដល់​បក្សពួកនិយម សែស្រឡាយ​សាច់ញាតិ ដែល​បម្រើ​ការងារ​នៅ​គ្រប់​ស្ថាប័នរដ្ឋ​។​
 
​តាមរយៈ​សំណេរ​ប្រមាណ​ជា​៧​បន្ទាត់ នៅលើ​ហ្វេ​ស​ប៊ុ​ក ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់​ដូច្នេះ​ថា​៖«​ថ្ងៃនេះ ខ្ញុំ​សូម​ប្រកាសថា ខ្ញុំ​នឹង​ពិនិត្យឡើងវិញ​នូវ​ការដំឡើង ឋានន្តរ​ស័​ក្កិ និង​ថ្នាក់​នៅក្នុង​ក្រសួង​មន្ទីរ ស្ថាប័ន​ទាំងអស់​កន្លងមក​ថា​តើ​បាន​ដំឡើង​ឲ្យ​មន្ត្រី និង​កងកម្លាំង​ក្នុង​ក្រសួង​របស់ខ្លួន​បាន​ត្រឹមត្រូវ​ទៅតាម​ការកំណត់​ក្នុង​ច្បាប់​ហើយ​ឬ​នៅ​»​។​
 
​បន្ថែម​ពីនេះ​សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​នៅតាម​ក្រសួង​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​លើ​រឿងនេះ ពោលគឺ​ត្រូវ​ដំឡើង​ឋានន្តរស័ក្តិ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ច្បាប់ និង​កុំ​ធ្វើ​តាមតែ​បទបញ្ជា ហើយ​កុំ​គិតតែ​ដំឡើង​ឋានន្តរ​ស័​ក្កិ និង​តួនាទី​របស់ខ្លួន ឬ​បក្ស​ពួកខ្លួន ដោយ​មិនបាន​គិតគូរ​ដល់​មន្ត្រី​នៅក្រោម​ឱវាទ​។ 
 
«​តាមច្បាប់​នៅក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ​ស៊ីវិល គឺ​ក្រោយ​រយៈពេល​០២​ឆ្នាំ​ត្រូវ​ស្នើសុំ​ដំឡើង​ឋា​ន្ត​រ​ស័​ក្កិ​ចំនួន​០១​ដង​។ ដូច្នេះ​តើ​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​បានធ្វើ​ត្រឹមត្រូវ​តាម​ការកំណត់​ក្នុង​ច្បាប់​ហើយ​ឬ​នៅ​?»​។ នេះ​ជាការ​ប​លើកឡើង​របស់​នាយករ​ដ្ឋ​មន្ត្រី​៕
 

Tag:
 ហ៊ុន សែន​
  មន្ត្រីរាជការ
© រក្សាសិទ្ធិដោយ thmeythmey.com