ជាតិ
សេដ្ឋកិច្ច
កម្ចីពីចិនជាង ២០០លានដុល្លារ សម្រាប់ពង្រីកផ្លូវជាតិលេខ៣ប្រវែង១៣៥គីឡូម៉ែត្រ
× ភ្នំពេញ៖ កំណាត់ផ្លូវជាតិលេខ៣ ប្រវែង១៣៤,៨ គីឡូម៉ែត្រភ្នំពេញ-ក្រុងកំពត ត្រូវបានបើកការដ្ឋានពង្រីក និងលើកកម្ពស់ផ្លូវ នៅថ្ងៃទី៧ខែឧសភានេះ។
គម្រោងនេះត្រូវចែកចេញជាពីរកំណាត់។ កំណាត់ទី១ ភ្នំពេញ (ចោមចៅ)-បែកគូស មានប្រវែង ៧០គីឡូម៉ែត្រ ត្រូវពង្រីកទទឹងផ្លូវដល់ប្រវែង ២៤,៥ម៉ែត្រ ជា៤គន្លង ដោយក្រាលបេតុងកៅស៊ូ AC ។ កំណាត់ទី២ បែកគូស-ក្រុងកំពត មានប្រវែង ៦៥គីឡូម៉ែត្រ ត្រូវពង្រីកទទឹងផ្លូវដល់ ១២ម៉ែត្រ ជា២គន្លង ដោយក្រាលបេតុងកៅស៊ូ AC ។
គម្រោងនេះចំណាយថវិកាសរុបប្រមាណ ២១៩,៩លានដុល្លារអាមេរិក ជាកម្ចីសម្បទានពីប្រទេសចិន រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ បោសម្អាតមីន ពន្ធអាករ និងសួយសារ។ នេះបើតាមការថ្លែងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ហើយផ្លូវនេះគ្រោងចំណាយរយៈពេលសាងសង់រហូតដល់ ៤ឆ្នាំ ដោយក្រុមហ៊ុនចិន China Road and Bridge Corporation ។
លោក ស៊ុន ចាន់ថុល មានប្រសាសន៍បន្ថែមថា ផ្លូវជាតិលេខ៣ គឺជាខ្សែផ្លូវប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្ដានុពល សម្រាប់ការតភ្ជាប់ពីភ្នំពេញ ទៅខេត្តកំពត ដោយឆ្លងកាត់ខេត្តកណ្ដាល កំពង់ស្ពឺ និងខេត្តតាកែវ ព្រមទាំងជាផ្លូវតភ្ជាប់ទៅខេត្តព្រះសីហនុ តាមរយៈផ្លូវជាតិលេខ៤ ៕
© រក្សាសិទ្ធិដោយ thmeythmey.com