ជាតិ
នយោបាយជាតិ
គ.ជ.ប ទទួលស្គាល់គណបក្ស៣ជាផ្លូវការ សម្រាប់ការឈរឈ្មោះបោះឆ្នោត
× ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៧ ឧសភា មានគណបក្សនយោបាយចំនួន៣ ហើយ ដែលត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ទទួលស្គាល់ជាផ្លូវការ សម្រាប់ការចូលរួមប្រកួតប្រជែងឈរឈ្មោះបោះឆ្នោត អាណត្តិទី៦ ខាងមុខនេះ។
គណបក្សចំនួន៣ នេះ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា។ ការទទួលស្គាល់នេះ ធ្វើបន្ទាប់ពីគណបក្សទាំង៣ បានបំពេញបែបបទត្រឹមត្រូវតាមលក្ខខណ្ឌរបស់ គ.ជ.ប ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ដែលបានបន្ថែមថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា ឈរឈ្មោះទាំង២៥រាជធានី-ខេត្ត រីឯគណបក្សយុវជនកម្ពុជា ដាក់បេក្ខជនឈរឈ្មោះតែ១៧រាជធានី-ខេត្តប៉ុណ្ណោះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ក្រៅពីគណបក្សទាំង៣នេះ ក៏មានគណបក្សចំនួន៧ទៀត បានបំពេញបែបបទតម្កល់ប្រាក់នៅរតនាគារជាតិផងដែរ ខណៈដែលគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ បានដាក់ប្រាក់តម្កល់នៅរតនាគារជាតិរួចហើយ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតប្រជែងសន្លឹកឆ្នោត។
បើតាមគ.ជ.ប គណបក្សនយោបាយចំនួន៨ទៀត បានមកសុំពាក្យ និងកំពុងដំណើរការបំពេញបែបបទសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈ្មោះបោះឆ្នោត។ មកដល់ពេលនេះ គ.ជ.ប កំពុងបំពេញបែបបទជាមួយគណបក្សចំនួន២១ ដែលមានបំណងចង់ឈរឈ្មោះបោះឆ្នោត។
ទាក់ទងដំណើរការបោះឆ្នោតនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជួយសម្រួលដល់កិច្ចការបោះឆ្នោតដល់គណបក្សនយោបាយ ដែលចង់ប្រកួតប្រជែងសន្លឹកឆ្នោត នៅអាណត្តិទី៦ ខាងមុខនេះ។ បើតាមប្រមុខរដ្ឋាភិបាល ការបោះឆ្នោតដោយមានការចូលរួមពីគណបក្សនយោបាយច្រើននេះ បង្ហាញថា ការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ ដែលផ្ទុយពីការរិះគន់ពីសំណាក់អន្តរជាតិ។
តែយ៉ាងណាសហគមអន្តរជាតិ និងអ្នកតាមដានស្ថានការណ៍នៅកម្ពុជា នៅតែចង់ឲ្យការបោះឆ្នោតខាងមុខ ប្រព្រឹត្តទៅដោយមានអតីតគណបក្សសង្គ្រោះជាតិ ដែលធ្លាប់ជាគណបក្សដ៏ធំជាងគេ ចូលរួមប្រកួតប្រជែងនេះ ដើម្បីបង្ហាញពីប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។ ពួកគេទាំងនោះ យល់ថា មានតែអតីតគណបក្សសង្គ្រោះជាតិទេ ដែលអាចមានលទ្ធភាពគ្រប់គ្រាន់ប្រកួតជាមួយគណបក្សកាន់អំណាច។
គួរបញ្ជាក់ថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈ្មោះបោះឆ្នោត ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំទទួលពាក្យនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ មេសា ដល់១៤ឧសភា។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររដ្ឋសភា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ កក្កដា៕
© រក្សាសិទ្ធិដោយ thmeythmey.com