ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស​ខ្មែរ​រួបរួម​ជាតិ ចុះបញ្ជី​នៅ​គ​.​ជ​.​ប ដោយ​ដាក់​លោក ញឹក ប៊ុនឆៃ ជា​បេក្ខជន​ឈរឈ្មោះ​នៅ​បន្ទាយមានជ័យ​
08, May 2018 , 5:01 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ចុះបញ្ជី​បក្ស​ឈរឈ្មោះ​បោះឆ្នោត និង​ដាក់​បេក្ខជនឈរ​ឈ្មោះ​បោះឆ្នោត​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត​រួចហើយ​។ អតីត​ប្រធាន​បក្ស​លោក ញឹក ប៊ុនឆៃ ដែល​ទើប​ចេញពី​ពន្ធនាគារ ក៏​ឈរឈ្មោះ​បេក្ខជន​នៅ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​។​



​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​លោក សឹង្ហ គី​រី បាន​និយាយថា គណបក្ស​លោក បាន​បំពេញបែបបទ​ដាក់ពាក្យ​ប្រកួតប្រជែង​ចូលរួម​ឈរឈ្មោះ​បោះឆ្នោត ទៅ​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត​ហើយ ដោយមាន​បេក្ខជន​ឈ្មោះ​បោះឆ្នោត​ទាំង​២៥​រាជធានី​-​ខេត្ត​។ បើតាម​លោក សឹង្ហ គី​រី ក្នុងចំណោម​បេក្ខជន​ទាំងនោះ ក៏មាន​វត្តមាន​លោក ញឹក ប៊ុនឆៃ អតីត​ប្រធាន​គណបក្ស ឈរឈ្មោះ​នៅ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​ផងដែរ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សឹង្ហ គី​រី បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​បានដាក់​ពាក្យ​ទៅហើយ ដោយ​រង់ចាំ គ​.​ជ​.​ប ពិនិត្យមើល និង​ឆ្លើយតប​មកវិញ​ប៉ុណ្ណោះ​…​។ យើង​ក៏បាន​ដាក់​លោក ញឹក ប៊ុនឆៃ ជា​បេក្ខជន​មណ្ឌល​បន្ទាយមានជ័យ​ហើយ ហើយ​ដំណើរការ​វា​ទៅជា​យ៉ាងម៉េច​វា​ស៊ីសង​លើ គ​.​ជ​.​ប ។ ហើយ​បក្ស​ក៏​សម្រេច​ឲ្យ​គាត់​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ផងដែរ​»​។​

​ក្រៅពី​ដាក់​ជា​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ហើយ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ក៏​គ្រោង​រៀបចំ​សមាជ​ឲ្យ​លោក ញឹក ប៊ុនឆៃ ដែល​ទើប​ចេញពី​ពន្ធនាគារ ធ្វើជា​ប្រធាន​គណបក្ស​វិញ ដើម្បី​ដឹកនាំ​បក្ស​ចូលរួម​ការបោះឆ្នោត​ខាងមុខ​។ នេះ​បើតាម​លោក សឹង្ហ គី​រី ដែល​បាន​បន្ថែមថា ការធ្វើ​សមាជ​នេះ មិនទាន់​កំណត់​ពេលវេលា​ច្បាស់លាស់​នៅឡើយ​ទេ ដោយ​រង់ចាំ​មើល​លោក ញឹក ប៊ុនឆៃ មាន​សុខ​ភាពល្អ ជាសះស្បើយ​ពី​ជំងឺ​សិន​។​

អត្ថបទទាក់ទង


​លោក ញឹក ប៊ុនឆៃ អតីត​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន កាលពី​ថ្ងៃទី​៣០ មេសា កន្លងមក បន្ទាប់ពី​លោក ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣ សីហា ឆ្នាំ​២០១៧​។ លោក ញឹក ប៊ុនឆៃ ដែល​កំពុង​រស់នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន បាន​រង​ការចោទប្រកាន់​ពី​តុលាការ​ចំនួន​ពីរ​ករណី ពីបទ​សមគំនិត​ក្នុង​បទ​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន ដែល​បាន​ប្រព្រឹត្ត​បទល្មើស​កាលពី​ឆ្នាំ​២០០៧៕



Tag:
 ញឹក ប៊ុនឆៃ​
  សិង្ហ គី​រី​
  បក្ស​ខ្មែរ​រួបរួម​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com