អន្តរជាតិ
រដ្ឋាភិបាល​ឡាវ សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ដ​ល់​ជាង​១៣០ ដុល្លារ​
10, May 2018 , 8:39 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍ បានសម្រេច​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​ចំនួន ១.១ លាន​គីប (​ប្រមាណ​១៣២​ដុល្លារ​) ដើម្បី​ឆ្លើយតប​នឹង​ការ​ឡើងថ្លៃ​នៃ​ទំនិញ និង​កំណើនសេដ្ឋកិច្ច​ផង​នោះ ។ ការដំឡើង​នេះ មានន័យថា ប្រាក់​ឈ្នួល​របស់​កម្មករ​ឡាវ បាន​កើនឡើង ១១ ភាគរយ នៃ​ប្រាក់​ឈ្នួល​គោល​ពីមុន ដែល​បានត្រឹមតែ ៩០ ម៉ឺន​គីប ក្នុង​មួយខែ ។



​ចាប់ពី​ថ្ងៃទី ០១ ឧសភា ឆ្នាំ​២០១៨ តទៅ កម្មករ​ឡាវ នឹង​ទទួលបាន​ផលប្រយោជន៍​ថ្មី ដោយ​ពួកគេ នឹងមាន​ប្រាក់​ឈ្នួល​អប្បបរមា ១.១ លាន គីប ។ នេះ​បើ​យោងតាម​ចុះផ្សាយ​របស់​សារព័ត៌មាន​ឡាវ Lao News Agency ដែល​បាន​ដកស្រង់​ពី​ប្រកា​សលេខ ៥៦០ ចុះ​ថ្ងៃទី ២០ ខែមេសា ឆ្នាំ​២០១៨ របស់​នាយករដ្ឋមន្ត្រី​ឡាវ លោក ថុង លួ​ន ស៊ី​សូលី​ត ។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ រដ្ឋមន្ត្រី នៃ​ក្រសួង​ការងារ និង​សុខមាលភាព​សង្គម​ឡាវ លោក Sompheng Xaysompheng បាន​អះអាងថា ការ​កើន​នៃ​ប្រាក់​ឈ្នូ​ល​របស់​កម្មករ ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការឡើង​ថ្លៃ​នៃ​ទំនិញ ហើយ វា ក៏​ជាការ​ឆ្លុះបញ្ចាំង​មួយ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស និង​ការកើនឡើង​នៃ​ប្រាក់​ឈ្នួល​គោល​របស់​ប្រទេស​ក្នុង​តំបន់​ដូចគ្នា​ផងដែរ ។

​ជាមួយគ្នានេះ​ផងដែរ លោក​រដ្ឋមន្ត្រី ក៏បាន​ប្រកាស និង​ព្រមាន​ចំពោះ​រាល់​ក្រុមហ៊ុន ឬ​រោងចក្រ ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេស​ឲ្យ​អនុវត្តតាម​គោលការណ៍​របស់​រដ្ឋាភិបាល​ថ្មី​នេះ បើ​មិន​ដូច្នេះ​ទេ រដ្ឋាភិបាល​នឹង​ចាត់វិធានការ​ផ្លូវការ​ហើយ​។ តាម​ការបញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី រដ្ឋាភិបាល​ឡាវ តែងតែ​យកចិត្តទុកដាក់​បំផុត​សម្រាប់​កម្មករ ជាពិសេស​លើ​បញ្ហា​នៃ​ការដំឡើង​ប្រាក់​ឈ្នូ​ល​អប្បបរមា​តែម្តង ។

​គិត​ចាប់ពី​ឆ្នាំ ១៩៩១​មក ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​ឡាវ មានការ​ផ្លាស់ប្តូរ​ច្រើន​ជា​បន្តបន្ទាប់ ។ នៅ​ឆ្នាំ ១៩៩១ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​ឡាវ មាន​ត្រឹមតែ ២ ៦០០ គីប (០.៣១ ដុល្លារ ) ប៉ុណ្ណោះ ។ ទោះបី​ជាមាន​កំណើន​ប្រាក់​អប្បបរមា​បែបនេះ​ក្តី បើ​គិត​ក្នុងប្រទេស​ក្របខណ្ឌ​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​នៃ​ប្រទេស​អាស៊ាន ឡាវ នាំមុខ​តែ​មី​យ៉ាន់​ម៉ា​ប៉ុណ្ណោះ ៕


Tag:
 ឡាវ
  ប្រាក់​ឈ្នូ​ល
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com