កីឡាជាតិ
ជាតិ
លោក ព្រាប សុវត្ថិ​, ឱក សុគន្ធ​កញ្ញា នឹង​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២
10, May 2018 , 8:59 am        
រូបភាព
លោក ព្រាប សុវត្ថិ ចូលរួមពិធិបើកព្រឹត្តិការណ៍កីឡាជាតិលើកទី១ កាលពីឆ្នាំ២០១៦
លោក ព្រាប សុវត្ថិ ចូលរួមពិធិបើកព្រឹត្តិការណ៍កីឡាជាតិលើកទី១ កាលពីឆ្នាំ២០១៦
ដោយ:
​កំពូល​តារាចម្រៀង​ជួរ​មុខ​កម្ពុជា​រួមមាន​លោក ព្រាប សុវត្ថិ  និង​កញ្ញា ឱក សុគន្ធ​កញ្ញា នឹង​បង្ហាញខ្លួន​អង្រួន​ឆាក​តន្ត្រី​ក្នុង​ថ្ងៃ​បើក​និង​បិទ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​នៅ​ឆ្នាំនេះ​។ នេះ​មិនមែនជា​លើក​ទី​១​ឡើយ​សម្រាប់​អ្នក​ទាំងពីរ ពោលគឺ​ពួកគេ​ធ្លាប់​ចូលរួម​ព្រឹត្តិការណ៍​នេះ​ម្តងមកហើយ​កាលពី​ឆ្នាំ​២០១៦​។​



​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់ថា មកទល់ពេលនេះ​កំពូល​តារាចម្រៀង​ជួរមុខ​កម្ពុជា​រួមមាន​លោក ព្រាប សុវត្ថិ និង​កញ្ញា ឱក សុគន្ធ​កញ្ញា សុទ្ធតែ​បាន​ស្ម័គ្រ​ខ្លួន​ចូលរួម​តប​តាម​ការអញ្ជើញ​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា  ដើម្បី​ចូលរួម​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​នា​ថ្ងៃទី​២៥ ឧសភា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​កំពូល​តារាចម្រៀង​ទាំងពីរ​បានបង្ហាញ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​មួយ​នេះ ពោលគឺ​ពួកគេ​ធ្លាប់​ចូលរួម​ម្តង​រួចមកហើយ​កាលពី​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១​ក្នុង​ឆ្នាំ​២០១៦​។


កញ្ញា ឱក សុគន្ធកញ្ញា ច្រៀងក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី១កាលពីឆ្នាំ២០១៦

​ក្រៅពី​កំពូល​តារា​ទាំងពីរ​ខាងលើ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​ទទួលបន្ទុក​ផ្នែក​រៀបចំ​ពិ​ធិ​បើក​និង​បិទ​ព្រឹត្តិការណ៍​កីឡា​ជាតិ ក៏​គ្រោង​អញ្ជើញ​កំពូល​តារាចម្រៀង ខេមរៈ សិរីមន្ត​, កញ្ញា មាស សុខ​សោភា និង​កញ្ញា សុខ ពិសី ឲ្យ​ចូលរួម​ក្នុងថ្ងៃនេះ​ផងដែរ​។ បើ​យោងតាម​លោក វ៉ា​ត់ ចំរើន ក្រៅពី​តារាចម្រៀង​នៅ​កម្ពុជា តារាចម្រៀង​បរទេស​អាច​នឹងមាន​វ​ត្ត​មាន​ដែរ​។

​ក្រៅពី​ការប្រគំ​តន្ត្រី ក៏មាន​ការបាញ់​ភ្លើង​ឡាស៊ែរ​ជា​រូបភាព និង​ការដុត​កាំជ្រួច​ជា​ទម្រង់​ជា​រូបភាព និង​អក្សរ​ដ៏​អស្ចារ្យ​ក្នុង​ថ្ងៃ​បើក​ព្រឹត្តិការណ៍​កីឡា​ជាតិ​នេះ​ផងដែរ​។ លើសពីនេះ មានការ​សម្តែង​ក្បាច់គុន​របស់​ក្រុម​កីឡាករ​កីឡាការិនី និង​ការសម្តែង​សិល្បៈ​ពី​សំណាក់​ក្រុម​សិល្បករ​មកពី​សាលា​សិល្បៈ និង​ក្រសួង​វិចិត្រសិល្បៈ​ទៀតផង​។​



​ពិធី​បើក​និង​បិទ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​ឆ្នាំនេះ ត្រូវបាន​រៀបចំឡើង​ក្រោម​វត្តមាន​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច ប៊ុ​រ៉ានី ហ៊ុនសែន​។ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​គ្រោង​ចំណាយ​ថវិកា​ពី​៥០​ទៅ​៦០​ម៉ឺន​ដុល្លារ ដើម្បី​រៀបចំ​ពិធី​បើក​និង​បិទ​កីឡា​ជាតិ​នៅ​ឆ្នាំនេះ​។ ការប្រកួត​កីឡា​ជាតិ​ឆ្នាំនេះ ​នឹង​ប្រព្រឹត្តទៅ​ចាប់​ថ្ងៃទី​២៥ ឧសភា ដល់​ថ្ងៃទី​៦ មិថុនា ឆ្នាំ​២០១៨៕  

Tag:
 កីឡា​ជាតិ​លើក​ទី​២
  ព្រាប សុវត្ថិ​
  ឱក សុគន្ធ​កញ្ញា​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com