អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ថ្នាំជក់​ក្នុងស្រុក​មួយចំនួន នៅតែ​បន្ដ​រំលោភច្បាប់​គ្រប់គ្រង​ថ្នាំជក់​
10, May 2018 , 10:13 am        
រូបភាព
​ទោះបីជា​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ថ្នាំជក់​ត្រូវបាន​អនុម័ត និង​ដាក់​ឲ្យ​អនុវត្ត​យ៉ាងណាក្ដី គេ​សង្កេតឃើញ ក្រុមហ៊ុន​ថ្នាំជក់​ក្នុងស្រុក​មួយចំនួន នៅតែ​បំពាន​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ថ្នាំជក់​នេះ ហើយ​បន្ត​ចរាចរ​លក់ ដោយ​ឥត​ញញើត​នៅ​ទូទាំងប្រទេស​។​

​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ថ្នាំជក់​បានចែង​ថា​«​គ្រប់​កញ្ចប់​ផលិតផល​ថ្នាំជក់​ដែល​ចរាចរ និង​ដាក់តាំង​លក់ ត្រូវ​បោះពុម្ព​សារ​ព្រមាន​សុខ​ភាពជា​រូបភាព ក្នុង​ទំហំ ៥០% និង​ជា​អក្សរ​ខ្មែរ ៥% នៃ​ផ្ទៃ​សង​ខាងលើ​កញ្ចប់​បារី និង​សុង​»​។

​ប៉ុន្តែ​ជាក់ស្ដែង នៅតាម​ទីតាំង​លក់រាយ​ផលិតផល​បារី​ទូទាំងប្រទេស ត្រូវបាន​គេ​មើលឃើញថា កញ្ចប់​បារី​ដែលមាន និង​គ្មាន​សារ​ព្រមាន​ជា​រូបភាព​ត្រូវបាន​ដាក់តាំង​លក់​ច្របូកច្របល់​គ្នា​ក្នុង​ទូ​តាំង​តែមួយ​។ ដែល​បញ្ហា​នេះ នាំ​ឲ្យ​អ្នក​ជក់ ជ្រើស​យកតែ​ផលិតផល​បារី ដែល​គ្មាន​សារ​ព្រមាន​ជា​រូបភាព ហើយ​មើលទៅ​មិនសូវ​អាក្រក់​ហួសហេតុ តែ​ជា​បារី​មិន​ស្របច្បាប់ និង​បង្កើតបាន​នូវ​បរិយាកាស​ប្រកួត​ប្រ​ជែក​មិន​ស្មើភាព​គ្នា ព្រមទាំង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្មារតី​ច្បាប់ និង​ប៉ះពាល់​ក្រុមហ៊ុន​អនុលោមភាព​ផ្សេងទៀត​។



​គួរ​រំ​ឮ​កថា កាល​ពេល​កន្លងទៅ អាជ្ញាធរ បាន​ចុះបង្ក្រាប​ដល់ទី​តាំង​ផលិត និង​បាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ក្រុមហ៊ុន​ដែល​រំលោភបំពាន​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ថ្នាំជក់​។ អាជ្ញាធរ ក៏បាន​ព្រមាន​ពី​ចាត់វិធានការ​តឹងរឹង ដែល​អាច​ឈានទៅ​ផ្អាក​អាជីវកម្ម និង​ដាក់ពិន័យ​ធ្ងន់ធ្ងរ​ផងដែរ ករណី​ក្រុមហ៊ុន​ទាំងនោះ នៅ​ហ៊ាន​បំពាន​ច្បាប់​ទៀត​។​

​ចំណាត់ការ​នេះ បានទទួល​ការ​សាទរ​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ នៅ​រង់​ចាំមើល​ចំណាត់​ដ៏​មាន​ប្រសិទ្ធភាព​ដូច្នេះ​របស់​អាជ្ញាធរ ក៏ដូចជា​ក្រសួងសុខាភិបាល ព្រមទាំង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ទៅលើ​ក្រុមហ៊ុន​ល្មើសច្បាប់​ជា​បន្តទៀត ដើម្បី​ជាការ​រួច​ចំណែក​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ថ្នាំជក់​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com