កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ មាន់​ខ្នាយ​មាស បាន​កៅអី ខណៈ​ហង្ស​ក្រហម​-​តោ​ខៀវ មិនទាន់​ដាច់ស្រេច​
10, May 2018 , 12:02 pm        
រូបភាព
​ក្រុម Tottenham Hostpur ទទួលបាន​កៅអី​ទៅ​វគ្គ​ជម្រុះ UEFA Champions League បន្ទាប់ពី​យកឈ្នះ Newcastle United ១-០ ក្នុងការ​ប្រកួត​ក្របខណ្ឌ Premier League សប្តាហ៍​ទី​៣៧ នា​ថ្ងៃទី​៩ ខែឧសភា​។ Liverpool ដែល​លើស Chelsea ២​ពិន្ទុ ត្រូវ​ប្រជែង​គ្នា​យក​ចំណាត់ថ្នាក់​លេខ​៤ រៀងៗ​ខ្លួន សម្រាប់​ការប្រកួត​លើកចុងក្រោយ​នៃ​លី​ក​កំពូល​អង់គ្លេស ដើម្បី​បាន​កៅអី​ក្របខណ្ឌ​កំពូល​អឺរ៉ុប​រដូវ​កាល​ក្រោយ​។​



 ខ្សែប្រយុទ្ធ​ឆ្នើម Harry Kane បាន​ស៊ុត​បញ្ចូល​ទី​១​គ្រាប់ ជួយ​រុញ​ក្រុម​មាន់​ខ្នាយ​មាស Spurs ឡើងទៅ​កាន់​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​តារាង Premier League ដើម្បី​កើន​ពិន្ទុ​នាំមុខ Chelsea ដែល​បាន​ត្រឹម​ស្មើ​ជាមួយ Huddersfield Town ១-១ ចំនួន ៤​ពិន្ទុ ខណៈ​ការប្រកួត​នៅសល់​មួយ​លើក​ប៉ុណ្ណោះ​នឹងត្រូវ​បញ្ចប់​។​



 បើ​ទោះ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Mauricio Pochettino បានបញ្ចប់​រដូវ​កាល ២០១៧-២០១៨ ដោយ​មិន​ទទួលបាន​ពាន​អ្វី​សោះ ប៉ុន្តែ​ពួកគេ​អាច​បាន​កៅអី​ក្របខណ្ឌ Champions League សម្រាប់​រដូវ​កាល​ក្រោយ និង​ជា​លើក​ទី​៣​ជាប់​គ្នា​ផងដែរ​។​

​ដោយឡែក ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ Jurgen Klopp និង ក្រុម​របស់លោក Antonio Conte នឹងត្រូវ​ដណ្តើម​គ្នា​យក​ចំណាត់ថ្នាក់​ទី​៤ ឬ Top4 ដើម្បី​បាន​កៅអី​ពាន​កំពូល​អឺរ៉ុប​រដូវ​កាល​ក្រោយ​ដូចគ្នា​។​

Liverpool ស្ថិតនៅ​ចំណាត់​ទី​៤ ក្នុង​តារាង​លី​ក​កំពូល​អង់គ្លេស ក្រោយ​ប្រកួត​៣៧​លើក មាន​៧២​ពិន្ទុ មានប្រៀប​ជាង Chelsea ដែល​ឈរ​លេខ​៥ មាន ៧០​ពិន្ទុ​។ ដូច្នេះ ក្រុម​ទាំងពីរ​នឹងត្រូវ​កាត់សេចក្តី​ក្នុងការ​ប្រកួត​សប្តាហ៍​ទី​៣៨ ដែលជា​សប្តាហ៍​ចុងក្រោយ ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​ទី​៤​។​

​មួយវិញទៀត ប្រសិនបើ​ក្រុម​រហស្សនាម​ហង្ស​ក្រហម បាន​ចំណាត់ថ្នាក់​ទី​៥ តែ​អាច​ឈ្នះ Real Madrid ដើម្បី​លើក​ពាន Champions League រដូវ​កាល​នេះ បានន័យថា​ពួកគេ​អាច​បាន​កៅអី​សម្រាប់​ពាន​កំពូល​អឺរ៉ុប​ដោយ​ស្វ័យប្រវត្តិរ​នៅ​ដូ​វ​កាល ២០១៨-២០១៩​។​

​ចំណែក​ក្រុម​ដែល​ស្ថិតនៅ​បាត​តារាង​មាន​ចំនួន ៣​ក្រុម​ដូចជា Stok City, West Brom និង Swansea City​។ ក្នុងចំណោម​៣​ក្រុម​នេះ Stok City និង West Brom បាន​ធ្លាក់​ចេញពី Premier League ទៅ​កាន់​ក្របខណ្ឌ Championship រដូវ​កាល​ក្រោយ ខណៈ Swansea City ដែល​ឈរ​ចំណាត់​ថ្នាក់​ទី​១៨ ត្រូវ​រង់ចាំ​នៅ​ប្រកួត​ចុងក្រោយ ប៉ុន្តែ​មាន​ភាគរយ​តិចតួច​បំផុត​ព្រោះ​មាន​គម្លាត​គ្រាប់​បាល់​ច្រើន​៕


Tag:
 បាល់ទាត់​
  UEFA Champions League
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com