កីឡាជាតិ
ជាតិ
ប៉ាល់ ជី​វ័​ន្ត ឈ្នះ​មេដាយមាស​ជើងឯក ITF អាស៊ី​នៅ​ម៉ុង​ហ្គោ​លី​
10, May 2018 , 2:16 pm        
រូបភាព
ដោយ:
កីឡាករ ប៉ាល់ ជី​វ័​ន្ត បាន​សាង​ភាពល្បីល្បាញ​នៅលើ​ឆាក​អន្តរជាតិ​សម្រាប់​កម្ពុជា តាមរយៈ​ការ​ឈ្នះ​មេដាយមាស​ពី​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​៩ (The 9th Asian Taekwon-Do ITF Championships) ក្រុង​អ៊ូ​ឡង់​បា​ទ័​រ ប្រទេស​ម៉ុង​ហ្គោ​លី​។ ក្រៅពី​មេដាយមាស​របស់ ជី​វ័​ន្ត កម្ពុជា​ក៏បាន​ឈ្នះ​មេដាយមាស​១ និង​សំរឹទ្ធ​១​ទៀតផង​ដែរ​នៅ​ថ្ងៃទី​១០ ឧសភា​នេះ​។​





​ម្ចាស់​មេដាយប្រាក់​ជើងឯក​ពិភពលោក​កីឡាករ ប៉ាល់ ជី​វ័​ន្ត បានឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​សម្តែង​មេគុន​ពី​ការប្រកួត​ជើងឯក​អាស៊ី​នៅ​ប្រទេស​ម៉ុង​ហ្គោ​លី ក្រោយ​យកឈ្នះ​កីឡាករ​ម្ចាស់​ក្បាច់គុន​កូរ៉េខាងជើង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ព្រឹក​ថ្ងៃទី​១០ ឧសភា​នេះ​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​។

​លោក កែវ រ៉េមី បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​ប៉ាល់ ជី​វ័​ន្ត ម្ចាស់​មេដាយប្រាក់​ពិភពលោក​ក្រោយ​ចាញ់​កូរ៉េខាងជើង ឥឡូវនេះ​បាន​សងសឹក​ឈ្នះ​កូរ៉េខាងជើង​វិញ​ហើយ ដោយ​បានឈ្នះ​មេដាយមាស​១​ពី​ជើងឯក​អាស៊ី​នៅ​ម៉ុង​ហ្គោ​លី​។ ភ្លេងជាតិ​ខ្មែរ​យើង​នឹងត្រូវ​បន្លឺឡើង​ឲ្យ​ពិភពលោក​បានដឹង​»​។

​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើ មុន​ការ​ឈ្នះ​មេដាយមាស​របស់​កីឡាករ ប៉ាល់ ជី​វ័​ន្ត នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ កីឡាករ​កម្ពុជា​ពីរ​ផ្សេងទៀត​ក៏បាន​ឈ្នះ​មេដាយមាស​១ និង​សំរឹទ្ធ​១​ពី​ព្រឹត្តិការណ៍​នេះ​ផងដែរ​។ គួរ​បញ្ជាក់ថា កីឡាករ​កម្ពុជា​នៅសល់​ការប្រកួត​ជា​បន្តបន្ទាប់​ជាច្រើន​ទៀត​៕  



Tag:
 តេ​ក្វាន់​ដូ ITF
  ប៉ាល់ ជី​វ័​ន្ត​
  កែវ រ៉េមី
© រក្សាសិទ្ធិដោយ thmeythmey.com