អន្តរជាតិ
នាយករដ្ឋមន្ត្រី​ចិន ៖ ទំនាក់ទំនង​ល្អ​រវាង​ចិន និង​ឥណ្ឌូណេស៊ី មាន​ផល​វិជ្ជមាន​ច្រើន​សម្រាប់​ប្រទេស​ក្នុង​តំបន់
10, May 2018 , 7:19 pm        
រូបភាព
ដោយ:
​នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺ​ឈាំ​ង (Li Keqiang) បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ឥណ្ឌូណេស៊ី និង​ថែមទាំង​បាន​ជួបពិភាក្សា​ជាមួយនឹង​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ (Joki Widodo) ផងដែរ​។ តាមរយៈ​ជំនួប​នេះ ភាគី​ទាំងពីរ បាន​ប្តេជ្ញា​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​ជាមួយនឹង​គ្នា ក៏ដូចជា​សាទរ​ពី​សមិទ្ធផល​កន្លងមក ។



​នា​ជំនួប​ផ្លូវការ​នៅ​ក្រុង​បូ​ហ្គូ​រ នៃ​ប្រទេស​ឥណ្ឌូណេស៊ី លោកនាយក​រដ្ឋមន្ត្រី លី នៅ​ថ្ងៃ​៧ ឧសភា បាន​ថ្លែង​ពី​ការប្តេជ្ញាចិត្ត​របស់​ចិន​នៅ​ចំពោះមុខ​លោក​ប្រធានាធិបតី ចូ​កូ​វី ក្នុងការ​រក្សា​ទំនាក់ទំនង​ក្នុង​សហប្រតិបត្តិការ​ភាព​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​សន្យា​បង្កើត​ការអភិវឌ្ឍ​រួមគ្នា​ឲ្យ​កាន់តែ​ល្អប្រសើរ​ទៅមុខ​បន្ថែមទៀត ។

​តាម​ការចុះផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua លោកនាយក​រដ្ឋមន្ត្រី​ចិន​រូបនេះ បាន​ហៅ​ឥណ្ឌូណេស៊ី ថា​ជា​ប្រទេសជិតខាង​ដ៏​សំខាន់ និង​ក៏ដូចជា​គូ​ដៃ​សហប្រតិបត្តិការ​ដ៏​ល្អ​របស់​ចិន ដែលមាន​ផលប្រយោជន៍​រួមគ្នា​ជាច្រើន ។ តាម​ការបញ្ជាក់​របស់​លោក លី តាមរយៈ​ជំនួប​នេះ មេដឹកនាំ​ទាំងពីរ បាន​ផ្តោត​សំខាន់​ពី​ការទុកចិត្ត​ផ្នែក​នយោបាយ និង​សម្រេចបាន​កិច្ច​សហប្រតិបត្តិ​មួយកម្រិត​ទៀត ។

«​ចិន និង​ឥណ្ឌូណេស៊ី គឺជា​ប្រទេស​កំពុង​អភិវឌ្ឍ​ចម្បង និង​ក៏​ជា​ប្រទេស ដែល​សំខាន់​នៅក្នុង​តំបន់ ហើយ​ការចូល​រួមដៃគ្នា​ក្នុងការ​ស្វែងរក​ការអភិវឌ្ឍ​រួម​របស់​ប្រទេស​ទាំងពីរ ពិតជា​ផ្តល់​ផលប្រយោជន៍​យ៉ាងសំខាន់​មិន​ត្រឹមតែ​សម្រាប់​ប្រទេស​ទាំងពីរ និង​ប្រជាជន​ទាំងពីរ​នោះទេ ក៏ប៉ុន្តែ​ក៏​សម្រាប់​តំបន់ និង​ពិភពលោក​ផងដែរ » ។ លោកនាយក​រដ្ឋមន្ត្រី បាន​បន្ថែម​យ៉ាង​ដូច្នេះ ។

​លោក​ប្រធានាធិបតី ចូ​កូ​វី បាន​មើលឃើញ ការណ៍ ដែល​ជ្រើសរើស​ឥណ្ឌូណេស៊ី ជា​ប្រទេស​ទីមួយ នៃ​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​ប្រចាំ​តំបន់ នៃ​គណៈរដ្ឋមន្ត្រី​ថ្មី​របស់លោក លី គឺជា​រឿងលើក​មុខមាត់​មួយ​របស់​ឥណ្ឌូណេស៊ី ក្នុង​ទំនាក់ទំនង​ការបរទេស​ជាមួយនឹង​ចិន ។ លោក​ប្រធានាធិបតី ក៏បាន​លើកឡើង​ស្រដៀង​គ្នា​ពាក់ព័ន្ធ​ការចូលរួមចំណែក​ដ៏​ធំ​របស់​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ​ទៅកាន់​ពិភពលោក​ផងដែរ ។

​គួរ​ជម្រាប​ផងដែរ​ថា ចិន និង ឥណ្ឌូណេស៊ី បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជាមួយនឹង​គ្នា​អស់​រយៈពេល ៥ ឆ្នាំ​មកហើយ ។ ឥណ្ឌូណេស៊ី មិនសូវ​ជាមាន​រឿង​ប្រឈមមុខគ្នា​ខ្លាំង ដូច​បណ្តា​ប្រទេស​អាស៊ាន​មួយចំនួន​ដូចជា វៀតណាម និង ហ្វីលីពីន ជាមួយនឹង​ចិន​ប៉ុន្មាន​នោះទេ ៕


Tag:
 ចិន
  ឥណ្ឌូណេស៊ី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com