អន្តរជាតិ
លោក ត្រាំ ចេញទៅ​ស្វាគមន៍​ជនជាតិ​អាមេរិ​ក​បីនាក់​ដែល​ត្រូវ​កូរ៉េខាងជើង​ដោះលែង ដោយផ្ទាល់​
10, May 2018 , 9:19 pm        
រូបភាព
លោក ដូណាល់ ត្រាំ ស្វាគមន៍ជនជាតិអាមេរិកដែលកូរ៉េខាងជើងដោះលែង (រូបភាព AFP)
លោក ដូណាល់ ត្រាំ ស្វាគមន៍ជនជាតិអាមេរិកដែលកូរ៉េខាងជើងដោះលែង (រូបភាព AFP)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ព្រឹក​ថ្ងៃទី​១០ ខែឧសភា បាន​ទៅ​ស្វាគមន៍​ដោយផ្ទាល់​ជនជាតិ​អាមេរិក​បីនាក់​ដែល​ត្រូវបាន​កូរ៉េខាងជើង​ដោះលែង​។ ការដោះលែង​នេះ​ជា​កាយវិការ​ថ្មី​ទៀត​របស់​កូរ៉េខាងជើង និង​ជាការ​លុបចោល​ឧបសគ្គ​រាំងស្ទះ​នៅមុន​ជំនួប​រវាង​លោក ត្រាំ និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ដែល​ទីតាំង និង​ថ្ងៃ​ជួបគ្នា ត្រូវបាន​កំណត់​រួច​អស់ហើយ​នោះ​។



​ជនជាតិ​អាមេរិក​ទាំងបី​ដែល​ត្រូវបាន​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​លើកលែងទោស​មានឈ្មោះ​ដូចជា Kim Dong-chul, Kim Sang-duk និង Kim Hak-song ។ អ្នក​ទាំងបី​បានធ្វើ​ដំណើរ​ត្រឡប់​ទៅកាន់​អាមេរិក​វិញ ជាមួយ​រដ្ឋមន្ត្រីការបរទេស Mike Pompeo ដែល​បានធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​។ មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​លើកលែងទោស​ឲ្យ​អ្នក​ទាំងបី​នេះ​តាម​សំណើ​របស់លោក ត្រាំ ក្នុងន័យ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ជំនួប​ខាងមុខ​។​

​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ស្ត្រី​ទីមួយ បាន​ទៅកាន់​មូលដ្ឋាន Joint Base Andrews នៅក្បែ​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ដើម្បី​ទទួល​ជនជាតិ​អាមេរិក​ទាំងបី​នាក់​នេះ​។ លោក ត្រាំ និយាយថា វា​ជា​យប់​ដ៏​ពិសេស​សម្រាប់​ជនជាតិ​អាមេរិក​ទាំងបី​នាក់ ហើយ​បាន​សរសើរ​លោក គីម ដែល​បាន​ដោះលែង​ពួកគេ​ទាំងបី​។ ប្រធានាធិបតី​អាមេរិក​ក៏​ស្ទើរ​មិន​ជឿថា រឿងនេះ​អាច​កើតឡើង​បានដែរ​។​

​លោក Kim Hak-song ត្រូវបាន​ចាប់ខ្លួន​នៅ​ខែឧសភា ឆ្នាំ​២០១៧ ក្រោម​បទ​ចោទថា​ប្រព្រឹត្ត​អំពើ​អរិភាព​ប្រឆាំង​រដ្ឋ​។ ឯ​លោក Kim Sang-duk វិញ​ត្រូវ​ចាប់ខ្លួន​នៅ​ខែមេសា ឆ្នាំ​២០១៧ ដែរ ក្រោម​ហេតុផល​ធ្វើ​ចារកម្ម​នៅ​កូរ៉េខាងជើង​។ សារព័ត៌មាន​កូរ៉េខាងត្បូង​ផ្សាយ​ថា ជនជាតិ​អាមេរិក​រូបនេះ​ធ្វើការ​ផ្នែក​មនុស្សធម៌​នៅ​កូរ៉េខាងជើង​។ ចំ​ណែ​លោក Kim Dong-chul ត្រូវ​ចាប់ខ្លួន​នៅ​ឆ្នាំ​២០១៥ ដោយ​រង​ការ​ចោទ​ពីបទ​ស៊ើបការណ៍​សម្ងាត់​។

​យ៉ាងណាមិញ លោក ត្រាំ មិន​ចាត់ទុក​ការវិលត្រឡប់​របស់​ជ​ន​ជាតិ​អាមេរិក​ទាំងបី​នាក់​នេះ ជា​សមិទ្ធផល​ធំធេង​របស់លោក​ឡើយ​។ បើតាម​សារព័ត៌មាន BBC ប្រមុខរដ្ឋ​អាមេរិក​រូបនេះ​បញ្ជាក់ថា នេះ​ជា​កិត្តិយស​អស្ចារ្យ ប៉ុន្តែ​កិត្តិយស​ពិតប្រាកដ គឺ​អាមេរិក​ជោគជ័យ​ក្នុងការ​លុបបំបាត់​នុយ​ក្លេ​អ៊ែរ​ទៅវិញ​ទេ​។ លោក​សង្ឃឹមថា អាចធ្វើ​ដំណើរ​ផ្ទាល់​ទៅកាន់​កូរ៉េខាងជើង​នៅ​ថ្ងៃ​ណាមួយ ហើយ​ថា លោក គីម នឹង​នាំ​កូរ៉េខាងជើង​ចូលរួម​ក្នុង​ពិភពលោក​ជាមួយ​គេឯង​ដែរ​។​

​សម្រាប់​ជំនួប​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​វិញ លោក ត្រាំ បាន​លើកឡើងថា ពេលវេលា និង​ទីកន្លែង​ជំនួប​បានកំណត់​ស្រេចបាច់​ហើយ តែ​មិនអាច​ទាន់​ប្រកាស​ឡើយ​។ ចំពោះ​ទីតាំង​ជំនួប​វិញ លោក ត្រាំ បានសម្រេច​ចិត្ត​មិន​យក​តំបន់​គ្មាន​កងទ័ព (DMZ) ដែល​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ​ឡើយ​។ ការណ៍​នេះ​ធ្វើ​ឲ្យ​រដ្ឋ​អាស៊ាន​សិង្ហ​បុរី​ក្លាយជា​បេក្ខភាព​មាន​ភាគរយ​ខ្ពស់​ក្នុងការ​រៀបចំ​ជំនួប​លោក ត្រាំ និង​លោក គីម ៕

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com