អន្តរជាតិ
មហា​ធៀ ត្រូវសុំ មហាក្សត្រ​លើកលែងទោស​លោក អាន់​វ៉ា និង​ឈានទៅ​ផ្ទេរតំណែង ក្រោយ​បង្កើត​រដ្ឋាភិបាល​ថ្មី​
10, May 2018 , 4:28 pm        
រូបភាព
​ក្រោយ​ឈ្នះឆ្នោត​សភា​នីតិកាល​ទី ១៤ លោក មហា​ធៀ មហាម៉ាត់ មេដឹកនាំ​សម្ព័ន្ធ​បក្សប្រឆាំង Pakatan Harapan ត្រៀម​ស្បថ​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទី ៧ ។ រឿង​សំខាន់​ដែល​លោក​ត្រូវធ្វើ​បន្តទៀត គឺ​សុំ​ឲ្យ​មហាក្សត្រ​ម៉ាឡេស៊ី​លើកលែងទោស​សត្រូវ​ចាស់​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម និង​ផ្ទេរអំណាច​ឲ្យ​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​ម្តង​។ ប៉ុន្តែ​លោក មហា​ធៀ ប្រហែល​នឹង​ដឹកនាំ​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​សិន ហើយ​ខាង​សម្ព័ន្ធ​បក្ស​កាន់អំណាច​បញ្ជាក់ថា ការកាន់កាប់​កៅអី​នាយករដ្ឋមន្ត្រី​នេះ​អាចមាន​រយៈពេល​យ៉ាងយូរបំផុត​ត្រឹម​ពីរ​ឆ្នាំ​។​



​មេ​សម្ព័ន្ធ​បក្សប្រឆាំង​លោក មហា​ធៀ បានប្រកាស​ជាថ្មី​នៅ​ថ្ងៃ ១០ ខែឧសភា ថា រដ្ឋាភិបាល​ថ្មី​របស់លោក​នឹង​ស្នើសុំ​ព្រះមហាក្សត្រ​ឲ្យ​លើកលែងទោស​ដល់​លោក អាន់​វ៉ា ដែល​កំពុង​ជាប់ពន្ធនាគារ​ដោយសារ​សំណុំរឿង​រួមភេទ​ជាមួយ​មនុស្ស​ប្រុស​ដូចគ្នា​នោះ​។

​មុន​បង្កើន​សម្ព័ន្ធភាព​បក្សប្រឆាំង លោក មហា​ធៀ បាន​សន្យា​ហើយ​ថា លោក​នឹង​ផ្ទេរតំណែង​ឲ្យ​លោក អាន់​វ៉ា វិញ​ពេល​ចេញពី​ពន្ធនាគារ​នោះ​។ ប៉ុន្តែ​លោក​ក៏បាន​ពន្យល់​ផង​ថា លោក​ត្រូវការ​ពេលវេលា​ខ្លះ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ន​យោ​បាយ​ម៉ាឡេស៊ី ព្រោះ​លោក​មានបទពិសោធន៍​ស្រាប់​។​

​តាមពិតទៅ លោក អាន់​វ៉ា នឹងត្រូវ​ដោះលែង​នៅ​ថ្ងៃទី ១០ ខែមិថុនា​ខាងមុខ ដោយសារ​លោក​ជាប់ពន្ធ​នាគារ​អស់​រយៈពេល​មួយ​ភាគបី​នៃ​ទោស​សរុប​ហើយ​នោះ​។ នេះ​ជាការ​អះអាង​របស់ នាយកដ្ឋាន​ពន្ធនាគារ​ម៉ាឡេស៊ី កាលពី​ខែមីនា​កន្លងមក​។​

អត្ថបទទាក់ទង


​លោក មហា​ធៀ ធ្លាប់ជា​មេដឹកនាំ​គណបក្សកាន់អំណាច UMNO ប​ន្តែ​លោក​សម្រេច​ដើរចេញ​ពី​បក្ស​នេះ​ដើម្បី​ទៅ​បង្កើត​បក្ស​ថ្មី ក្រោយពេល​លោក​មាន​ជម្លោះ​ជាមួយ​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់​។ បក្ស​ថ្មី​ដែល​លោក​បង្កើតឡើង​នោះ​មានឈ្មោះ ហើយ​លោក​បាន​ទៅ​ចាប់ដៃ​ជាមួយ​សត្រូវ​ចាស់​មេបក្ស​ប្រឆាំង​របស់​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម​។​

​លោក អាន់​វ៉ា ធ្លាប់ជា​អតីត​ឧបនាយករដ្ឋមន្ត្រី​ក្រោម​អាណត្តិ​លោក មហា​ធៀ​។ លោក​ត្រូវបាន​លោក មហា​ធៀ បណ្តេញ​ចេញពី​តំណែង​ឆ្នាំ ១៩៩៨ ហើយ​ក្រោយមក​ត្រូវបាន​គេ​ចាប់ដាក់ពន្ធ​នាគារដោយសារ​បទល្មើសរួមភេទ​ជាមួយ​មនុស្ស​ប្រុស​ដូចគ្នា​ថែមទៀត​។ លោក​ត្រូវបាន​គេ​ចាប់​ដាក់ពន្ធនាគារម្តងទៀត​កាលពី​ឆ្នាំ ២០១៥ ដោយ​លោក​រង​ការចោទប្រកាន់​ជាថ្មី​ពាក់ព័ន្ធ​ការរួម​ភេទ​ជាមួយ​មនុស្ស​ប្រុស​ដូចគ្នាទៀត ពេល​លោក ណា​ជីប ធ្វើជា​នាយករដ្ឋមន្ត្រី​។ លោក អាន់​វ៉ា ហៅ​ការចាប់ខ្លួន​លោក​ថា​ជា​រឿង​នយោបាយ​សុទ្ធសាធ​។ 

១.​លោក អាន់​វ៉ា ត្រូវ​ចាំ​ប្រហែល​ពីរ​ឆ្នាំ ដើម្បី​ទទួល​តំណែង​នាយករដ្ឋមន្ត្រី​ពី​លោក មហា​ធៀ​

​ទាក់ទិន​នឹង​ពេលវេលា​នៃ​ការ​កាន់អំណាច​នេះ បើតាម​សារព័ត៌មាន​អង់គ្លេស The Guardian សម្ព័ន្ធ​បក្សប្រឆាំង Pakatan Harapan បាន​បញ្ជាក់ថា លោក មហា​ធៀ នឹង​នៅក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​រយៈពេល​យូរ​បំផុត​ពី​រឆ្នាំ​។​

 ប៉ុន្តែ​សម្រាប់​លោក មហា​ធៀ ខ្លួនឯង​យល់ថា រយៈពេល​នេះ​អាច​អាស្រ័យ​តាម​ស្ថានភាព​ជាក់ស្តែង​។ លោក មហា​ធៀ បាន​ពន្យល់​កាលពីដើម​ខែឧសភា​កន្ល​ង​ទៅ​ដែរ​ថា ការសុំ​ឲ្យ​មហាក្សត្រ​លើកលែងទោស​មិនមែនជា​រឿង​លំបាក​ទេ ប៉ុន្តែ​ក្នុងនាម​ជា​អតីត​នាយករដ្ឋមន្ត្រី លោក​សុំ​ពេល​ដោះស្រាយ​បញ្ហាសំខាន់ៗ​មួយចំនួន​សិន​មុន​ចុះចេញ​។​

  «​វា​មិន​ចំណាយពេល​យូរ​ទេ​សម្រាប់​ការលើកលែងទោស​លោក អាន់​វ៉ា ប៉ុន្តែ​ខ្ញុំ​ត្រូវការ​ពេល​ដើម្បី​កាន់តំណែង អាច​ពីរ​ឆ្នាំ ឬ​បី​ឆ្នាំ ព្រោះ​វា​មានរឿង​ច្រើន​ដែល​ខ្ញុំ​ត្រូវធ្វើ ហើយ​បទពិសោធន៍​ខ្ញុំ​អាចជួយ​បាន​ច្រើន​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ថ្មី​មាន​វ័យ ៩២​ឆ្នាំនេះ​។​

​តាមពិតទៅ​រឿង​សំខាន់​ដែល​រដ្ឋាភិបាល​ថ្មី​របស់លោក មហា​ធៀ ត្រូវធ្វើ​នោះ​គឺ​កែ​ទ្រង់​ស្ថាប័ន​នយោបាយ ដោះស្រាយ​បញ្ហា​កង្វល់​សង្គម និង ស្តារឡើងវិញ​នូវ​នីតិរដ្ឋ​ដែល​បាត់បង់​អស់​ជាច្រើន​ឆ្នាំ​ក្នុងសង្គម​ម៉ាឡេស៊ី​នេះ​។ លោក មហា​ធៀ សន្យា​ទាមទារ​យកលុយ​រដ្ឋ​ដែល​ត្រូវគេ​លួច​ក្រោម​សំណុំរឿង​ពុករលួយ 1MDB និង​កាត់ទោស​អ្នកពាក់ព័ន្ធ​ផង​រួមទាំង​នាយក​រដ្ឋ​ម​ន្រី្ត ណា​ជីប រ៉ា​ហ្សា​ក់ បើសិនជា​រកឃើញថា មាន​កំហុស​មែន​នោះ​។​

២.​រដ្ឋាភិបាល​ថ្មី​មិន​សងសឹក​អ្នកណា​ទេ តែ​អ្នកធ្វើ​ខុសច្បាប់​ត្រូវ​កាត់ទោស​

​មហា​ធៀ ថ្លែងប្រាប់​ប្រជាជន​ថា រដ្ឋាភិបាល​ថ្មី​របស់លោក​នឹងមិន​ស្វែងរក​ការ​សងសឹក​ចំពោះ​អ្នកណា​មួយ​ទេ ប៉ុន្តែ​លោក​នឹង​ប្រឹង​ស្តារឡើងវិញ​នូវ​គោលការណ៍​នីតិរដ្ឋ​ដែល​ត្រូវ​បំផ្លាញចោល​ដោយ​រដ្ឋាភិបាល​មុន​។ លោក​សំដៅលើ​រដ្ឋាភិបាល​លោក ណា​ជីប ដែល​កាន់អំណាច​ចាប់ពី​ឆ្នាំ ២០០៨ មកនេះ​។

«​យើង​មិន​សងសឹក​អ្នកណា​ទេ ប៉ុន្តែ​អ្វីដែល​យើង​ចង់បាន​គឺ​ ស្តារ​នីតិរដ្ឋ​»​។ នេះ​ជាស​ម្តី​របស់លោក មហា​ធៀ​។

​លោក​បន្តថា វា​ជា​រឿង​ធម្មតា​ដែល​អ្នកណា​ធ្វើ​ខុសច្បាប់ អ្នកនោះ​ត្រូវ​ទទួលទោស​នោះ​។ «​ប្រសិន​យើង​ឃើញថា គាត់​បំពាន​ច្បាប់ និងកេងប្រវ័ញ្ចលុយ ដូច​ភស្តុតាង​បង្ហាញ​មែន​នោះ យើង​នឹង​ធានាថា គាត់​នឹងត្រូវ​ប្រឈមមុខ​ការចោទប្រកាន់​ចំពោះមុខ​ច្បាប់​។ បើសិន គេ​រកឃើញថា ណា​ជីប ធ្វើ​ខុស​មែន​នោះ នីតិវិធី​ចោទប្រកាន់​នឹងត្រូវ​ដំណើរការ​ធម្មតា​»​។  

​បើទោះបីជា​លោក មហា​ធៀ និយាយ​ច្រើន​ពី​បំណង​លោក​ក្នុង​ការស្តារ​នីតិរដ្ឋ​ក្នុងប្រទេស​ក៏ដោយ លោក​ខ្លួនឯង​មិនមាន​ប្រវត្តិ​ល្អ​ប៉ុន្មាន​ដែរ​រឿង​គោរព ឬ​ការពារ​គោលការណ៍​នីតិរដ្ឋ​នេះ​។ ក្នុងពេល​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ពី​ឆ្នាំ ១៩៨១ ដល់​ឆ្នាំ ២០០៣ លោក​បាន​ដកហូត​តំណែងប្រធាន​តុលាការ​កំពូល និងចៅក្រម​ពីររូប​ផ្សេង​ទៀតផង​។ ក្រៅពី​មាន​ឥទ្ធិពល​ខ្លាំង​លើ​ប្រព័ន្ធយុត្តិធម៌ លោក​ក៏​ប្រើប្រាស់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ចាប់ចង ឬ​ដាក់គុក​អ្នកនយោបាយ​ប្រឆាំង ហាម​ចលនា​បាតុកម្ម និង បិទមាត់​អ្នក​រិះគន់​ដោយ​ការប្រើប្រាស់​ច្បាប់​ផងដែរ​៕


Tag:
 មហា​ធៀ មហាម៉ាត់​
  អាន់​វ៉ា អ៊ីប្រាហ៊ីម​
  ណា​ជីប រ៉ា​ហ្សា​ក់
© រក្សាសិទ្ធិដោយ thmeythmey.com