អន្តរជាតិ
ភរិយា​ប្រធានាធិបតី​ប្រេ​ស៊ី​លលោត​ចូលទៅក្នុង​អាងទឹក​ដើម្បី​សង្គ្រោះ​ឆ្កែ​របស់ខ្លួន​
10, May 2018 , 9:59 pm        
រូបភាព
ដោយ: ធីតា
​បណ្តាញ​សង្គម​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល នា​រយៈពេល​ចុងក្រោយ​នេះ បាន​ជជែក​វែកញែក​គ្នា​ទាក់ទង​នឹង​ករណី​ស្ត្រី​ទីមួយ​របស់ខ្លួន បាន​លោត​ចូលទៅក្នុង​អាងទឹក​ដែល​ស្ថិតក្នុង​បរិវេណ​វិមាន​ប្រធានាធិបតី នៅ​ក្រុង Brasilia ដើម្បី​សង្គ្រោះ​សត្វ​ឆ្កែ​របស់ខ្លួន​។ នេះ​បើតាម​ការផ្សាយ​របស់​ប​ណ្តា​ញ​សារព័ត៌មាន​ប្រេ​ស៊ី​ល​។



Marcela Temer អាយុ​៣៤​ឆ្នាំ ជា​ភរិយា​របស់លោក​ប្រធានាធិបតី​ប្រេ​ស៊ី​ល Michel Temer ដែល​បាន​កាន់អំណាច​តាំងពី​ចុងខែ​សីហា ឆ្នាំ​២០១៦​មក​។ ស្ត្រី​ទីមួយ និង​ជា​អតីត​បវរកញ្ញា​រូបនេះ បាន​លោត​ចូលទៅក្នុង​អាងទឹក​ទាំង​សម្លៀកបំពាក់​ដើម្បី​ស្រោចស្រង់​ជីវិត​ឆ្កែ​របស់ខ្លួន​។



​ករណីនេះ បាន​កើតឡើង​តាំងពី​ថ្ងៃទី​២២ ខែមេសា មកម្ល៉េះ ប៉ុន្តែ​ទើប​មានការ​និយាយ​តៗ​គ្នា​។ មាន​អ្នកខ្លះ​កោតសរសើរ ប៉ុន្តែ​ជាមួយគ្នានេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក Twitter និង Youtube ជាច្រើន​នាក់ បានបង្ហាញ​ពី​មតិ​រិះគន់ ជាពិសេស​អ្នក​ដែលមាន​និន្នាកា​មិន​ពេញចិត្ត​លោក​ប្រធានាធិបតី Michel Temer ដែលមាន​អាយុ​បង​ភរិយា​ខ្លួន​រហូតដល់​ទៅ​៤៣​ឆ្នាំ​។​



​សុនខ​ឈ្មោះ Picoly ត្រូវបាន​គេ​និយាយ​លេងសើច​ថា វា​មិន​ពេញចិត្ត​រស់នៅក្នុង​វិមាន​ប្រធានាធិបតី ហើយ​ព្យាយាម​រត់ចេញ​ពី​គ្រួសារ Temer​។ រីឯ​អ្នក​ខ្លះទៀត​អះអាងថា អ្នកស្រី Marcela Temer បាន​បោះ​សុនខ​នោះ​ចូលទៅក្នុង​អាង ប៉ុន្តែ​ដោយសារ​ឃើញ​វា​មិនអាច​ហែល​បាន ទើប​សម្រេចចិត្ត​លោត​ទៅ​សង្គ្រោះ​វា​ទាំង​សម្លៀកបំពាក់​៕




Tag:
 ប្រេ​ស៊ី​ល​
  សុនខ
© រក្សាសិទ្ធិដោយ thmeythmey.com