ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី​៖ កម្ពុជា នឹងត្រូវ​ផ្លាស់ប្តូរ​ដូច​នៅ​ម៉ាឡេស៊ី​
10, May 2018 , 5:24 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទាញ​ព្រឹត្តិការណ៍​នៃ​ការ​ផ្តាស់​ប្តូរ​រដ្ឋាភិបាល​នៃ​ប្រទេស​មា​ឡេ​ស៊ី តាមរយៈ​បោះឆ្នោត​កាលពី​ម្សិលមិញ មក​ភ្ជាប់​នឹង​បរិបទ​ប្រទេស​កម្ពុជា​។ លោក សម រង្ស៊ី សង្ឃឹមថា ការតស៊ូ​របស់​ក្រុមប្រឆាំង​នៅ​កម្ពុជា នឹង​អាច​ទទួលជោគជ័យ​ដូច​ក្រុមប្រឆាំង​នៅ​ម៉ាឡេស៊ី​ដែរ​។



​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ ក្នុង​រដ្ឋធានី វ៉ា​ស៊ី​ង​តោន​នៃ​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨​នេះ អតីត​មេបក្ស​ប្រឆាំង បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​ថ្ងៃស្អែក កម្ពុជា នឹង​ដូច​ម៉ាឡេស៊ី​ថ្ងៃនេះ​អ៊ីចឹង​»​។

​ទោះជា​ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​បាត់ទៅហើយ ហើយ​ថ្នាក់ដឹកនាំ​១១៨​នាក់​នៃ​គណបក្ស​នេះ ត្រូវបាន​ដកសិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ រួមទាំង​លោក កឹម សុខា នៅតែ​បន្ត​ជាប់ឃុំ​ក្តី ប៉ុន្តែ​លោក សម រង្ស៊ី ដែល​កំពុង​និរទេស នៅតែ​មានជំនឿថា កម្ពុជា នឹងមាន​ការផ្លាស់ប្តូរ​ជាមិនខាន ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជំនួស​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​ដឹកនាំ​ប្រទេស​។

​លោក សម រង្ស៊ី បន្តថា បើ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨ គឺជា​ការបោះឆ្នោត​ក្លែងក្លាយ ហើយ​សហគមន៍​អន្តរជាតិ នឹងមិន​ទទួលស្គាល់​ឡើយ ឯ​រដ្ឋាភិបាល​អាណត្តិ​ថ្មី ក៏​មិនមាន​ភាពស្របច្បាប់​ដែរ​។ បន្ទាប់មក​លោក ក៏បាន​អំពាវនាវ​ម្តងទៀត កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ទើប​ជា​វិធីសាស្ត្រ ដែល​អាច​ផ្លាស់ប្តូរ​បាន​។ លោក និយាយ​ដូច្នេះ​ថា​៖«​កុំទៅ​បោះឆ្នោត​។ នៅតែ​ផ្ទះ​ទៅ យើង​ឈ្នះ​ហើយ​»​។​

​លោក សុខ ឥសាន អស់សំណើច នៅ​ពេលឮ​លោក សម រង្ស៊ី លើកឡើង​បែបនេះ​។ លោក បកស្រាយ​ថា វា ជា​រឿង​សម​ទំនង ដែល​លោក​មហា​ធៀ មហាម៉ាត់  មេបក្ស​ប្រឆាំង​នៅ​ម៉ាឡេស៊ី ឈ្នះឆ្នោត ព្រោះ​លោក ត្រូវបាន​គេ​ចាត់ទុកជាវីរបុរស ដែល​ផ្ទុយ​ពី​លោក សម រង្ស៊ី និង​ក្រុមប្រឆាំង បាននាំគ្នា​ប្រព្រឹត្ត​បទល្មើស ដែល​នាំ​ឲ្យ​ជាប់​ទោសទណ្ឌ​។  

​អ្នកនាំពាក្យ​បក្ស​កាន់អំណាច ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ យ៉ាង​ដូច្នេះ​ថា​៖«​កាល​លោកស្រី អង់​សាន ស៊ូ​ជី ឈ្នះឆ្នោត ក៏​លោក សម រង្ស៊ី យកមក​ភ្ជាប់​ដែរ​។ គាត់ តែង​ភ្ជាប់​អ៊ីចឹង ដើម្បី​កេងចំណេញ​នយោបាយ​»​។

​លោក មហា​ធៀ មហាម៉ាត់ មេបក្ស​ប្រឆាំង​របស់​ម៉ាឡេស៊ី ដែលមាន​វ័យ ៩២​ឆ្នាំ​ទៅហើយនោះ បានឈ្នះ​បក្ស​កាន់អំណាច តាមរយៈ​ការបោះឆ្នោត​នីតិកាល​ទី​១៤ កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៨​។ នេះ​លើកដំបូង​ដែល​បក្ស​កាន់អំណាច​នៅ​ម៉ាឡេស៊ី ចាញ់ឆ្នោត បន្ទាប់ពី​បាន​ដឹកនាំ​ប្រទេស​ជាង​៦០​ឆ្នាំកន្លងមក​៕


Tag:
 បោះឆ្នោត​
  ម៉ាឡេស៊ី​
  សម រង្ស៊ី​
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com