អន្តរជាតិ
បារាំង​, រុស្ស៊ី​ទទូច​ឲ្យ​ភាគី​អត់ធ្មត់ ក្រោយ​ទ័ព​អ៊ីស្រាអែល​វាយប្រហារ​ទីតាំង​យោធា​អ៊ីរ៉ង់​នៅ​ស៊ី​រី
10, May 2018 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃ​ព្រហស្បតិ៍​ទី ១០ ខែឧសភា​នេះ កងទ័ពអាកាស​អ៊ីស្រាអែល​វាយប្រហារ​លើ​ទីតាំង​យោធា​អ៊ីរ៉ង់​នៅក្នុង​ទឹកដី​ស៊ី​រី ដើម្បី​ឆ្លើយតប​នឹង​ការបាញ់​ផ្លោង​មី​ស៊ី​ល​ប្រហែល ២០ គ្រាប់​ចេញពី​ស៊ី​រី​។ រុស្ស៊ី​និង​បារាំង​បាន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​រក្សា​ការអត់ធ្មត់ និង​ទប់ស្កាត់​ការប្រឈមមុខគ្នា​នេះ​កុំ​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​។



​រដ្ឋាភិបាល​បារាំង និង​រុស្ស៊ី​បានចេញ​មុខ​ទទូច​ឲ្យ​អ៊ីរ៉ង់ និង​អ៊ីស្រាអែល​បន្ត​អត់ធ្មត់ និង​ទប់ស្កាត់​កុំ​ឲ្យ​ភាព​តានតឹង​និង​ប្រឈមមុខគ្នា​កាន់តែ​ធ្ងន់ធ្ងរ​នៅពេល​ខាងមុខ​។ ការអំពាវនាវ​នេះ​ធ្វើឡើង ក្រោយ​ពេលដែល​កងទ័ព​អាកាស​អ៊ីស្រាអែល​បើក​ការវាយប្រហារ​លើ​ទីតាំង​របស់​អ៊ីរ៉ង់​នៅក្នុង​ទឹកដី​ស៊ី​រី​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស Mikhail Bogdanov បាន​ថ្លែង​៖ «​យើង​បាន​ទាក់ទង​ទៅ​រាល់​ភាគី​ពាក់ព័ន្ធ​ហើយ ហើយ​យើង​ស្នើ​ឲ្យ​ភាគី​ឲ្យ​ភាគី​ទាំងអស់​អត់ធ្មត់​។ រុស្ស៊ី​បារម្ភ​ណាស់​ពី​ការវិវត្ត​នៃ​ស្ថានភាព​នេះ​»​។

​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​លើ​ទីតាំង​យោធា​អ៊ីរ៉ង់​នេះ យោធា​អ៊ីស្រាអែល​បាន​អះអាងថា ខ្លួន​បាន​កម្ទេច​ទីតាំង​យោធា​របស់​អ៊ីរ៉ង់​នៅ​ស៊ី​រី​ជាច្រើន​កន្លែង​នៅ​ស៊ី​រី ហើយ​វា​ជាការ​វាយប្រហារ​ដ៏​ធំ​បំផុត​មួយ​លើ​ទីតាំង​របស់​អ៊ីរ៉ង់​មិន​ធ្លាប់មាន​ពីមុន​ដែរ​។  ក្រសួងការពារជាតិ​រុស្ស៊ី​បាន​អះអាងថា អ៊ីស្រាអែល​ប្រើប្រាស់​យន្តហោះ ២៨ គ្រឿង និង​ប្រើ​មី​ស៊ី​ល​ចំនួន ៧០ គ្រាប់​។​

 អ៊ីស្រាអែល​ក៏បាន​អះអាង​ផងដែរ​ថា វាយប្រហារ​លើ​ទីតាំង​យោធា​អ៊ីរ៉ង់ ក្រោយ​ពេលដែល​មី​ស៊ី​ល​ប្រហែល ២០​គ្រាប់​ហោះ​ចេញពី​ទឹកដី​ស៊ី​រី​ផ្លោង​មកលើ​ទីតាំង​យោធា​ខ្លួន​នៅ ពាក់​កណ្តាលយប់​។​

​ដោយឡែក ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ឯណោះ​វិញ​ក៏បាន​ចេញមុខ​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចៀសវាង​រាល់​សកម្មភាព​បង្កបញ្ហា ហើយ​ប្រឹងប្រែង​ធ្វើយ៉ាងណា​បន្ថយ​ការប្រឈមមុខគ្នា​នេះ​ផង​។

​ការិយាល័យ​ប្រធានាធិបតី​បាន​បញ្ជាក់ថា ក្រៅពី​អំពាវនាវ​ទៅកាន់​ភាគី​ពាក់ព័ន្ធ លោក ម៉ា​ក្រុង ក៏​នឹង​ជជែក​ពិភាក្សា​ជាមួយ​អធិការបតី​អាល្លឺម៉ង់​លោកស្រី អេ​ន​ជែ​ឡា មឺ​ហ្គែ​ល ទៀត​ពី​បញ្ហា​នេះ​នៅពេល​លោក​ជួប​មេដឹកនាំ​រូបនេះ​នៅ Aachen ភាគ​ខាងលិច​អាល្លឺម៉ង់​នៅ​យប់​ថ្ងៃ ១០ ខែឧសភា​នេះ​។

​តាមពិតទៅ​ការប្រើប្រាស់​សកម្មភាព​យោធា​នេះ កើតឡើង​ប៉ុន្មាន​សប្តាហ៍​ក្រោយ​ពេលដែល​ភាព​តានតឹង​កើនឡើង​នៅក្នុង​តំបន់ ហើយ​វា​ក៏​កើតឡើង​ក្រោយ​ពេលដែល​លោក ដូ​ណា​ល់ ត្រាំ  សម្រេចចិត្ត​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ។ ការសម្រេចចិត្ត​នេះ​ក៏​ជា​អ្វីដែល​អ៊ីស្រាអែល​ចង់​បានយូរ​មកហើយ​ដែរ​៕



Tag:
 ស៊ី​រី​
  បារាំង​
  រុស្ស៊ី​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com