អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មហាធៀ ស្បថចូលកាន់តំណែងជា​នាយករដ្ឋមន្ត្រីម៉ាឡេស៊ីទី ៧ ជាផ្លូវការ
10, May 2018 , 9:06 pm        
រូបភាព
ដោយ: ថ្មីៗ
លោក មហាធៀ មហាម៉ាត់ ស្បថចូលកាន់តំណែងជាផ្លូវការ​ជានាយករដ្ឋមន្ត្រី​ទី ៧ របស់សហព័ន្ធម៉ាឡេស៊ីហើយ​នៅ​យប់ថ្ងៃ ១០ ខែឧសភានេះ ក្រោយពេល​មហាក្សត្រស៊ុលតង់ មូហាម៉ាត់ទី៥  (Muhammad V) ផ្តល់សេចក្តីទុក​ចិត្តដល់លោក​ឲ្យបង្កើត​រដ្ឋាភិបាល​សហព័ន្ធថ្មី​នោះ។ ស្ថិតក្នុងវ័យ ៩២ ឆ្នាំ លោកក្លាយជានាយករដ្ឋមន្ត្រីដែលជាប់ឆ្នោតចាស់ជាងគេ​លើពីភពលោក​។ 


ពិធីស្បថចូលកាន់តំណែងនេះ​ត្រូវបានធ្វើឡើងនៅរាជវាំងនាទីក្រុងកូឡាឡាំពួរ ហើយពេលដែលលោក មហាធៀ កំពុងស្បថចូលកាន់​តំណែងនៅចំពោះមុខព្រះចៅស៊ុលតង់ មូហាម៉ាត់ទី ៥ ដែរនោះ គេឃើញមានការអបអរសាទរច្រើនកុះករនៅក្រៅរាជវាំងផងដែរដោយពួកគេកាន់ទង់​ជ័យបក្សប្រឆាំង Pakatan Harapan ដែលលោក មហាធៀ ដឹកនាំផង។

ការស្បថចូលកាន់តំណែងនេះ​ធ្វើឡើង​ ក្រោយពេលដែលលោក ណាជីប រ៉ាហ្សាក់ មេដឹកនាំសម្ព័ន្ធ​បក្សកាន់​អំណាច​ Barisan Nasional ប្រកាស​ទទួលស្គាល់លទ្ធផល​បោះឆ្នោតដោយសម្ព័ន្ធបក្ស​​ប្រឆាំង និងបក្សសម្ព័ន្ធមិត្តឈ្នះបានអាសនៈសរុប ១២២ ក្នុងចំណោមអាសនៈ ២២២។ សម្ព័ន្ធ​បក្ស​កាន់អំណាចបាន​ទទួលអាសនៈត្រឹម ៧៩ ប៉ុណ្ណោះ ខណៈដែលការបោះឆ្នោតឆ្នាំ ២០១៣ សម្ព័ន្ធនេះបានអាសនៈសរុប ១៣៣ឯណោះ។ 

លោក មហាធៀ ជាប់ឈ្មោះជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេរបស់ម៉ាឡេស៊ី ដោយលោកដឹកនាំរដ្ឋាភិបាល​ចាប់​ពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ២០០៣។ លោកធ្លាប់ជាសមាជិកបក្សកាន់​អំណាច​ UMNO ប៉ុន្តែលោកសម្រេច​ចិត្ត​ចាកចេញ​មកបង្កើត​បក្សខ្លួនឯងនៅក្នុងឆ្នាំ​ ២០១៥ ដោយសារមានជម្លោះជាមួយ​លោក ណាជីប រ៉ាហ្សាក់ ដោយសារ​សំណុំរឿងពុករលួយ 1MDB។

ក្រោយ​មកលោកក៏​សម្រេច​ចាប់ដៃសត្រូវចាស់​លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដើម្បីពង្រឹងសម្ព័ន្ធបក្ស​ប្រឆាំងក្នុងបុព្វហេតុមួយគឺទម្លាក់លោក ណាជីប ពីតំណែង។ បំណងរបស់លោក​មួយនេះក៏សម្រេច​ជោគជ័យក្នុងការ​បោះឆ្នោតសាកលលើកទី ១៤ ថ្ងៃពុធម្សិលមិញ។

 


គេឃើញនា​យក​រដ្ឋមន្ត្រី​សិង្ហបុរីលោក លី សៀន ឡុង បានចេញសារ​អបអរសាទរលោក មហាធៀ ភ្លាមៗដែរក្រោយពេលលោកស្បថចូលកាន់តំណែង​ជាផ្លូវការនោះ។ លោក លី បានជូនពរឲ្យលោក មហាធៀ និងថ្នាក់ដឹកនាំម៉ាឡេស៊ីទទួលជោគជ័យក្នុង​ភារកិច្ច និងត្រៀមជួប និងធ្វើការងារ​ជាមួយលោក មហាធៀ នៅពេលឆាប់ៗខាងមុខ​នេះផង៕

   ​

© រក្សាសិទ្ធិដោយ thmeythmey.com