អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ដូណាល់ ត្រាំ ប្រកាសថា លោកនឹងជួប គីម ជុងអ៊ុន នៅសិង្ហបុរី ថ្ងៃ១២​ខែមិថុនា​
10, May 2018 , 9:45 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ: ថ្មីៗ
លោក ដូណាល់ ត្រាំ បានប្រកាស​ជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ទី ១០ ខែឧសភានេះថា​ ជំនួបប្រវត្តិសាស្ត្រ​រវាងលោក​ និងមេដឹកនាំកំពូលកូរ៉េខាងជើង​លោក គីម​ ជុងអ៊ុន ដែលគ្រប់គ្នាកំពុង​ទន្ទឹងរង់ចាំនោះនឹងធ្វើឡើង​នៅសិង្ហបុរី នាថ្ងៃ ១២​ខែមិថុនាខាងមុខ។ ការប្រកាស​នេះធ្វើឡើង​ក្រោយ​ពេលរដ្ឋមន្ត្រី​ការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ (Mike Pompeo) ត្រឡប់ម​ក​ពីកូរ៉េខាងជើងវិញ​ដោយនាំមុខជនជាតិ​អាមេរិក​បីនាក់​ដែល​កូរ៉េខាងជើង​ដោះលែង​មកជាមួយផង។ 


«កិច្ចប្រជុំដែលគេទន្ទឹងរង់ចាំរវាងលោក គីម ជុងអ៊ុន និង​ខ្ញុំផ្ទាល់នោះនឹងធ្វើឡើងនៅសិង្ហបុរី ថ្ងៃ ១២​ ខែមីថុនា។ យើងទាំងពីរនឹងប្រឹងប្រែងក្នុងវេទិកា​ដ៏ពិសេសនេះ​ដើម្បីសន្តិភាព​ពិភពលោក»។ នេះជាសម្តីរបស់លោក ​ដូណាល់ ត្រាំ សរសេរក្នុង​គណនី Twitter ផ្លូ​វការ​របស់ខ្លួននៅថ្ងៃ ១០ ខែឧសភា​នេះ។  
លោក ត្រាំ សម្រេច​ប្រកាស​ពីកាលបរិច្ឆេទ និងទីតាំងនៃជំនួប ជាផ្លូវការ​ប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក ប៉ុមប៉េអូ បានត្រឡប់មកដល់សហរដ្ឋអាមេរិកជាមួយជនជាតិអាមេរិកបីនាក់ ក្រោយពេលលោកជួបមេដឹកនាំកូរ៉េខាងជើងដើម្បីពិភាក្សា​ពីការរៀបចំកិច្ចប្រជុំប្រវត្តិសាស្ត្រនេះ។ ​

មុនមាន​ការប្រកាស​ជាផ្លវការ​នេះ កាលពីថ្ងៃទី​៤ ខែឧសភា លោក ត្រាំ បង្ហើបនៅមុន​ធ្វើដំណើរ​ទៅកាន់​រដ្ឋ​តិច​សាស់ថា ទីតាំងនិងពេលត្រូវបាន​កំណត់ហើយ ប៉ុន្តែកាលនោះលោក​មិន​ព្រម​បញ្ជាក់ប្រាប់ឲ្យច្បាស់លាស់ឡើយ​ ដោយ​គ្រាន់តែ​បន្ថែមថា ព័ត៌មាន​លម្អិត​នឹងត្រូវ​ប្រកាស​នៅពេល​ខ្លី​ខាងមុខនេះប៉ុណ្ណោះ​។ ប៉ុន្មានថ្ងៃក្រោយ​មក គេឃើញ​សារព័ត៌មានកូរ៉េខាងត្បូងចេញផ្សាយដោយស្រង់សម្តី​ប្រភពស្និទ្ធនឹងការរៀបចំកិច្ចប្រជុំ​ថា ភាគីទាំងពីរជ្រើសរើសយកសិង្ហបុរី។ ​
 
តាមពិតទៅ ដំណើរការ​ជា​វិជ្ជមាន​នៃ​ជំនួប​មេដឹកនាំ​កូរ៉េកាលពីថ្ងៃ ២៧ ខែមេសាកន្លងទៅ ទំនងជា​បាន​ត្រួសត្រាយ​ផ្លូវ​ដល់​ជំនួប​លោក ត្រាំ និង​លោក គីម ដែល​គេ​ជឿថា អាច​សម្រេចបាន​លទ្ធផល​ផ្លែផ្កា​ខ្លះ​មិន​ខាន​។ ជំនួបពិសេសនៅសិង្ហបុរីនេះនឹងផ្តោតសំខាន់លើបញ្ហារំសាយ​អាវុធនុយក្លេអ៊ែរកូរ៉េ និង ការកសាងសន្តិភាពអចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េផង។ ​កូរ៉េខាងជើងបាន ​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀតថា ខ្លួន​មាន​ឆន្ទៈ​លុបបំបាត់​នុយក្លេអ៊ែរ ដែលជា​ការចង់បានរ​បស់​អាមេរិក​៕
 

Tag:
 ដូណាល់ ត្រាំ
  គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com