អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មហា​ធៀ​៖«​អស់លោក​ប្រធាន​ទីភ្នាក់ងារ និង​អាជ្ញាធរ​រដ្ឋ​មួយចំនួន​នឹងត្រូវ​អស់តំណែង​»
11, May 2018 , 10:05 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​បន្ទាប់ពី​ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទី ៧ ភា្ល​ម លោក មហា​ធៀ មហាម៉ាត់ បានធ្វើ​សន្និសីទ​សារព័ត៌មាន​ពាក់ព័ន្ធ​ដំណើរការ​នៃ​រដ្ឋាភិបាល​ថ្មី​របស់លោក​ដែល​នឹងត្រូវ​ដឹកនាំ​ម៉ាឡេស៊ី​។ លោក​បានប្រកាស​ពេញមាត់​ថា ការផ្លាស់ប្តូរ​នឹង​កើតឡើង​ដោយ​មេ​ទីភ្នាក់ងារ និង​អាជ្ញាធ​ររដ្ឋមួយចំនួន​នឹងត្រូវ​បណ្តេញចោល​។ 

​ក្នុង​សន្និសីទ​សារព័ត៌មាន​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី ១០ ខែឧសភា លោក មហា​ធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រី​ទី ៧ របស់​ម៉ាឡេស៊ី និង​ជា​នាយករដ្ឋមន្ត្រី​ដែល​ជាប់ឆ្នោត​ចាស់​ជាងគេ​បាន​បញ្ជាក់ថា រដ្ឋាភិបាល​លោក​នឹង​ដកតំណែង​ប្រធាន​ស្ថាប័ន​មួយចំនួន​។ 
 
«​អស់លោក​មួយចំនួន​នឹង​អស់តំណែង​។ យើង​រកឃើញថា មនុស្ស​មួយចំនួន​បាន​ជួយ និង​ជំរុញ​នាយករដ្ឋមន្ត្រី​ដែល​ពិភពលោក​គេ​នាំគ្នា​ថ្កោលទោស​ថា ជា​មេដឹកនាំ​ដែល​កេងប្រវ័ញ្ច​ជាតិ​»​។ នេះ​ជាស​ម្តី​របស់លោក មហា​ធៀ ក្នុង​សន្និសីទ​សារព័ត៌មាន​។​
 
​មេដឹកនាំ​សម្ព័ន្ធ​បក្សប្រឆាំង Pakatan Harapan នេះ​បានបញ្ជាក់​ដូច្នេះ​បន្ទាប់ពី​មាន​អ្នកសារព័ត៌មាន​សួរ​លោក​ជុំវិញ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ថ្មី​ដែល​នឹង​ប្រើប្រាស់​លើ​អាជ្ញាធរ និង​ទី​ភ្នាក់ងាររដ្ឋ​មួយចំនួន​ដែល​រង​ការចោទប្រកាន់ថា បានធ្វើ​សកម្មភាព​ជំនួស​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ ក្នុង​សំណុំរឿង​ពុករលួយ 1MDB​។​
 
​ស្ថាប័ន​និង​បុគ្គល​ដែល​នឹងត្រូវ​ប្រឈម​នឹង​វិធានការ​របស់​រដ្ឋាភិបាល​ថ្មី​មាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត អង្គភាព​ប្រឆាំង​ពុករលួយ ស្ថាប័ន​អយ្យការ មន្ត្រី​បក្ស​កាន់អំណាច​រួមទាំង​លោក ណា​ជីប ផង​។​
 
​បក្សប្រឆាំង Pakatan Harapan ដែល​នឹង​ឡើងមក​ដឹកនាំ​រដ្ឋាភិបាល​ម្តងនោះ ធ្លាប់​ចោទប្រកាន់​លោក ណា​ជីប និង​សម្ព័ន្ធ​បក្ស​កាន់អំណាច Barisan Nasional (BN) ដែល​បំពាន​គោលការណ៍​នៃ​ការបែងចែក​អំណាច​ទាំងបី នីតិបញ្ញត្តិ ប្រតិបត្តិ និង​តុលាការ​នោះ​។ 
 
​ក្រៅពីនេះ​បក្សប្រឆាំង​នេះ​ក៏​ចោទប្រកាន់ថា គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ម៉ាឡេស៊ី​ព្យាយាម​ជួយ​សម្ព័ន្ធ​បក្ស​កាន់អំណាច​ក្នុងការ​បោះឆ្នោត​សាកល​កន្លងមក​ក្នុងនោះ​មាន​ទាំង​ការកំណត់​ព្រំដែន​មណ្ឌលបោះឆ្នោត​ឡើងវិញ និង​ចេញ​វិធានការ​មួយចំនួនទៀត​ដើម្បី​បង្អាក់​សកម្មភាព​បក្សប្រឆាំង​ដូចជា​បដិសេធ​បេក្ខជន​តំណាងរាស្ត្រ​បក្សប្រឆាំង​, ហាម​សមាជិក​សម្ព័ន្ធ​បក្សប្រឆាំង​ចូលរួម​បោះឆ្នោត និង រៀបចំ​ការបោះឆ្នោត​នៅ​ថ្ងៃ​ធ្វើការ​ជាដើម​។​
 
​មួយទៀត​គឺ គណៈកម្មការ​ប្រឆាំង​ពុករលួយ និង​ស្ថាប័ន​អយ្យ​ការដែល​នាំគ្នា​ចាត់ការ​សមាជិក​បក្សប្រឆាំង ហើយ​នាំគ្នា​ការពារ​សមាជិក​បក្ស​កាន់អំណាច​រួមទាំង​នាយករដ្ឋមន្ត្រី​ផង​នោះ​៕ 
 

Tag:
 មហា​ធៀ មហាម៉ាត់​
  ណា​ជីប រ៉ា​ហ្សា​ក់​
  ម៉ាឡេស៊ី​
  1MDB
© រក្សាសិទ្ធិដោយ thmeythmey.com