កីឡាអន្តរជាតិ
អន្តរជាតិ
De Gea ឈ្នះ​ពាន​ស្រោមដៃ​មាស ក្រោយ Clean Sheet ១៨​លើក នៅ Premier League
11, May 2018 , 2:18 pm        
រូបភាព
David De Gea អ្នកចាំទី​ដៃ​ស្អិត​របស់ Manchester United ឈ្នះ​ពានរង្វាន់​ស្រោមដៃ​មាស (Golden Glove) នៃ​ក្របខណ្ឌ Premier League ប្រចាំ​រដូវ​កាល ២០១៧-២០១៨​។ នេះ​បើតាម​គេ​ទំព័រ​ផ្លូវការ​របស់ Man Utd​។​



​នេះ​ជាការ​ឈ្នះ​ពាន​ស្រោមដៃ​មាស លើកដំបូង​របស់​អ្នកចាំទី​សញ្ជាតិ​អេ​ស្ប៉ា​ញ​ចាប់តាំងពី​រូបគេ​ផ្លាស់​មកកាន់​ទឹកដី Old Trafford កាលពី​ឆ្នាំ​២០១១ ជាមួយ​ការបង្ហាញ​ខ្លួន​៣០០​ប្រកួត​ឲ្យ​បិសាច​ក្រហម​រួចមកហើយ​។​
 
 ក្នុងការ​បង្ហាញខ្លួននៅលី​ក​កំពូល​អង់គ្លេស​ទាំង​ ៣៧ប្រកួត​រដូវកាលនេះ​ De Gea អាច​ការពារ​ពី​ការ​ស៊ុត​បញ្ចូល​ទី​រហូត​១៨ លើក នាំមុខ​អ្នកចាំទី Ederson របស់ Manchester City ដែល​ធ្វើបាន​១៦​ដង ដើម្បី​ទទួលបាន​ពាន​ស្រោមដៃ​មាស​ប្រចាំ​រដូវ​កាល​ ២០១៧-២០១៨ ​។​
 
​អតីត​អ្នកចាំទី ​Atlético Madrid បាន​ប្រាប់​ទូរ​ទស្សន៍ MUTV ថា​៖«​ខ្ញុំ​មាន​អារម្មណ៍ល្អ ព្រោះនេះ​ជា​ពានរង្វាន់​ស្រោមដៃ​មាស​ដំបូង​របស់ខ្ញុំ​។ ខ្ញុំ​ពិតជា​រីករាយ​ណាស់ ហើយ​នេះ​មានន័យថា​យើង​ការពារ​យ៉ាង​ល្អ​នៅក្នុង​លី​ក​រដូវ​កាល​នេះ ខ្ញុំ​រីករាយ​ចំពោះ​ស្នាដៃ​របស់ខ្ញុំ​រួមទាំង​ក្រុម​ផងដែរ​។ ពាន​នេះ​គឺ​សម្រាប់​មិត្ត​រួម​ក្រុម​ទាំងអស់គ្នា មិនមែន​សម្រាប់​ខ្ញុំ​តែ​ម្នាក់​នោះទេ​»​។​
 
​លើសពីនេះ​ទៀត​នោះ​អ្នកចាត់ការ​ទូទៅ Jose Mourinho ក៏បាន​សរសើរ​អ្នកចាំទី​របស់ខ្លួន​ផងដែរ​ដោយ​និយាយថា​៖« De Gea ពិតជា​អស្ចារ្យ​ណាស់​។ ពាន​ស្រោមដៃ​មាស​ពិតជា​សម​នឹង​គាត់ និង​ក្រុម​ទាំងមូល ហើយ​ការសម្រេច​ផ្តល់​ពាន​អ្នកចាំទី​ល្អ​បំផុត​នៅ Premier League រដូវ​កាល​នេះ​គឺ​ពិតជា​ត្រឹមត្រូវ​ណាស់​»​។​
 
​ក្រៅពី Golden Glove អ្នកចាំទី​វ័យ​២៧​ឆ្នាំ​រូបនេះ ក៏បាន​ឈ្នះ​ពាន​ជាច្រើន​ទៀត​ដែរ​ក្នុង​រដូវ​កាល​នេះ ដូចជា​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ (​បួន​ឆ្នាំ​ជាប់​គ្នា​) និងពាន Sir Matt Busby Player of the Year ជាដើម​៕

Tag:
 បាល់ទាត់​
  Golden Glove
  Premier Leagu
 e David De Gea
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com