ជាតិ
​​​ន​យោ​បាយ​ជាតិ​
មាន​៣​បក្ស​ហើយ ដែល​ត្រូវបាន​ទទួលស្គាល់​ឲ្យ​ឈរឈ្មោះ​ប្រកួត ខណៈ​៤​បក្ស ប្រកាស​ដកខ្លួន
11, May 2018 , 3:13 pm        
រូបភាព
រូបថត ផ្តល់​​សិទ្ធិ​​ដោយ បងដង្ខៅ
រូបថត ផ្តល់​​សិទ្ធិ​​ដោយ បងដង្ខៅ
ដោយ: ថ្មីៗ
​មកដល់ពេលនេះ មាន​គណបក្ស​៣ ដែល​រួមមាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) សម្រេច​ទទួលស្គាល់ជា​ផ្លូវការ ដើម្បី​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។


 
​បើតាម​គ​.​ជ​.​ប​. គណបក្ស​មួយចំនួនទៀត ដូចជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ជាដើម កំពុង​បំពេញបែបបទ និង​ត្រៀម​យកទៅដាក់​នៅ​គ​.​ជ​.​ប​.​។ ការចុះឈ្មោះ​គណបក្ស​នៅ​គ​.​ជ​.​ប​. ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣០ ខែមេសា​មក នឹងត្រូវ​បិទ​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨​នេះ​។​
 
​គណបក្ស​៤ គឺ​គណបក្ស​សិទ្ធិមនុស្ស ដែល​បង្កើត​ដោយ​លោក កឹម សុខា គណបក្ស​ភ្លើងទៀន ដែល​បង្កើត​ដោយ​លោក សម រង្ស៊ី គណបក្ស​អំណាច​ខ្មែរ ដែលមាន​លោក សួង សុ​ភ័​ណ្ឌ​ជា​ប្រធាន និង​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ​របស់លោក ញ៉ែម វណ្ណ​ថន បានប្រកាស​ធ្វើពហិការ​មិន​ចូលរួម​ការបោះឆ្នោត​នោះទេ ដោយ​ពួកគេ​លើក​ហេតុផល​ប្រហាក់ប្រហែលគ្នា​ថា ស្ថានការណ៍​នយោបាយ មិនសូវ​អំណោយផល​។ 
 
​បច្ចុប្បន្ន កម្ពុជា មាន​គណបក្សនយោបាយ​ស្របច្បាប់​ចំនួន​៣៨​។ នេះ​បើតាម​បញ្ជី​ឈ្មោះ​គណបក្សនយោបាយ ដែល​ក្រសួងមហាផ្ទៃ បាន​បញ្ចេញ កាលពី​ប៉ុន្មាន​ថ្ងៃមុន​៕

Tag:
 ​បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com