អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង​បិទ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ មុន​ជំនួប​ត្រាំ​-​គីម​
13, May 2018 , 1:26 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​នៅ​ថ្ងៃទី​១២ ខែឧសភា កូរ៉េខាងជើង​បានប្រកាស​ថា ខ្លួន​នឹង​បិទ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​Punggye-ri នៅក្នុង​ខែ​នេះ ដោយមាន​អញ្ជើញ​អ្នកសារព័ត៌មាន​អន្តរជាតិ​ធ្វើជា​សាក្សី​ផង​។ ការបិទ​ទីតាំង​សាកល្បង​នេះ ធ្វើឡើង​មុន​ជំនួប​រវាង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន និង​ប្រធានាធិបតី​អាម​រិ​ក ដូ​ណា​ល់ ត្រាំ ក្នុង​ខែមិថុនា​។ អាមេរិក និង​កូរ៉េខាងត្បូង​បាន​សាទរ​ការប្រកាស​របស់​កូរ៉េខាងជើង និង​ចាត់ទុកជា​ជំហាន​ដ៏​ល្អ​មួយ​។​

 
​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ Punggye-ri នឹងត្រូវ​បិទ​នៅ​ថ្ងៃទី​២៣ ទៅ​ថ្ងៃទី​២៥ ខែឧសភា​ខាងមុខ​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងការបរទេស​កូរ៉េខាងជើង​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA ដោយ​ថែមទាំង​សន្យាថា នឹង​កម្ទេច​ទីតាំង​នេះ​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​អន្តរជាតិ​តែម្ដង​។ ការប្រកាស​នេះ​ជា​សញ្ញា​វិជ្ជមាន​ថ្មី​មួយទៀត​នៅមុន​ការមកដល់​នៃ​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​កូរ៉េខាងជើង​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP កូរ៉េខាងជើង​នឹង​កម្ទេច​រូង​ក្រោម​ដី​ដែល​ប្រើ​សម្រាប់​ការសាកល្បង បិទផ្លូវ​ចូល ដកយក​សម្ភារ​សង្កេត​ទាំងអស់ រុះរើ​អាគារ​ស្រាវជ្រាវ និង​កន្លែង​ការពារ​សន្តិសុខ​ផងដែរ​។ លើសពីនោះ តំបន់​នៅ​ជុំវិញ​ទីតាំង​នោះ​ក៏ត្រូវ​បិទ​ដូចគ្នា​។ អ្នកសារព័ត៌មាន​មួយចំនួន​តូច​ពី​ចិន អង់គ្លេស អាមេរិក កូរ៉េខាងត្បូង និង​រុស្ស៊ី នឹងត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​យក​ព័ត៌មាន​ការបិទ​ទីតាំង​សាកល្បង​នេះ​ដើម្បី​បង្ហាញ​ពី​តម្លាភាព​។​
 
​ក្រោយ​ការប្រកាស​របស់​កូរ៉េខាងជើង អាមេរិក និង​កូរ៉េខាងត្បូង​ក៏បាន​ចេញមក​ស្វាគមន៍​ភ្លាម​ដែរ​។ តាមរយៈ​បណ្ដាញ​សង្គម Twitter របស់ខ្លួន លោក ដូ​ណា​ល់ ត្រាំ បាន​អរគុណ​កូរ៉េខាងជើង និង​ចាត់ទុក​ការសម្រេចចិត្ត​របស់​កូរ៉េខាងជើង​ជា​កាយវិការ​ឆ្លាត​វៃ និង​គួរ​ឲ្យ​រាក់ទាក់​។ ឯ​កូរ៉េខាងត្បូង​វិញ​បាន​សរសើរ​កូរ៉េខាងជើង​ថា ពិតជា​បង្ហាញ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការរំសាយ​នុយក្លេអ៊ែរ ដោយ​មិន​និយាយ​តែ​មាត់​ឡើយ តែ​បានធ្វើ​សកម្មភាព​ផង​។​
 
​សូម​រំឭកថា ក្រុង​ព្យុងយ៉ាង​បានប្រកាស​បិទ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​កាលពី​ខែមេសា ព្រម​គ្នា​នឹង​ការប្រកាស​ឈប់​សាកល្បង​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ទៀតផង​។ ទីតាំង Punggye-ri ខាងលើ​នេះហើយ​ដែល​ត្រូវបាន​ក្រុង​ព្យុងយ៉ាង​ប្រើប្រាស់​ក្នុងការ​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​ទាំង​៦​ដង​នាពេល​កន្លងមក​។ លោក គីម ជុង​អ៊ុន បាន​ប្រាប់​មន្ត្រី​របស់ខ្លួន​ថា កូរ៉េខាងជើង​បាន​អភិវឌ្ឍ​អាវុធ​របស់ខ្លួន​រួចស្រេច​ទៅហើយ ដូចនេះ​គ្មាន​ការចាំបាច់​អ្វីដែល​កូរ៉េខាងជើង​ត្រូវ​សាកល្បង​មី​ស៊ី​ល ឬ​នុយក្លេអ៊ែរ​ទៀតឡើយ​។​
 
​ជាការ​ពិត ការកម្ទេច​កន្លែង​សាកល្បង​នេះ ជា​ជំហាន​តូច​មួយ​ប៉ុណ្ណោះ​ក្នុង​ដំណើរការ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ព្រោះ​វា​មិនមែនជា​បានន័យថា កូរ៉េខាងជើង​នឹង​បោះបង់​នុយក្លេអ៊ែរ​របស់ខ្លួន​ទាំងស្រុង​ឡើយ​។ យ៉ាងណាមិញ សកម្មភាព​បែបនេះ​ដែល​កើតឡើង​មុនពេល​លោក ត្រាំ ជួប​លោក គីម នៅ​សិង្ហ​បុរី ក៏​ជាការ​ត្រួស​ត្រាយផ្លូវ​សម្រាប់​ជំនួប​លើកទីមួយ ដែល​គេ​គ្រប់គ្នា​រំពឹង​ចង់បាន​លទ្ធផល​ផ្លែផ្កា​មិនខានឡើយ​៕  

Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com