ជាតិ
​​​ន​យោ​បាយ​ជាតិ​
អតីត​បក្សប្រឆាំង ចោទ​រដ្ឋាភិបាល​និង​គ​.​ជ​.​ប​. ថា​ដក​ជម្រើស​របស់​ពលរ​ដ្ឋ​ចេញពី​ការបោះឆ្នោត​
15, May 2018 , 11:35 am        
រូបភាព
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ និងអ្នកគំា នាំគ្នាឃោសនារកសំឡេងឆ្នោត កាលពីពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កន្លងមក។ រូបថតដោយ ថាន រស្មី
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ និងអ្នកគំា នាំគ្នាឃោសនារកសំឡេងឆ្នោត កាលពីពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កន្លងមក។ រូបថតដោយ ថាន រស្មី
ដោយ: ថ្មីៗ
​ដោយសារតែ​មិនមាន​ឈ្មោះ​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) សម្រាប់​ចូលរួម​ប្រកួត​ក្នុងការ​បោះឆ្នោត អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដើម្បី​ថ្កោលទោស គ​.​ជ​.​ប​. រួមទាំង​រដ្ឋាភិបាល​ក​ម្ពុ​ជា​។ អតីត​គណបក្សប្រឆាំង​ធំជាងគេ បាន​ចោទគ​.​ជ​.​ប​. និង​រដ្ឋាភិបាល​ថា ការ​ផាត់​ខ្លួន​ចេញពី​ការបោះឆ្នោត​បែបនេះ គឺ​ស្មើនឹង​ការដក​ជម្រើស​របស់​ប្រជាពលរដ្ឋ​។



​សេចក្តីថ្លែងការណ៍​រប​ស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺធ្វើឡើង​ក្រោយពី​គ​.​ជ​.​ប​. ប្រកាស​ឈប់​ទទួល​ពាក្យ​របស់​គណបក្សនយោបាយ ដែល​យកទៅដាក់​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​។ រយៈពេល​១៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៣០ ខែមេសា ដល់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨ មាន​គណបក្ស​ទាំងអស់​ចំនួន​២០​ឯណោះ ដែល​បាន​យកពាក្យ​ទៅ​ដាក់​នៅ​គ​.​ជ​.​ប​. តែ​គ្មាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយចោល ហើយ​លែងមាន​ទីស្នាក់ការ​នៅ​ប្រទេស​កម្ពុជា បានលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​យ៉ាង​ដូច្នេះ​ថា​៖«[​ការមិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​] គឺ​បង្ហាញថា ការបោះឆ្នោត​នាពេលខាងមុខ គឺជា​ការបោះឆ្នោត​ក្លែងក្លាយ មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​ជាការ​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​»​។

​បន្ទាប់មក អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏​អំពាវនាវ​ជាថ្មី​កុំ​ឲ្យ​ប្រជាពលរដ្ឋ ទៅ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ លើសពីនេះ អតីត​គណបក្សប្រឆាំង ក៏​អំពាវនាវ​កុំ​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា​ផងដែរ​។ សារ​ចុងក្រោយ​របស់​អតីត​គណបក្សប្រឆាំង គឺ​ស្នើ​ឲ្យ​ប្រទេស​ជប៉ុន បញ្ឈប់​ការ​ផ្តល់ជំនួយ​និង​ការគាំទ្រ​ដល់គ​.​ជ​.​ប​.​។

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​របស់​គ​.​ជ​.​ប​. មិនអាច​ទទួលយកបាន​ឡើយ ​ចំពោះ​ការចោទប្រកាន់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក បាន​រិះគន់​ត្រឡប់​ទៅវិញ​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចង់បង្ហាញ​ពី​ភាពផ្តាច់មុខ​របស់ខ្លួន​ ខាង​នយោបាយ​។  ​អ្នកនាំពាក្យ​គ​.​ជ​.​ប​.​រូបនេះ បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​ប្រជាពលរដ្ឋ មាន​ជម្រើស​ផ្សេងទៀត​។ មិនមាន​គណបក្ស​ណា​ផ្តាច់មុខ​បានទេ​»​។ 

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ប្រតិកម្ម​នឹង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។ លោក និយាយ​មកកាន់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​ថា​៖«​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្លាយទៅជា​ខ្មោច​ហើយ ដូ​ច្នេះ​មិនមាន​សិទ្ធិមក​ចុះឈ្មោះ​បោះឆ្នោត​ទៀត​ទេ​»​។​

​អ្នកនាំពាក្យ​គណបក្ស​អំណាច​រូបនេះ ក៏បាន​សរសេរ​សារ​ទៅកាន់​អ្នកកាសែត​តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​ផងដែរ ជុំវិញ​ការបោះឆ្នោត​។ លោក បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ការដែល​គណបក្ស​ជាច្រើន បាន​ទៅ​ដាក់ពាក្យ​នៅ​គ​.​ជ​.​ប​. ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត គឺ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​ត្រូវបាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ ហើយ​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ ត្រូវបាន​បើកទូលាយ និង​មាន​សក្តានុពល  ទោះបី​អតីត​គណបក្សប្រឆាំង ត្រូវបាន​រំលាយចោល​ក្តី​»៕

អត្ថបទទាក់ទង
 



Tag:
 បោះឆ្នោត​
  CNRP
  គជប​
  ហង្ស ពុទ្ធា​
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com