ជាតិ
បោះឆ្នោត
រាជបណ្ឌិត្យសភា នឹង​ចងក្រង​គោលនយោបាយ​បក្ស​នីមួយៗ ដើម្បី​កុំ​ឲ្យ​អ្នកនយោបាយ ក្បត់​សម្តី​ក្រោយ​ការបោះឆ្នោត​
28, May 2018 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ​កិច្ចពិភាក្សា​តុមូល ស្ដីពី​«​គោលនយោបាយ​របស់​គ​ណ​បក្សនយោបាយ​» ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង នឹង​ទទួល​ព័ត៌មាន​ពី​គោលនយោបាយ​របស់​បក្ស​នីមួយៗ ដែល​បាន​ឈរឈ្មោះ​បោះឆ្នោត​នៅ​នីតិកាល​ទី​៦ ខាងមុខ​។ រាជបណ្ឌិត្យសភា នឹង​ចងក្រង​ឯកសារ ពី​គោលនយោបាយ​គ្រប់​គណបក្ស ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​តាមដាន និង​កុំ​ឲ្យ​អ្នកនយោបាយ​ក្បត់​ពាក្យសម្តី​ក្រោយ​ការបោះឆ្នោត​។



​ប្រធាន​គណបក្ស និង​អ្នកតំណាង ចំនួន​១៨ ក្នុងចំណោម​២០​គណបក្ស ដែល​ឈរឈ្មោះ​បោះឆ្នោត​ខាងមុខ នឹងត្រូវ​ជជែក​ដេញដោល​គ្នា ដើម្បី​ការពារ​គោលនយោបាយ​បក្ស​រៀងៗ​ខ្លួន នៅក្នុង​កម្មវិធី​ពិភាក្សា​តុមូល ដែល​រៀបចំឡើង​ដោយ​រាជបណ្ឌិតសភា​។ លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា បាន​និយាយថា មូល​ហេតុដែល​ស្ថាប័ន​លោក រៀបចំ​កម្មវិធី​ពិភាក្សាគ្នា​ឡើង ដើម្បី​ចងក្រង​ជា​ឯកសារ ស្តីពី​គោលនយោបាយ​របស់​គណ​បក្ស ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​នីតិកាល​ទី​៦​នេះ ក្នុងទិសដៅ​ឲ្យ​ពលរដ្ឋ​តាមដាន​រាល់​សកម្មភាព​អនុវត្ត​របស់​អ្នកនយោបាយ និង​កុំ​ពួកគេ​ចេះតែ​និយាយ​បោកប្រាស់​ពលរដ្ឋ ឬ​ក្បត់​ពាក្យសម្តី​ក្រោយ​ការបោះឆ្នោត​។​

​ថ្លែង​ក្រោយ​រៀបចំ​កិច្ចពិភាក្សា​តុមូល ដែល​ផ្ដល់ឱកាស​ឲ្យ​អ្នកនយោបាយ​មួយចំនួន បកស្រាយ​ពី​គោលនយោបាយ​ខ្លួន នៅ​ថ្ងៃទី​២៨ ឧសភា ប្រធាន​រាជបណ្ឌិត្យសភា​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​កម្មវិធី​នេះ​ចង់​ឲ្យ​ម្ចាស់ឆ្នោត បានដឹង​អំពី​គោលនយោបាយ​របស់​គណ​បក្ស​នីមួយៗ ថា​តើ​គាត់​ធ្វើ​យ៉ាងដូចម្ដេច​? ហើយ​មុននឹង​គាត់​ទម្លាក់​សន្លឹកឆ្នោត គឺ​គាត់​មានជំនឿថា​សន្លឹកឆ្នោត​ដែល​គាត់​ទម្លាក់​គឺ​ឲ្យ​ទៅ​គោលនយោបាយ​ដែល​អភិវឌ្ឍន៍​ប្រទេសជាតិ ឬ​ជួយ​ប្រជាជន​កម្ពុជា ដែល​ពលរដ្ឋ​ចង់បាន​»​។​

​តែ​យ៉ាងណា​ការរៀបចំ​វេទិការ​ពិភាក្សា​តុមូល​នេះ មិនមែន​ជួសមុខ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ឡើយ ។ នេះ​ជាការ​បញ្ជាក់​របស់លោក សុខ ទូច ដែល​បាន​បន្ថែមថា ប្រទេស​ដែលមាន​ភាព​រីកចម្រើន​ផ្នែក​លទ្ធិប្រជាធិបតេយ្យ ទើប​ផ្ដល់ឱកាស​ឲ្យ​គ្រប់​គណបក្សនយោបាយ​ជជែក​ដេញដោល​គ្នា​ទៅលើ​គោលនយោបាយ​បែបនេះ​។

​បើតាម​លោក សុខ ទូច វេទិការ​នេះ គឺជា​ការទទួលខុសត្រូវ​របស់​បក្ស​នីមួយៗ​។ រាជបណ្ឌិត្យសភាកម្ពុជា បានផ្ដល់​ឱកាស​ដល់​គ្រប់​គណបក្ស​ទាំងអស់ ដែល​ត្រូវបាន គ​.​ជ​.​ប ទទួលស្គាល់​ទាំង​២០​បក្ស ក្នុង​បញ្ជី​ឈរឈ្មោះ​បោះឆ្នោត នៅ​អាណត្តិ​ទី​៦​ខាងមុខ​។ ប៉ុន្តែ​វេទិការ​ដេញដោល​ថ្ងៃ​ដំបូង​នេះ គេ​មិនឃើញ​មាន​វត្តមាន​តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ​ឡើយ​។

​រាជបណ្ឌិត្យសភាកម្ពុជា នឹង​អញ្ជើញ​គណបក្ស​ចំនួន​២ មក​ជជែក​ដេញដោល​គ្នា​អំពី​គោលនយោបាយ​ពួកគេ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង ជា​រៀងរាល់ថ្ងៃ រហូតដល់​ថ្ងៃទី​៤ មិថុនា​ខាងមុខ​៕


Tag:
 នយោបាយ​
 ​បោះឆ្នោត​
 ​ឯកសារ
© រក្សាសិទ្ធិដោយ thmeythmey.com