ជាតិ
រថយន្ត
សេដ្ឋកិច្ច
ក្រុមហ៊ុន​ជប៉ុន​ចំណាស់​មួយ បង្កើត​ជំនាញ​កែច្នៃ​គ្រឿងបន្លាស់​រថយន្ត នៅ​កម្ពុជា​
28, May 2018 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន​ជប៉ុន Sanyo Parts បានចាប់ផ្ដើម​សហការ​ជាមួយ​សាលា បច្ចេកទេស​មួយ​នៅ​កម្ពុជា ដើម្បី​បណ្ដុះបណ្ដាល​ជំនាញ​កែច្នៃ​គ្រឿងបន្លាស់​រថយន្ត នៅ​កម្ពុជា​។ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កាលពីពេល​ថ្មីៗ​កន្លងមក​។​



​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) ត្រូវបាន​ចុះហត្ថលេខា​រវាង​ក្រុមហ៊ុន Sanyo Parts និង​សាលា​មធ្យមសិក្សា​បច្ចេកទេស JVC ក្រោម​អធិបតីភាព​លោក ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​២២ ខែឧសភា​។​

​តាមរយៈ​អនុស្សារណៈ​នេះ ក្រុមហ៊ុន​ជប៉ុន Sanyo Parts និង​សាលា JVC នឹង​សហការ​បង្កើត​ជំនាញ​ថ្មី​មួយទៀត​នៅ​កម្ពុជា​។ វា​គឺជា​ជំនាញ​កែច្នៃ​ឡើងវិញ​នូវ​គ្រឿងបន្លាស់​រថយន្ត​ចាស់ៗ ឲ្យ​ទៅជា​ថ្មី និង​មាន​ស្ដង់ដារ​ច្បាស់លាស់​។​

​ក្រៅពី​សហការ​បណ្ដុះបណ្ដាល ក្រសួង​ការងារ មិនបាន​បញ្ជាក់ថា ក្រុមហ៊ុន​នឹង​បោះទុន​ធ្វើ​អាជីវកម្ម​កែច្នៃ​គ្រឿងបន្លាស់​រថយន្ត​នៅ​កម្ពុជា ឬ​យ៉ាងណា​នោះទេ​?

​តែ​លោក Keiji Sakai អគ្គនាយក​ក្រុមហ៊ុន Sanyo Parts បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​លោក​បានមក​សិក្សា​ពី​ទីផ្សារ​នៅ​កម្ពុជា កាលពី​៤​ឆ្នាំមុន​។ ការសិក្សា​បានបង្ហាញ​ថា កម្ពុជា​បាន​នាំចូល​រថយន្ត​ជាច្រើន​ដែល​ផលិត​នៅ​ប្រទេស​ជប៉ុន ហើយ​កម្ពុជា​និយម​ប្រើប្រាស់​គ្រឿងបន្លាស់​មួយ​ទឹក ដែល​គ្មាន​បន្ថែម​ស្ដង់ដារ​ច្បាស់​ដើម្បី​ធានា​ដល់​សុវត្ថិភាព​បើកបរ​នោះឡើយ​។​
Sanyo Parts ជា​ក្រុមហ៊ុន​បោះ​ដុំ​គ្រឿងបន្លាស់​រថយន្ត​ដ៏​ធំ​មួយ ដែល​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៦៨ មក​ម្លេះ​។ នេះ​បើតាម​អគ្គនាយក​ក្រុមហ៊ុន​មួយ​នេះ​។​

​លោក ពេ​ជ សោភ័ន បានចាត់ទុក​កិច្ចសហការ​នេះ​ថា​ជាការ​ផ្ដល់ឱកាស​សម្រាប់​យុវជន​កម្ពុជា​។ លោក​ឲ្យ​ដឹង​ដូច្នេះ​ថា​៖«​នេះ​ជា​ឱកាស​មួយ​សម្រាប់​ពលរដ្ឋ​កម្ពុជា ដែលមាន​បំណង​ចង់​ចាប់​ជំនាញ​ពាក់ព័ន្ធ​នឹង​គ្រឿងបន្លាស់​រថយន្ត ហើយ​បច្ចុប្បន្ន​ទីផ្សារ​កម្ពុជា​កំពុង​ត្រូវការ​អ្នកមាន​ជំនាញ​ច្បាស់លាស់​លើ​ការផលិត និង​ជួសជុល​គ្រឿងយន្ត​»៕


Tag:
 គ្រឿងបន្លាស់​រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com