ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី​៖ បើ​ពលរដ្ឋ​ជាង​៥០​ភាគរយ​មិន​ទៅ​បោះឆ្នោត របប​សព្វថ្ងៃ នឹងត្រូវ​ផ្លាស់ប្តូរ
30, May 2018 , 4:36 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក សម រង្ស៊ី ប្រាប់​ប្រជាពលរដ្ឋ កុំ​ឲ្យ​ទៅ​បោះឆ្នោត ទើប​អាចធ្វើ​ឲ្យ​កម្ពុជា មានការ​ផ្លាស់ប្តូរ​។ តែ​លោក សុខ ឥសាន ឆ្លើយតប​យ៉ាងខ្លី​ថា ទៅ​មិន​រួច​ទេ​។


 
​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដូចជា​មិន​ខ្លាចរអែង​នឹង​ការព្រមាន​ចាត់វិធានការ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ទៅលើ​រូបលោក​នោះទេ ដែល​អំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​។ លោក នៅតែ​និយាយថា កម្ពុជា នឹងមាន​ការផ្លាស់ប្តូរ​ដោយ​ងាយស្រួល​នៅ​ឆ្នាំ​២០១៨ បើ​ប្រជាពលរដ្ឋ បោះបង់​ការបោះឆ្នោត​។

​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យា​អាស៊ីសេរី នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨ អតីត​ប្រធាន​គណបក្សប្រឆាំង ដែល​កំពុង​និរទេស​រូបនេះ ហ៊ាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖«​បើ​ប្រជាពលរដ្ឋ​ជាង​៥០​ភាគរយ ជាង​ពាក់កណ្តាល​នគរ មិន​ទៅ​បោះឆ្នោត ពេល​នុ៎ង របប​ដឹកនាំ​សព្វថ្ងៃ នឹង​ទទួល​បរាជ័យ​ទាំងអស់គ្នា​»​។

​លោក សម រង្ស៊ី លើក​ហេតុផលថា រដ្ឋាភិបាល​កម្ពុជា ដែល​កើតឡើង​ក្រោយ​ការបោះឆ្នោត​ក្លែងក្លាយ នឹង​មិនមាន​ភាពស្រប​ច្បាប់​ឡើយ ហើយ​សហគមន៍​អន្តរជាតិ នឹងមិន​ទទួលស្គាល់​នោះទេ​។ លោក សង្កត់ធ្ងន់ថា ដោយសារតែ​គ្មាន​ការទទួលស្គាល់​ពី​សហគម​ន៍​អន្តរជាតិ រដ្ឋាភិបាល​កម្ពុជា នឹង​ជាប់គាំង ហើយ​មិនអាច​ដំណើរ​បាន​។

​លោក បញ្ជាក់​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី​យ៉ាង​ដូច្នេះ​ទៀតថា​៖«​ចាំតែ​មើលទៅ ក្រោយ​ថ្ងៃទី​២៩ ខែកក្កដា លោក ហ៊ុន សែន នឹង​បាត់បង់​ភាពស្របច្បាប់​។ របប​ដឹកនាំ​សព្វថ្ងៃ នឹង​ដួលរលំ​ដោយ​ខ្លួនឯង ដោយសារតែ​អន្តរជាតិ​ឈប់​ទទួលស្គាល់ អស់​ជំនួយ អស់​ទីផ្សារ អស់​វិនិយោគ អស់​ឱកាស​ខ្ចីប្រាក់​ពី​គេ​»​។

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឆ្លើយតប​ថា ក្នុងចំណោម​ប្រជាពលរដ្ឋ​ជាង​៨​លាន​នាក់ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត មាន​ប្រមាណ​៦០​ភាគរយ​ឯណោះ ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក ចង់​បញ្ជាក់ថា យ៉ាងហោចណាស់​ក៏មាន​ប្រជាពលរដ្ឋ​ប្រមាណ​៦០​ភាគរយ​ដែរ ដែល​នឹង​ទៅ​បោះឆ្នោត​។

​ប៉ុន្តែ អ្នកនាំពាក្យ​គណបក្សកាន់អំណាច អះអាងថា ទោះបីជា​អ្នក​ទៅ​បោះឆ្នោត មាន​ចំនួន​តិចជាង​៥០​ភាគរយ​ក៏ដោយ ក៏​ការបោះឆ្នោត នៅតែ​បានការ​ដដែល​។ លោក បកស្រាយ​ថា ច្បាប់​នៅ​កម្ពុជា មិន​កំណត់​ចំនួន​អ្នក​ទៅ​បោះឆ្នោត​នោះទេ​។

​លោក សុខ ឥសាន លើកយក​ការបោះឆ្នោត​នៅ​បណ្តា​ប្រទេស​មួយចំនួន មក​ធ្វើជា​ឧទាហរណ៍​យ៉ាង​ដូច្នេះ​ថា​៖«​នៅ​ប្រទេស​ខ្លះ អ្នក​ទៅ​បោះឆ្នោត មិនបាន​៥០​ភាគរយ​ទេ ដូចជា​បោះឆ្នោត​នៅ​អាមេរិក ទទួលបាន​សំឡេង​ត្រឹមតែ​៤០​ភាគរយ​ប៉ុណ្ណោះ តែ​ប្រធានាធិបតី​របស់គេ​ឡើងកាន់​អំណាច​បាន​។ គេ​មិន​បានគិត​អ្នក​ដែល​មិនបាន​ទៅ​បោះឆ្នោត​ទេ ទោះបីជា​ដល់​ទៅ​៦០ ឬ​៧០​ភាគរយ​ក៏ដោយ​។ គេ​គិតតែ​សំឡេង​អ្នក​ដែល បាន​ទៅ​បោះឆ្នោត​ប៉ុណ្ណោះ​»​។

​លោក សុខ ឥសាន បន្តថា រដ្ឋាភិបាល​កម្ពុជា នឹងមិន​ជាប់គាំង ដោយសារតែ​សហគមន៍​អន្តរជាតិ​ខ្លះ មិន​ទទួលស្គាល់​នោះទេ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​បែបនេះ​ថា​៖«​លើ​ពិភពលោក មាន​ប្រទេស​រាប់រយ​ជា​មហាអំណាច​។ បើ​ប្រទេសមួយ​-​ពីរ មិន​ទទួលស្គាល់ ក៏មាន​ប្រទេស​ច្រើន​ទៀត​គេ​ទទួលស្គាល់​»​។ 

​លោក សម រង្ស៊ី និង​ក្រុមប្រឆាំង​នៅក្រៅ​ប្រទេស ដែល​អំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត បាន​រង​ការព្រមាន​ពី​រដ្ឋាភិបាល​កម្ពុជា​។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​ម្ពុ​ជា ចាត់ទុក​ការអំពាវនាវ​របស់​ក្រុមប្រឆាំង​ថា ជាការ​រំលោភសិទ្ធិ​រប​ស់​ប្រជាពលរដ្ឋ និង​ជាការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

​ចំណែកឯ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ហៅ​ការអំពាវនាវ​នេះ ថា​ជាការ​រារាំង​ប្រជាពលរដ្ឋ មិន​ឲ្យ​ទៅ​បោះឆ្នោត ដែលជា​ទង្វើ​ខុសច្បាប់​។ ឯ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក៏បាន​ស្នើ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច ចាត់វិធានការ​លើករ​ណី​នេះដែរ​៕


Tag:
 បោះឆ្នោត​
  សម រង្ស៊ី​
  សុខ ឥសាន​
© រក្សាសិទ្ធិដោយ thmeythmey.com