FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ Salah អាច​អវត្តមាន​២​ប្រកួត​ដំបូង ខណៈ​អ្នកគាំទ្រ​នាំគ្នា​បន់​ឲ្យ​ឆាប់​ជា​
30, May 2018 , 9:19 pm        
រូបភាព
អ្នកគាំទ្រអេហ្ស៊ីបបន់ស្រន់ឲ្យ Salah ឆាប់ជាសះស្បើយ
អ្នកគាំទ្រអេហ្ស៊ីបបន់ស្រន់ឲ្យ Salah ឆាប់ជាសះស្បើយ
 Mohamed Salah ប្រឈម​នឹង​អវត្តមាន​យ៉ាងហោចណាស់​ពីរ​ប្រកួត​ដំបូង​ឲ្យ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​ក្នុង​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល A ពានរង្វាន់ FIFA World Cup នៅ​រុស្ស៊ី ឆ្នាំ​២០១៨ បន្ទាប់ពី​ក្រុមគ្រូពេទ្យ​ប្រចាំ​ក្លិប Liverpool អះអាងថា ខ្សែប្រយុទ្ធ​ឆ្នើម​រូបនេះ​ត្រូវ​ទទួល​ការ​សម្រាក​ពីរ​បួស​ស្មា​ចន្លោះ​ពី​៣ ទៅ​៤​សប្តាហ៍​។​



​តារាបាល់ទាត់​ដែល​កំពុង​លេចធ្លោ​ខ្លាំង ចាប់តាំងពី​ផ្លាស់​មកកាន់​ទឹកដី Anfield ក្នុង​រដូវ​កាល​ដំបូង បានទទួល​រងរបួស​ស្មា​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បង្ខំចិត្ត​ដើរចេញ​ពី​ទីលាន​ទាំង​ទឹកភ្នែក​អំឡុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League បន្ទាប់ពី​ប៉ះទង្គិច​គ្នា​ជាមួយ Sergio Ramos ខ្សែការពារ Real Madrid​។​

Foxsports បាន​ចុះផ្សាយ​ដូច្នេះ​ថា លោក Ruben Pons គ្រូពេទ្យ​ជំនា​យ​កាយសម្បទា​របស់​ហង្ស​ក្រហម បាន​វាយតម្លៃ​លើ​អាការ​របួស​របស់ Salah ថា​យ៉ាងហោចណាស់​ក៏ត្រូវ​ការ​រយៈពេល​៣​ទៅ​៤​សប្តាហ៍​ដែរ​ដើម្បី​ជាសះស្បើយ​ពី​បញ្ហា​សរសៃ​ស្មា​ខាងឆ្វេង​នេះ​។​



​រយៈពេល​សម្រាក​ជិត​មួយខែ មានន័យថា​ខ្សែប្រយុទ្ធ​វ័យ​២៥​ឆ្នាំនេះ អាច​ចូលមក​កាន់​ទីលាន​វិញ​ឆាប់​បំផុត​ត្រឹម​ថ្ងៃទី​១៩ ខែមិថុនា ហើយ​យ៉ាងយូ​ថ្ងៃទី​២៦ ខែមិថុនា ដែល​នឹង​អាច​ប៉ះពាល់​ដល់​ការ​បង្ហា​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ World Cup ចំនួន​២​ប្រកួត​ដំបូង​។​

​អេ​ហ្ស៊ី​ប​ត្រូវ​ជួប អ៊ុយ​រូ​ហ្គា​យ​នៃ​ការប្រកួត​ដំបូង​ក្នុង​ពូ​ល A នៅ​ថ្ងៃទី​១៥ ខែមិថុនា និង​ជួប​ម្ចាស់ផ្ទះ​រុស្ស៊ី​នៅ​ថ្ងៃទី ២០ មិថុនា ដែល​ស្ថិតក្នុង​អំឡុងពេល Salah កំពុង​សម្រាក​។ ដូច្នេះ​អតីត​សមាជិក Chelsea និង Roma រូបនេះ​អាច​បង្ហាញខ្លួន​តែមួយ​ប្រកួត​ប៉ុណ្ណោះ​ពេល​ប៉ះ​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត ថ្ងៃទី​២៥ ខែមិថុនា ក្នុង​វគ្គ​សន្សំ​ពិន្ទុ​។​
​ព្រឹត្តិការណ៍ World Cup លើក​ទី​២២ ដែល​រុស្ស៊ី​ធ្វើជា​ម្ចាស់ផ្ទះ នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី ១៤ ខែមិថុនា រហូតដល់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨៕

អត្ថបទទាក់ទង



Tag:
 ​បាល់ទាត់​
  Mohamed Salah
  FIFA World Cup
  GroupA
© រក្សាសិទ្ធិដោយ thmeythmey.com