ជាតិ
បោះឆ្នោត
គ​.​ជ​.​ប​៖ យុទ្ធនាការ​«​ដេក​ផ្ទះ ឈ្នះ​ឯង​» អាច​ប្រឈម​នឹង​ច្បាប់ ឯ​យុទ្ធនាការ​«​តោះ!ទៅ​បោះឆ្នោត​» មានច្បាប់​ធានា​
31, May 2018 , 12:02 pm        
រូបភាព
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ដឹកនាំកិច្ចប្រជុំកន្លងមក
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ដឹកនាំកិច្ចប្រជុំកន្លងមក
​ភ្នំពេញ​៖ ខណៈ​ការបោះឆ្នោត​ខិតជិត​មកដល់ ពលរដ្ឋ​គាំទ្រ​នយោបាយ​ដែលមាន​និន្នាការ​ផ្សេងគ្នា បានធ្វើ​យុទ្ធនា​ការប្រឆាំង​គ្នា​ទៅវិញទៅមក ដើម្បី​បង្ហាញ​អារម្មណ៍​ពេញចិត្ត និង​មិន​ពេញចិត្ត ចំពោះ​ដំណើរការ​បោះឆ្នោត​។ ពលរដ្ឋ​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដើមធ្វើ​យុទ្ធនាការ​«​ដេក​ផ្ទះ ឈ្នះ​ឯង​» រីឯ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​យុទ្ធនាការ​«​ខ្ញុំ​ទៅ​បោះឆ្នោត ព្រោះ​ខ្ញុំ​ស្រលាញ់​ប្រទេស​ខ្ញុំ​»​។ តើ​ការធ្វើ​យុទ្ធនាការ​ទាំងពីរ​នេះ ត្រឹមត្រូវ​ដែរ​ទេ​?



​ពិតណាស់​ការធ្វើ​យុទ្ធនាការ​«​ដេក​ផ្ទះ ឈ្នះ​ឯង​» និង​យុទ្ធនាការ​«​ខ្ញុំ​ទៅ​បោះឆ្នោត ព្រោះ​ខ្ញុំ​ស្រលាញ់​ប្រទេស​ខ្ញុំ​»​នេះ គឺជា​ការបង្ហាញ​ក្តី​ស្មោះស្ម័គ្រ​របស់​អ្នកគាំទ្រ ទៅកាន់​គណបក្សនយោបាយ ។ ប៉ុន្តែ​វា​ក៏​អាស្រ័យ​លើ​ច្បាប់​ដែរ​។ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក ស៊ិ​ក ប៊ុន​ហុក បាន​និយាយថា ការធ្វើ​យុទ្ធនាការ​អ្វីមួយ គឺជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​ក៏​មិនត្រូវ​ឲ្យ​ខុសពី​ច្បាប់​ឡើយ​។​

​នៅពេល​អ្នកសារព័ត៌មាន​សួរថា តើ​យុទ្ធនាការ​ទាំងពីរ​នេះ ត្រឹមត្រូវ​តាមច្បាប់​ដែរ​ទេ​? លោក ស៊ិ​ក ប៊ុន​ហុក ឆ្លើយថា វា​អាស្រ័យ​លើ​ការអនុវត្ត​របស់​ពល​រដ្ឋ​នោះ ផ្ទុយ​ពី​ច្បាប់​ឬ​អត់​។ ក្នុងន័យនេះ​លោក ស៊ិ​ក ប៊ុន​ហុក ពន្យល់ថា យុទ្ធនា​ការជំរុញ​ពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត គឺ​ត្រឹមត្រូវ​តាមច្បាប់​ដែល​បាន​ធានា​ស្រាប់ រីឯ​យុទ្ធនាការ​«​ដេក​ផ្ទះ ឈ្នះ​ឯង​»​ហាម​ពលរដ្ឋ​បោះឆ្នោត គឺ​ផ្ទុយ​ពី​ច្បាប់​ដែរ​បានចែង​។​

​សូម​ស្ដាប់​សំឡេង​៖




​ថ្លែង​ចំពោះមុខ​អ្នកសារព័ត៌មាន ប្រធាន គ​.​ជ​.​ប រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖« យុទ្ធនាការ​(​ដេក​ផ្ទះ ឈ្នះ​ឯង​)​នេះ ចេញ​មកពីណា ហើយ​បើ​ចេញពី​បុគ្គល​ណា​ដែល​មិន​ឲ្យ​គេ​ទៅ​បោះឆ្នោត គឺ​បំបិទ​សិទ្ធ​របស់គេ​។ ហើយ​អ្នក​ដែល​ឲ្យ​គេ​ទៅ​បោះឆ្នោត គឹ​សិទ្ធ​របស់គេ​វា​មាន​ធានា ដោយ​រដ្ឋធម្មនុញ្ញ​។ (​បើ​យុទ្ធនាការ ដេក​ផ្ទះ ឈ្នះ​ឯង ជា​ទ្រង់ទ្រាយ​ធំ​) អាហ្នឹង​ហើយ បានន័យថា វា​ជា​បំណង​តែម្ដង ចង់​រារាំង​ប្រជាជន​មិន​ឲ្យ​បោះឆ្នោត​។ អាហ្នឹង​ហើយ បើ​បុគ្គល​(​ចាត់វិធានការ​)​ធ្វើតាម​បុគ្គល បើ​អង្គការ​ចាត់តាំង ជា​នីតិបុគ្គល ធ្វើតាម​នីតិបុគ្គល​»​។​
​បើតាម​លោក ស៊ិ​ក ប៊ុន​ហុក គ​.​ជ​.​ប នឹង​តាមដាន​យុទ្ធនាការ​«​ដេក​ផ្ទះ ឈ្នះ​ឯង​» សិន មុន​នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់​។ បន្ថែម​ពីនេះ​គ​.​ជ​.​ប ក៏​នឹង​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ ដើម្បី​ពិនិត្យមើល​ពី​ចំណាត់ការ​លើ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ផងដែរ​។​

អត្ថបទទាក់ទង


​មកដល់ពេលនេះ ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាននាំគ្នា​ធ្វើ​យុទ្ធនាការ​មួយ ដោយ​ប្រើពាក្យ​ស្លោ​កថា​«​ខ្ញុំ​ទៅ​បោះឆ្នោត ព្រោះ​ខ្ញុំ​ស្រលាញ់​ប្រទេស​ខ្ញុំ​» ។ ចំណែក​ពលរដ្ឋ​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដើមធ្វើ​យុទ្ធនាការ​«​ដេក​ផ្ទះ ឈ្នះ​ឯង​» តាម​ការអំពាវនាវរ​ប​ស់លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង​មួយ​នេះ​។​

​លោក សម រង្ស៊ី បាន​ឲ្យ​និយមន័យ​ពាក្យស្លោក «​ដេក​ផ្ទះ ឈ្នះ​ឯង​» ថា បើ​ពលរដ្ឋ​មិន​ទៅ​បោះឆ្នោត មានន័យថា​គណបក្ស​ប្រជាជន​ឈ្នះឆ្នោត ទាំង​បរាជ័យ​ផ្លូវចិត្ត​។​

​តែ​យ៉ាងណា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ធ្លាប់បាន​បញ្ជាក់ថា ទោះ​មាន​ពលរដ្ឋ​ទៅ​បោះឆ្នោត ក្រោម​៥០​ភាគរយ​ក៏ដោយ ក៏​ចាត់ទុកជា​សំឡេង​បានការ ក្នុងការ​ជ្រើស​តំណាងរាស្ត្រ ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​ដែរ ព្រោះ​ដោយសារ​ច្បាប់​នៅ​កម្ពុជា គ្មាន​ការកំណត់​ពី​ភាគរយ​នៃ​ចំនួន​អ្នកបោះឆ្នោត ដែល​អាច​យក​ផ្លូវការ​ឡើយ​។

​គួរ​បញ្ជាក់ថា គណបក្ស​ចំនួន​២០ នឹងត្រូវ​ចូលរួម​ការបោះឆ្នោត នៅ​ថ្ងៃទី​២៩ កក្កដា​ខាងមុខ​៕


Tag:
 ស៊ិ​ក ប៊ុន​ហុក​
  គ​.​ជ​.​ប
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com