ជាតិ
មន្ត្រី​ជួយ​សម្រួល​ធ្វើលិខិត​ឆ្លងដែន​ទទួល​ប្រាក់កម្រៃ​បន្ថែម​លើ​តម្លៃ​សេវា​ដើម​
31, May 2018 , 7:59 pm        
រូបភាព
រូបថតតំណាងធ្វើ​ត្រាប់​តាម​ការប្រគល់លិខិតឆ្លងដែននិងប្រាក់ចំនួន១១៥ដុល្លារ ដែលលើសតម្លៃកំណត់ត្រឹមតែ១០០ដុល្លារ សម្រាប់សេវាធ្វើលិខិតឆ្លងដែនធម្មតា។ (ខាន់ សុគុំមនោ/VOA)
រូបថតតំណាងធ្វើ​ត្រាប់​តាម​ការប្រគល់លិខិតឆ្លងដែននិងប្រាក់ចំនួន១១៥ដុល្លារ ដែលលើសតម្លៃកំណត់ត្រឹមតែ១០០ដុល្លារ សម្រាប់សេវាធ្វើលិខិតឆ្លងដែនធម្មតា។ (ខាន់ សុគុំមនោ/VOA)
ដោយ: VOA
​ភ្នំពេញ ៖ វា​ជា​រឿង​ចម្លែក​មួយ​នៅពេលដែល​ប្រជាពលរដ្ឋ​ទៅសុំ​លិខិតឆ្លងដែន ហើយ​ចង់​បំពេញ​ឯកសារ​ដោយ​ខ្លួនឯង​។ បើទោះជា​ប្រជាពលរដ្ឋ​ចង់​បំពេញ​ដោយ​ខ្លួនឯង តែ​ហាក់ដូចជា​មិនអាច​ទៅរួច​នោះទេ ដោយសារ​មាន​អ្នក​ចាំ​ទទួល​ស្វាគមន៍​ក្នុង​ការជួយ​សម្រួល​កិច្ចការ​នេះ​។​



​គ្រាន់តែ​ទៅដល់​ខាងមុខ​ខ្លោងទ្វារ​ការិយាល័យ​ចេញ​លិខិតឆ្លងដែន​ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ​ពី​ទីប្រជុំជន​នៅ​ភ្នំពេញ អ្នករត់​ការ​ឲ្យ​មន្ត្រី​ចេញ​លិខិតឆ្លងដែន​បានមក​ស្វាគមន៍ ហើយ​សួរថា​«​មាន​ណាត់​ហើយ​ឬ​នៅ​» ដែល​សំដៅថា​តើ​មាន​អ្នក​ជួយ​រត់ការ​ធ្វើលិខិត​ឆ្លងដែន​ហើយ​ឬ​នៅ​?

​ប្រសិនបើ​នៅទេ ពួកគេ​នឹង​នាំទៅ​ជួប​មន្ត្រី​ចេញ​លិខិតឆ្លងដែន ដែល​នឹង​ជួយ​សម្រួល​កិច្ចការ​ទាំងនេះ​។ ពលរដ្ឋ​ខ្លះ​ដែល​ធ្លាប់​ស្គាល់​មន្ត្រី​នៅ​ទីនោះ​អាចមក​ជួប​មន្ត្រី​ដោយផ្ទាល់ ហើយ​មន្ត្រី​នោះ​នឹង​ជួយ​បំពេញ​ឯកសារ​ប្រវត្តិរូប​មួយច្បាប់ ការថត​ចម្លង​អត្តសញ្ញាណប័ណ្ណ និង​ឯកសារ​ផ្សេងៗ​។​


ទីធ្លាសម្រាប់បំពេញឯកសារ និងកន្លែងអង្គុយរង់ចាំ នៅក្នុងការិយាល័យធ្វើលិខិតឆ្លងដែន(ស៊ុន ណារិន/VOA)

​មន្ត្រី​ស្លៀកពាក់​ឯកសណ្ឋាន​ការិយាល័យ​ចេញ​លិខិតឆ្លងដែន​នៅ​ទីនោះ​បាន​យក​តម្លៃ​លើសពី​ការកំណត់ ជា​ថ្នូរ​នឹង​ការជួយ​បំពេញ​ឯកសារ ការជួយ​សម្រួល​ដំណើរការ និង​ការជូនដំណឹង​ពេល​លិខិតឆ្លងដែន​ធ្វើ​រួចហើយ​។ តម្លៃ​ដែល​មន្ត្រី​ទាំងនោះ​យក​គឺ​អាស្រ័យ​លើ​ពួកគេ​ម្នាក់ៗ មិន​ដូចគ្នា​នោះទេ​។ ប៉ុន្តែ​ជាទូទៅ ពួកគេ​យក​ពី​១០​ដុល្លារ​ទៅ​២០​ដុល្លារ​លើស​តម្លៃ​កំណត់​។ ប៉ុន្តែ​មាន​អ្នកខ្លះ​យក​រហូត​ទៅដល់​៥០​ដុល្លារ​។​

​ការធ្វើ​លិខិតឆ្លងដែន​មាន​បែងចែក​ជា​បី​សេវា គឺ​សេវា​ធម្មតា​ត្រូវ​បង់​តម្លៃ​១០០​ដុល្លារ​អាមេរិក ហើយ​មាន​រយៈពេល​កំណត់​ធ្វើ​គឺ​២០​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ សេវា​រហ័ស​កម្រិត​មធ្យ​ម​តម្លៃ​១៥០​ដុល្លារ រយៈពេល​កំណត់​១០​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ និង​តម្លៃ​២០០​ដុល្លារ​សម្រាប់​សេវា​រហ័ស រយៈពេល​មួយថ្ងៃ​ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ​ចេញផ្សាយ​កាលពី​ឆ្នាំ​២០១៦​។ ប៉ុន្តែ​កាលពីពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បានប្រកាសថា រយៈពេល​នៃ​ការធ្វើ​លិខិតឆ្លងដែន​២០​ថ្ងៃ ត្រូវ​ប្តូរ​មក​១៥​ថ្ងៃ​វិញ​។ ចំណែក​១០​ថ្ងៃ​ត្រូវ​ប្តូរ​មក​៧​ថ្ងៃ​វិញ ហើយ​តម្លៃ​សេវា​គឺ​នៅ​ដដែល​។​

​នៅ​ការិយាល័យ​ចេញ​លិខិតឆ្លងដែន តារាង​តម្លៃ​ធ្វើលិខិត​ឆ្លងដែន​ត្រូវ​បានដាក់​ព្យួរ​នៅលើ​ជញ្ជាំង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​។ តែ​នេះ​មិន​មានន័យ​សម្រាប់​អ្នក​សុំ​លិខិតឆ្លងដែន​នោះទេ ដោយសារ​ពួកគាត់​មាន​អ្នក​ជួយ​រត់ការ​ឲ្យ​ទៅហើយ​។​

​បុរស​ម្នាក់​ដែលជា​អ្នក​នាំ​ភ្ញៀវ​ឲ្យ​មន្ត្រី​ចេញ​លិខិតឆ្លងដែន​បាន​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះថា លោក​ធ្លាប់បាន​នាំ​ភ្ញៀវ​ឲ្យ​មន្ត្រី​នៅ​ទីនោះ ដោយ​ទទួលបាន​ប្រាក់​ពី​មន្ត្រី​ចាប់ពី​១០០០០​ទៅ​១៥០០០​រៀល​សម្រាប់​ភ្ញៀវ​ម្នាក់​។​

​អ្នកស្រី​កុលាប អាយុ​៤១​ឆ្នាំ រស់នៅក្នុង​ខេត្តសៀមរាប និង​ជា​អ្នកលក់​គ្រឿង​រថយន្ត​ម្នាក់ មានប្រសាសន៍ថា កាលពីពេល​ថ្មីៗ​នេះ អ្នកស្រី​បានធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ​ដើម្បី​សុំ​លិខិតឆ្លងដែន ទុក​គ្រាន់​ធ្វើដំណើរ​ទៅ​ទិញ​សម្ភារៈ​រថយន្ត​នៅ​ប្រទេស​ថៃ​។ អ្នកស្រី​មានប្រសាសន៍ថា អ្នកស្រី​បាន​ចំណាយ​ប្រាក់​សម្រាប់ធ្វើ​លិខិតឆ្លងដែន​ចំនួន​១១៥​ដុល្លារ និង​បង់ថ្លៃ​រូបថត​ចំនួន​១៦០០០​រៀល​។​

​អ្នកស្រី​បានបញ្ជាក់​ថា ការរក​ជំនួយ​ពី​អ្នក​រត់ការ​ដែលមាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ចេញ​លិខិតឆ្លងដែន គឺ​ដើម្បី​កុំ​ឲ្យ​ចំណាយពេល​យូរ នៅពេល​មក​រាជធានី​ភ្នំពេញ ដើម្បី​បំពេញ​ឯកសារ​សុំ​លិខិតឆ្លងដែន​។​

​អ្នកស្រី​បាន​ថ្លែងប្រាប់ VOA ថា​៖

«​កាល​ហ្នឹង​ថា យើង​នៅ​ឆ្ងាយ​។ បង​ចង់​ថា ឲ្យ​សេវា​គេ​ធ្វើទៅ ដើម្បី​យើង​ចំណាយពេល​ទៅ​គេង​នៅ​ភ្នំពេញ​ឆាប់ ដូច​ថា តែមួយ​យប់​ទៅ យើង​អាចធ្វើ​ហើយ​។ យើង​អាច​វិល​មកវិញ​។ ប៉ុន្តែ​បើ​យើង​ទៅធ្វើ​ដោយ​ខ្លួនឯង បង​ខ្លាច​ចំណាយពេល​យូរ​»​។​

​អ្នកស្រី​បន្ថែមថា ការរក​ឯកសារ​បំពេញ​ដោយ​ខ្លួនឯង​ជា​រឿង​លំបាក​មួយ​។ អ្នកស្រី​មានប្រសាសន៍ថា​៖

«​បង​គិតថា ពិបាក​ត្រង់​ថា ទៅសុំ​ពាក្យ​គេ​ហ្នឹង គេ​ថា ក៏​យ៉ាប់​នឹង​សុំ​ដែរ​។ បងអត់​បាន​ទៅសុំ​អា​ពាក្យ​ដែល​យើង​ត្រូវបំពេញ​ហ្នឹង បងអត់​បាន​ទៅសុំ​ទេ​។ ប៉ុន្តែ​អ្នក​ដែល​ឈរ​ជិត​យើង គេ​និយាយ​គ្នា​គេ​ហ្នឹង​គឺ​គេ​ថា អត់​ស្រួល​ទេ​។ គេ​ថា អីចឹង​»​។​

​អ្នក​សុំ​លិខិតឆ្លងដែន​រូបនោះ​បាន​ឲ្យ​ដឹង​ទៀតថា អ្នក​បំពេញ​ឯកសារ​ឲ្យ​អ្នកស្រី ជា​អ្នក​ស្លៀកពាក់​ស៊ីវិល​ធម្មតា និង​ជា​ភ្នាក់ងារ​របស់​មន្ត្រី​នៅ​ទីនោះ​។​

​ទោះជា​យ៉ាងណា  អ្នកស្រី​មានប្រសាសន៍ថា អ្នកស្រី​អាចមាន​សមត្ថភាព​បំពេញ​ឯកសារ​សុំ​លិខិតឆ្លងដែន​បាន​ដោយ​ខ្លួនឯង​។​

​អ្នកស្រី​បាន​ថ្លែងថា​៖

«​បង​បំពេញបាន​អី​តើ​អូន​! ព្រោះ​បង​ចេះអក្សរ​ទេតើ​! ប៉ុន្តែ​បងអត់​ដឹង ចង់​ថា ដំបូង គឺ​បង​ត្រូវ​ការពឹង​គេ ហើយ​វា​ស្រួល​។ បើតាម​ថា បំពេញ​ខ្លួនឯង បង​ធ្វើបាន​ទេតើ​»​។​

​ប្រជាពលរដ្ឋ​ប្រមាណ​១៥​នាក់ ដែល VOA បាន​សាកសួរ​នៅ​កន្លែង​ចេញ​លិខិតឆ្លងដែន បាន​អះអាង​ដូចៗ​គ្នា​ថា ឯកសារ​របស់​ពួកគេ​ត្រូវបាន​បំពេញ​ឲ្យ​តាមរយៈ​មន្ត្រី​នៅ​ទីនោះ អ្នករត់​ការ​ឲ្យ​មន្ត្រី ឬ​ភ្នាក់ងារ​ក្រុមហ៊ុន​ដែល​ផ្តល់​សេវា​ធ្វើលិខិត​ឆ្លងដែន​។​

​អ្នក​សុំ​លិខិតឆ្លងដែន​ម្នាក់​ក្នុង​វ័យ​២៤​ឆ្នាំ​បាន​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា មិត្ត​ភ័ក្តិ​របស់​កញ្ញា​បាន​ណែនាំ​ឲ្យ​ស្គាល់​មន្ត្រី​ចេញ​លិខិតឆ្លងដែន​នៅ​ទីនោះ ហើយ​មន្ត្រី​បានរៀបចំ​ឯកសារ​ឲ្យ​កញ្ញា​។ កញ្ញា​បន្តថា កញ្ញា​បាន​ចំណាយ​ថវិកា​១១០​ដុល្លារ​សម្រាប់​លិខិតឆ្លងដែន​រយៈពេល​២០​ថ្ងៃ​។​

​កញ្ញា​និយាយថា​៖

«​គេ​សរសេរ​ឲ្យ​។ មន្ត្រី​ចេញ​លិខិតឆ្លងដែន​បំពេញ​ឲ្យ​»​។​


ពាក្យសុំធ្វើលិខិតឆ្លងដែន ដែលមន្រ្តីជួយបំពេញឲ្យអ្នកធ្វើលិខិតឆ្លងដែន។ (ស៊ុន ណារិន/VOA)

​ពលរដ្ឋ​ម្នាក់ទៀត ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ បាន​លើកឡើងថា អ្នកនាង​បាន​ចំណាយ​ប្រាក់​២៥០​ដុល្លារ​សម្រាប់​សុំ​លិខិតឆ្លងដែន​រយៈពេល​មួយថ្ងៃ ហើយ​មន្ត្រី​នៅ​ទីនោះ​បំពេញ​ឯកសារ​ឲ្យ​។​

​ឯកសារ​មួយច្បាប់​ដែល​មន្ត្រី ឬ​អ្នករត់​ការជួយ​បំពេញ​ឲ្យ​នោះ​គឺជា​ពាក្យសុំ​ចេញ​លិខិតឆ្លងដែន​ដែល​បំពេញ​ព័ត៌មាន​តាម​អត្តសញ្ញាណប័ណ្ណ បញ្ជាក់​មុខរបរ អាស័យដ្ឋាន​បច្ចុប្បន្ន ឈ្មោះ​ឪពុកម្តាយ និង​អាយុ​របស់​ពួកគាត់ និង​ឈ្មោះ​បងប្អូន​សម្រាប់​ទំនាក់ទំនង​។​

​បន្ទាប់ពី​បំពេញ​ពាក្យសុំ​ធ្វើលិខិត​ឆ្លងដែន មន្ត្រី​នោះ​នឹង​ថតចម្លង​អត្តសញ្ញាណប័ណ្ណ​ភ្ជាប់​នឹង​ពាក្យសុំ​នោះ ហើយ​បញ្ជូនទៅ​វាយ​ត្រា​ថា​«​បាន​ចម្លង​ត្រឹមត្រូវ​តាមច្បាប់​ដើម​» ដោយ​យកប្រាក់​១​ពាន់​រៀល​ពី​អ្នក​សុំ​លិខិតឆ្លងដែន​។ បន្ទាប់ពី​វាយ​ត្រា​រួចហើយ ដំណើរការ​បន្ទាប់​គឺ​អ្នក​សុំ​លិខិតឆ្លងដែន​ត្រូវធ្វើ​ខ្លួនឯង​ទាំងអស់​គឺ​ត្រូវ​ចាប់លេខ​រង់ចាំ ដើម្បី​ផ្តិត​យក​ស្នាម​ខ្ចៅ​ម្រាមដៃ ថតរូប បិទ​រូបថត វាស់កម្ពស់ និង​សម្ភាស ដែលជា​ដំណាក់កាល​ចុងក្រោយ​។ អ្នក​សុំ​លិខិតឆ្លងដែន​ត្រូវ​ចំណាយពេល​យ៉ាងតិច​មួយ​ម៉ោង​កន្លះ ខណៈ​មាន​ប្រជាពលរដ្ឋ​ច្រើន​មក​ធ្វើ​ដំណាលគ្នា​។​

​បន្ទាប់ពី​ផ្តិត​ខ្ចៅ​ម្រាមដៃ អ្នក​សុំ​លិខិតឆ្លងដែន​ត្រូវ​បង់ថ្លៃ​ថតរូប​ចំនួន​១៦០០០​រៀល​។ នៅលើ​តុ​មន្ត្រី​បិទ​រូបថត​មាន​កាត​ទំនាក់ទំនង​របស់​មន្ត្រី​ចេញ​លិខិតឆ្លងដែន ដែល​ទុក​ឲ្យ​អ្នក​សុំ​លិខិតឆ្លងដែន​យក​ទុក​ដើម្បី​ទាក់ទង​សុំ​លិខិតឆ្លងដែន​នៅពេល​ក្រោយ​។​

​បន្ទាប់ពី​បំពេញ​ដំណើរការ​ទាំងអស់នេះ ពួកគេ​ត្រូវយក​ឯកសារ​មួយច្បាប់​នេះ​ទៅ​ឲ្យ​មន្ត្រី​រត់ការ​របស់ខ្លួន ហើយ​បង់ប្រាក់​។ ការបង់ប្រាក់​នោះ​មិនមាន​វិ​ក្ក័​យ​ប័ត្រ​នោះទេ ហើយក៏​មិនមាន​ចុងសន្លឹក​ណា ដែល​បញ្ជាក់​ពេលវេលា​មក​យក​លិខិតឆ្លងដែន​នោះដែរ​។​

​បើតាម​ព័ត៌មាន​ដែល​បិទ​នៅលើ​ជញ្ជាំង មន្ត្រី​ត្រូវ​ចេញ​បង្កាន់ដៃ​បង់ប្រាក់ និង​ចុងសន្លឹក​សម្រាប់​មក​ទទួល​លិខិតឆ្លងដែន តាម​ពេល​កំណត់​។​

​អ្នក​សុំ​លិខិតឆ្លងដែន​រង់ចាំ​ការហៅ​ទូរស័ព្ទ​ពី​មន្ត្រី នៅពេល​លិខិតឆ្លងដែន​ធ្វើ​ហើយ ឬ​អ្នក​សុំ​លិខិតឆ្លងដែន​ត្រូវ​ហៅ​ទូរស័ព្ទ​សួរថា តើ​លិខិតឆ្លងដែន​ធ្វើ​ហើយ​ឬ​នៅ​។​

​មន្ត្រី​ចេញ​លិខិតឆ្លងដែន​ម្នាក់​គឺ​អ្នកស្រី ស៊ីម ថា​នី បាន​ទទួលស្គាល់ថា អ្នកស្រី​ពិតជា​បាន​ជួយ​បំពេញ​ឯកសារ​ជូន​ដល់​ប្រជាពលរដ្ឋ​មួយចំនួន ដែល​អ្នកស្រី​ថា មិនអាច​បំពេញ​ឯកសារ​បាន​។ អ្នកស្រី​ក៏បាន​ទទួលស្គាល់ថា អ្នកស្រី​ពិតជា​បានទទួល​ប្រាក់កម្រៃ​មួយចំនួន​ពី​អ្នក​មកសុំ​លិខិតឆ្លងដែន​។​

​អ្នកស្រី​មានប្រសាសន៍ថា​៖

«​ធម្មតា​គាត់​អីចឹង​មកពី​ខេត្ត គាត់​អត់​ដឹង​របៀបរបប​បំពេញ​ឯកសារ​។ ដល់ពេល​អីចឹង យើង​ជួយ​បំពេញ​គាត់​ទៅ​។ យើង​រត់​ពី​ទីនេះ​ទៅ​ទីនោះ សព្វកន្លែង​អីចឹង​។ នៅ​ហ្វូ​តូ នៅ​ពិនិត្យ​ឯកសារ ដល់ពេល​អីចឹង គេ​រុញ​ចុះ រុញ​ឡើងៗ​។  អីចឹង​ទៅ គាត់​ពឹង​យើង​ឲ្យ​ជួយ​។ ជួយ​ថា ឲ្យ​បង​តិចតួច​ទៅ បង​ជួយ​បាន​»​។​

​អ្នកស្រី​បានបញ្ជាក់​បន្ថែមថា​៖

«​ធម្មតា អ្នកខ្លះ​គេ​ជូន​យើង​អីចឹង​ទៅ​អូន​។ ដូច​ថា យើង​ខំ​ជួយ​ខ្នះខ្នែង​ឲ្យ​គាត់​អីចឹង គាត់​អាណិត​យើង គាត់​ឲ្យ​»​។​

​មន្ត្រី​ចេញ​លិខិតឆ្លងដែន​ម្នាក់ទៀត លោក វិ​ន សុវិចិត្រ​បាន​បដិសេធថា លោក​មិនបាន​ជាប់​ពាក់ព័ន្ធ​នឹង​ការយក​តម្លៃលើស​ការកំណត់​នោះទេ​។​

​លោក​មានប្រសាសន៍ថា​៖

«​ខាង​មន្ត្រី​យើងខ្ញុំ​អត់​មាន​យក​អីចឹង​ទេ​។ អត់​មានរឿង​សេវាកម្ម​ជូន​ចុះ ជូន​ឡើង​អី​អីចឹង​ទេ​។ មន្ត្រី​ខាងយើង​ខ្ញុំ​គឺ​អត់​មាន​សេវាកម្ម​ណា​យក​បន្ថែម​ទេ​។ តម្លៃ​អាករ បង់​ចូល​រដ្ឋ​ហ្មង​»​។

​លោក​បញ្ជាក់​បន្ថែមថា​៖

«​ខ្ញុំ​ចង់​បញ្ជាក់ថា តើ​សមត្ថកិច្ច​មួយណា​ដែល​យក​សេវា​បន្ថែមទៀត​ហ្នឹង បង​?»

​លោក​ប្រុក ម៉ៃ​ឧ​ត្ត​ម អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​របស់​អគ្គនាយក​ដ្ឋា​ន​អត្តសញ្ញាណ​កម្ម មានប្រសាសន៍ថា លោក​មិន​បានដឹង​អំពី​ករណី​មន្ត្រី​ការិយាល័យ​ចេញ​លិខិតឆ្លងដែន ជួយ​បំពេញ​ឯកសារ​យក​តម្លៃលើស​ច្បាប់​កំណត់​នោះទេ​។ តែ​លោក​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ជួបប្រទះ​បញ្ហា​នេះ ដាក់ពាក្យ​បណ្តឹង​ទៅ​នាយកដ្ឋាន​ចេញ​លិខិតឆ្លងដែន ដើម្បី​លោក​អាច​ចាត់វិធានការ​។​

​លោក​បាន​ថ្លែងប្រាប់ VOA​ថា​៖

«​ខ្ញុំ​មិនបាន​ជ្រាប​ឡើយ​រឿង​ហ្នឹង ព្រោះ​វា​អត់​ទាន់​មាន​បណ្តឹង​ណា​ប្តឹង​មកដល់​ខ្ញុំ​ថា មន្ត្រី​ក មន្ត្រី​ខ គាត់​បាន​ប្រើប្រាស់​តួនាទី​គាត់ យក​តម្លៃ​ជើងសារ​លើស​។ ចង់​និយាយ​អីចឹង​ណា អាហ្នឹង​ទីមួយ​។ ទី​ពីរ​ប្រយ័ត្ន​គាត់​ពឹង​ទៅ​ក្រុមហ៊ុន គាត់​ចេះតែ​ថា មន្ត្រី​ខាង​ខ្ញុំ​ដែរ​។ អីចឹង​បាន​ថា អ្នក​ទាំងនោះ គាត់​មានការ​ច្រឡូកច្រឡំ​គ្នា​»​។​

​លោក​ក៏បាន​ទទួលស្គាល់ថា មាន​អ្នក​រត់ការ​មួយចំនួន​នៅ​កន្លែង​ចេញ​លិខិតឆ្លងដែន ជា​ភ្នាក់ងារ​របស់​ក្រុមហ៊ុន​ទទួល​ធ្វើលិខិត​ឆ្លងដែន​។ តែ​លោ​កថា មិនបាន​ដឹង​ពិត​ប្រាកដថា មាន​អ្នកណា​ខ្លះទៀត​នោះទេ ដោយសារ​ក្តាប់​ព័ត៌មាន​មិន​គ្រប់​ជ្រុងជ្រោយ​។​

​លោក​មានប្រសាសន៍ថា​៖

«​ខ្ញុំ​នឹង​យក​ព័ត៌មាន​នេះ​។ ខ្ញុំ​នឹង​ឆែក​ជាមួយ​ប្រធាន​នាយកដ្ឋាន​ដើម្បី​ដឹងថា តើ​មាន​កិច្ចការ​ហ្នឹង​ឬ​អត់​? ហើយ​ខ្ញុំ​សូម​អ​ញ្ចេះ កុំ​ឲ្យ​ប្រជាពលរដ្ឋ​និយាយ សុំ​ឲ្យ​គាត់​ប្តឹង​មក​! អ្នកណា​? ចង់​និយាយ​ច​ញ្ចេះ​! ព្រោះ​កាលណា យើង​និយាយ​ជាទូទៅ​អីចឹង ប៉ះពាល់​ដល់​គេ​ច្រើន​»​។​

​មន្ត្រី​រូបនោះ​បាន​ឲ្យ​ដឹង​ទៀតថា អ្នក​សុំ​លិខិតឆ្លងដែន​នឹង​ទទួលបាន​ចុងសន្លឹក ដែលមាន​កំណត់ថា តើ​អាចមក​យក​លិខិតឆ្លងដែន​នៅពេលណា​។ លោក​បញ្ជាក់ថា ជាធម្មតា លិខិតឆ្លងដែន​ត្រូវធ្វើ​ហើយ តាម​កាលកំណត់ មិនដែល​យឺតយ៉ាវ​នោះទេ​។​

​បើតាម​លោក ប្រុក ម៉ៃ​ឧ​ត្ត​ម ជា​មធ្យម ក្នុង​មួយថ្ងៃ ប្រជាពលរដ្ឋ​ប្រមាណ​៣០០០​ទៅ​៤០០០​នាក់ បាន​មកសុំ​លិខិតឆ្លងដែន ក្នុងនោះ​១០​ភាគរយ​ប៉ុណ្ណោះ ដែល​ត្រូវការ​សេវា​ឆាប់រហ័ស​។​

​លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បានចាត់ទុក​ការយក​លុយ​លើសពី​ការកំណត់​សម្រាប់​សេវាសាធារណៈ​គឺជា​ភាពមិនប្រក្រតី ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​។​

​លោក​មានប្រសាសន៍ថា​៖

«​ប្រសិនជា​គាត់​ទារ​លើសពី​តម្លៃ​កំណត់ដោយ​ច្បាប់​គឺជា​បទល្មើស​ហើយ ហើយ​បទល្មើស​ហ្នឹង វា​អាចជា​បទល្មើស​ទារប្រាក់​បន្ថែម​លើស​ចំនួន​កំណត់ នៅក្នុង​ហ្នឹង​ជា​បទល្មើស​ពុករលួយ​ហើយ​»​។​

​លោក​បន្តថា ករណី​មន្ត្រី​យក​កម្រៃជើងសារ​នេះ នៅតែ​កើតមានឡើង​នៅតាម​ស្ថាប័នរដ្ឋ បើទោះជា​មានការ​ធ្លាក់ចុះ​ក៏ដោយ​។​

​លោក ព្រាប កុល ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​នេះ និង​ដាក់​ទោសទណ្ឌ​មន្ត្រី​ដែល​ប្រព្រឹត្ត​បែបនេះ​។ លោក​មានប្រសាសន៍ថា​៖

«​ក្រសួង​ដែលមាន​សមត្ថកិច្ច ដែលមាន​សិទ្ធិ​ក្នុង​ការផ្តល់​សេវាកម្ម​ហ្នឹង ត្រូវ​ពិនិត្យ​ការអនុវត្ត​ច្បាប់​របស់​មន្ត្រីក្រោមឱវាទ​ដែល​ចេញ​លិខិតឆ្លងដែន​ហ្នឹង​។ គាត់​ត្រូវតែ​ទប់ស្កាត់ គាត់​ត្រូវតែ​ហាមឃាត់ ហើយ​ត្រូវតែ​ដាក់ទោស​មន្ត្រី​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ហ្នឹង​។ មិនអាច​ឲ្យ​អីចឹង​តទៅទៀត​ទេ ត្រូវតែ​ធ្វើការ​ស៊ើបអង្កេត ហើយ​ឲ្យ​អ្នក​ដែល​គាត់​ប្រព្រឹត្ត​ខុស​ហ្នឹង​ឈប់​ប្រព្រឹត្ត​ហើយ​និង​ដាក់ទោស​ទណ្ឌ​គាត់ ទៅតាម​ច្បាប់ កុំ​ឲ្យ​មាន​រឿងនេះ​បន្តទៀត​»​។​

VOA បាន​ព្យាយាម​សុំ​អត្ថាធិប្បាយ​ពី​លោក​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) តែ​មិនទាន់​អាច​សុំ​ការ​បាន​នៅឡើយ​ទេ​។​

​លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា ក៏បាន​សង្កេតឃើញ​មាន​មន្ត្រី​រត់ការ​នៅ​ការិយាល័យ​ចេញ​លិខិតឆ្លងដែន​ផងដែរ​។ លោក​មានប្រសាសន៍ថា ការរត់​ការ​នេះ​បង្ហាញ​រូបភាព​មិនល្អ​ដល់​ការផ្តល់​សេវាសាធារណៈ និង​នាំ​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ​។​

​លោក​មានប្រសាសន៍ថា​៖

«​ចុងក្រោយ​ដែល​យើង​ចង់​ឲ្យ​មានការ​ដោះស្រាយ​ហ្នឹង​គឺ​លុបបំបាត់​ការរត់​ការ ឬក៏​ការជួយ​សម្រួល​ណា​ដែលជា​ថ្នូរ​នឹង​លុយកាក់​»​។​

​លោក​បន្តថា រដ្ឋាភិបាល​អាចបង្កើត​ការិយាល័យ​សម្រាប់​ពលរ​ដ្ឋ​ដែល​មិនមាន​សមត្ថភាព​ក្នុងការ​បំពេញ​ឯកសារ​ដោយ​ខ្លួនឯង ហើយ​មន្ត្រី​អាចជួយ​បំពេញ​ឲ្យ​ពួកគេ​។ លោក​ក៏បាន​ជំរុញ​ឲ្យ​មាន​កំណែទម្រង់​មួយ ដែល​អនុញ្ញាត​ឲ្យ​មានការ​បំពេញ​ឯកសារ និង​បង់ប្រាក់​ជាមុន​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដើម្បី​កាត់បន្ថយ​ការងារ​នៅ​ហ្នឹង​កន្លែង​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com