ជាតិ
EU លើកស្ទួយ​គុណភាព​អប់រំ​ក្នុង​តំបន់​អាស៊ាន​តាមរយៈ​កម្មវិធី SHARE
31, May 2018 , 5:14 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ «​ស្ហ៊ែ​រ​» SHARE គឺជា​កម្មវិធី​លើកកម្ពស់​គុណភាព​អប់រំ ការប្រកួតប្រជែង និង​អន្តរ​ជាតូបនីយកម្ម​នៃ​គ្រឹះស្ថានឧត្ដមសិក្សា និង​និស្សិត​នៅក្នុង​តំបន់​អាស៊ាន​។



​អ្នកជំនាញ​ផ្នែក​ឧ​ត្ត​មសិ​ក្សា ថ្នាក់ដឹកនាំ​នៃ​សាកលវិទ្យាល័យ មន្ត្រីជាន់ខ្ពស់​ក្នុង​វិស័យ​អប់រំ​មកពី​តំបន់​អាស៊ាន រួមទាំង​មន្ត្រីជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទាំងអស់​ជាង​១០០​នាក់ បានមក​ជួបជុំគ្នា​នៅក្នុង​សន្និសីទ​ថ្នាក់​តំបន់​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ពិភាក្សា​អំពី​ការជំរុញ​កម្មវិធី​អប់រំ​ក្នុង​តំបន់​អាស៊ាន​តាមរយៈ​កម្មវិធី SHARE​។ សន្និសីទ​ដែល​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ Sunway ត្រូវបាន​ដឹកនាំ​រួមគ្នា​ដោយ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​លោក ច​ច អេ​ដ​ហ្គា (George Edgar) និង​រដ្ឋលេខាធិការ​ក្រសួង​អប់រំ លោក យក់ ង៉ុ​យ​។​

SHARE គឺជា​កម្មវិធី​គាំទ្រ​កម្រិត​ឧ​ត្ត​មសិ​ក្សា​ក្នុង​តំបន់​អាស៊ាន ដែល​ត្រូវបាន​ឧបត្ថម្ភ​ដោយ​សហភាព​អឺរ៉ុប ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​លេខាធិការ​អាស៊ាន​។ តាំងពី​ឆ្នាំ​២០១៦ កម្មវិធី​SHARE បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធ្វើ​អន្តរ​ជាតូបនីយកម្ម និង​សុខដុម​នីយកម្ម​នៃ​ឧ​ត្ត​មសិ​ក្សា​ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន​។​



​ការជួប​ជុំគ្នា​នៃ​អ្នកជំនាញ​អប់រំ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​រយៈពេល​២​ថ្ងៃ (៣០-៣១ ឧសភា​) កន្លងទៅនេះ ត្រូវ​រៀបចំឡើង​ដើម្បី​ផ្តល់​ឲ្យ​អ្នកចូលរួម​យល់ដឹង​អំពី​គោលនយោបាយ​អប់រំ​នាពេល​បច្ចុប្បន្ន គំនិត​ច្នៃប្រឌិត (​នវានុវត្តន៍​)​ដែល​ទទួលបាន​ជោគជ័យ និង​ពិសោធន៍​ល្អ​ដែល​ត្រូវបាន​អនុវត្ត​នៅក្នុង​តំបន់​អាស៊ាន និង​នៅ​អឺរ៉ុប​។​

​នៅក្នុង​ឱកាស​បើក​សន្និសីទ​នោះ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​បាន​មានប្រសាសន៍ លោក​រីករាយ​ដែល​បានឃើញ​បទពិសោធន៍​របស់​សហ​ភាព​អឺរ៉ុប​លើ​ប្រព័ន្ធ​ផ្ទេរ​ក្រេ​ឌី​ត បាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ជំរុញ​ឲ្យ​មានការ​ចល័ត​និស្សិត​ក្នុង​តំបន់​អាស៊ាន និង​ការកសាង​អត្តសញ្ញាណ​អាស៊ាន​ខ្លួនឯង​។ លោក អេ​ដ​ហ្គា បាន​បន្ថែម​យ៉ាង​ដូច្នេះ​៖«​កម្មវិធី​នេះ ជា​កម្មវិធី​បន្ថែម​លើ​កម្មវិធី​អាហារូបករណ៍​ជាច្រើន​ដែល​ផ្តល់​ដល់​កម្ពុជា​តាមរយៈ​កម្មវិធី Erasmus Plus​។ លើសពីនេះ​ទៀត កម្មវិធី​នេះ​ក៏​ជា​កម្មវិធី​បន្ថែម​លើ​ការគាំទ្រ​យ៉ាងច្រើន​របស់​សហភាព​អឺរ៉ុប​ដល់​វិស័យ​អប់រំ​កម្ពុជា​»​។​

​ប្រព័ន្ធ​ផ្ទេរ​ក្រេ​ឌី​តរបស់ SHARE បាន​ឆ្លងកាត់​ការអនុវត្ត​សាកល្បង​តាមរយៈ​ការអនុវត្ត​កម្មវិធី​អាហារូបករណ៍​របស់ SHARE​។ ចាប់តាំងពី​ឆ្នាំ ២០១៦ មក កម្មវិធី​ស្ហ៊ែ​រ​បានផ្តល់​អាហារូបករណ៍​សរុប ៤០០​កន្លែង​ដល់​និស្សិត​មកពី​បណ្ដា​ប្រទេស​អាស៊ាន ៨​ប្រទេស​ដើម្បី​សិក្សា​រយៈពេល​ខ្លី​នៅ​សាកល​វិទ្យា​ចំនួន ៣២​ក្នុង​តំបន់​អាស៊ាន និង​អាហារូបករណ៍ ១០០​កន្លែង​ផ្សេងទៀត ដល់​និស្សិត​អាស៊ាន​សិក្សា​នៅ​សាកលវិទ្យាល័យ ៨​នៅ​អឺរ៉ុប​។​

​សម្រាប់​លោក យក់ ង៉ុ​យ អន្តរ​ជាតូបនីយកម្ម​តាម​ប្រព័ន្ធ​ផ្ទេរ​ក្រ​ឌី​ត និង​ការ​ចល័ត​និស្សិត បាន​នាំមក​នូវ​ផលប្រយោជន៍​ដល់​ប្រទេសជាតិ និង​តំបន់​អាស៊ាន តាមរយៈ​ការផ្ដល់​ផល​សេដ្ឋកិច្ច ន​វា​នុ​វត្ដ​ន៍ និង​ធនធានមនុស្ស​។ លោក​បន្តថា ការបង្កើត​ស្ដង់ដារ​ឧត្ដមសិក្សា​សកល​មួយ នឹង​ផ្ដល់ឱកាស​ឲ្យ​យុវជន​បាន​ចូលរួម​ក្នុង​ទីផ្សារការងារ ដែលមាន​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស ហើយ​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​មាន​ភាព​រឹងមាំ ដោយមាន​ការប្រកួតប្រជែង​សេដ្ឋកិច្ច​អន្តរជាតិ​សម្រាប់​អាស៊ាន​។​

«​ក្រោយពី​ចប់​ការសិក្សា និស្សិត​អាចធ្វើ​ការងារ​នៅ​ប្រទេស​អាស៊ាន និង​នៅ​អឺរ៉ុប​បាន​។ ទាំង​ជំនាញ​រឹង និង​ទន់ ពួកគេ​នឹង​អាចឆ្លើយតប​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​បរទេស​»​។ នេះ​ជាការ​អះអាង​របស់លោក យក់ ង៉ុ​យ​។​

​សូមបញ្ជាក់ថា និស្សិត​ជាង ១៤០០​នាក់ មន្ត្រី​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ២៥០​នាក់ និង​គ្រឹះស្ថានឧត្ដមសិក្សា ៤២​គ្រឹះស្ថាន បច្ចុប្បន្ន​កំពុងតែ​ប្រើប្រាស់​វេទិការ​អន​ឡាញ​របស់​ស្ហ៊ែ​រ និង​ឧបករណ៍​ឌីជីថល​ដែលមាន​លក្ខណៈ​ពេញលេញ​៕
 

Tag:
 EU-ASEAN
 ​យក់ ង៉ុ​យ
© រក្សាសិទ្ធិដោយ thmeythmey.com