អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ ថា ជំនួប​ជាមួយ​លោក គីម នៅ​សិង្ហ​បុរី នឹង​ធ្វើតាម​គម្រោង​ដូចដើម​
02, Jun 2018 , 12:59 pm        
រូបភាព
លោក ដូណាល់ ត្រាំ ចាប់ដៃជាមួយលោក គីម យ៉ុងឈុល (រូបភាព AFP)
លោក ដូណាល់ ត្រាំ ចាប់ដៃជាមួយលោក គីម យ៉ុងឈុល (រូបភាព AFP)
ដោយ: ថ្មីៗ
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១ ខែមិថុនា បានប្រកាសថា លោក​នឹង​ទៅ​ជួប​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​សិង្ហ​បុរី​តាម​ការព្រមព្រៀង​គ្នាដ​ដែល​។ លោក ត្រាំ ប្រកាស​ដូចនេះ នៅក្រោយ​ជំនួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង គីម យ៉ុង​ឈុ​ល នៅឯ​សេត​វិមាន​រួចមក​។ លោក គីម ជា​មន្ត្រី​កូរ៉េខាងជើង​ថ្នាក់ខ្ពស់​ដំបូង​គេ​ដែល​បានធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​រយៈពេល​ជិត​២០​ឆ្នាំ​មកនេះ​។

 
​ទីបំផុត​ទៅ ជំនួប​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​ដែល​ស្លាប់បាត់​ហើយ​នោះ បាន​រស់​ឡើងវិញ​មែន​។ ជា​ដំណើរ​ផ្ទុយស្រឡះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ប្រកាសថា លោក​មាន​ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ថ្ងៃទី​១២ ខែមិថុនា នៅ​សិង្ហ​បុរី​។ ការប្រកាស​របស់លោក ត្រាំ ធ្វើឡើង​ស្រប​ពេលដែល​មន្ត្រី​អាមេរិក និង​កូរ៉េខាងជើង​កំពុង​ង​ញាប់ដៃ​ញាប់ជើង​ក្នុងការ​រៀបចំ​ជំនួប​នេះ​ឲ្យ​ស្រេចបាច់​។​
 
​លោក ត្រាំ បាន​ជួប​ជាមួយ​លោក គីម យ៉ុង​ឈុ​ល ដៃស្ដាំ​លោក គីម ជុង​អ៊ុន នៅ​ថ្ងៃទី​១ ខែមិថុនា​ក្នុង​បន្ទប់​ពងក្រពើ​នៃ​សេត​វិមាន​។ ក្រោយ​ជំនួប​ជាង​៩០​នាទី លោក ត្រាំ ក៏​ប្រកាស​បន្ត​ជំនួប​នៅ​សិង្ហ​បុរី​តែម្ដង​។ យ៉ាងណាមិញ ប្រមុខរដ្ឋ​អាមេរិក​រូបនេះ​ក៏​និយាយ​ទុក​មុន​ដែរ​ថា ជំនួប​នៅ​សិង្ហ​បុរី​គ្រាន់តែ​ជាការ​ជួបគ្នា​ដើម្បី​ស្គាល់​ចិត្តថ្លើម​ប៉ុណ្ណោះ ហើយ​អាមេរិក និង​កូរ៉េខាងជើង​នឹង​មិនទាន់​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រំសាយ​នុយក្លេអ៊ែរ​អ្វី​ឡើយ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ត្រាំ បញ្ជាក់ថា​៖ «​ខ្ញុំ​មិនដែល​និយាយថា វា​ជា​ជំនួប​តែម្ដង​ឡើយ​។ ខ្ញុំ​គិតថា វា​ជា​ដំណើរការ​មួយ ប៉ុន្តែ​ទំនាក់ទំនង (​ទ្វេភាគី​) ត្រូវបាន​ស្ថាបនា ហើយ​វា​ជា​រឿង​វិជ្ជមាន​»​។ ថ្លែងប្រាប់​អ្នកព័ត៌មាន​ក្រោយ​ជូន​ដំណើរ​លោក គីម ប្រធានាធិបតី​អាមេរិក​រូបនេះ​ក៏បាន​បង្ហើប​ដែរ​ថា លោក​ក៏បាន​ជជែក​លើ​ប្រធានបទ​បញ្ចប់សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​ផងដែ​។ បញ្ហា​នេះ​ទំនងជា​របៀបវារៈ​សម្រាប់​ជំនួប​នៅ​សិង្ហ​បុរី​ដែរ បន្ថែម​ពីលើ​ការរំសាយ​នុយក្លេអ៊ែរ​នោះ​។​
 
​ជាមួយគ្នា​នោះ លោក ត្រាំ ក៏បាន​ទទួល​សំបុត្រ​របស់​មេដឹកនាំ​កូរ៉េខាងជើង​ដែរ​។ ទោះជា​ព័ត៌មាន​លម្អិត​នៃ​សំបុត្រ​នេះ​មិនទាន់​បញ្ចេញ​ក្ដី គេ​ជឿថា វា​អាចមាន​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​ជួបគ្នា​នៅ​សិង្ហ​បុរី​។ នេះ​ក៏​ព្រោះតែ​ក្នុង​លិខិត​ថ្ងៃទី​២៤ ខែឧសភា ដែល​ជូនដំណឹង​ពី​ការលុបចោល​ជំនួប​ប្រវត្តិសាស្ត្រ​នេះ លោក ត្រាំ បាន​សង្កត់ធ្ងន់ថា បើ​លោក គីម ចង់​ជួប​លោក មេដឹកនាំ​កូរ៉េខាងជើង​អាច​ទូរ​សព្ទ ឬ​សរសេរ​សំបុត្រ​ទៅ​ឲ្យ​លោក​បាន​គ្រប់ពេល​។​
 
​ជុំវិញ​បញ្ហា​រំសាយ​នុយក្លេអ៊ែរ​នេះ អាមេរិក និង​កូរ៉េខាងជើង​ហាក់​មិនទាន់​ជំហរ​ស្របគ្នា​ឡើយ ទោះជា​កូរ៉េខាងជើង​ប្រកាស​ជា​ញឹកញយ​ពី​ឆន្ទៈ​ឥត​ងាករេ​របស់ខ្លួន​ចំពោះ​បញ្ហា​នេះ​ក្ដី​។ សម្រាប់​អាមេរិក កូរ៉េខាងជើង​ត្រូវ​បោះបង់​នុយក្លេអ៊ែរ​ទាំងស្រុង និង​មិនត្រូវ​ត្រឡប់​ទៅរក​អាវុធ​នេះ​ម្ដង​ទៀតឡើយ ទើប​អាមេរិក​ព្យួរ​ទណ្ឌកម្ម​។ ប៉ុន្តែ​កូរ៉េខាងជើង​ចង់បាន​ការរំសាយ​នុយក្លេអ៊ែរ​នេះ​ធ្វើឡើង​តាម​ដំណាក់កាល ព្រម​គ្នា​នឹង​ការលើកលែង​ទណ្ឌកម្ម​ដែរ​។​
 
 
 
 

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com