ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ​៖ លោក សម រង្ស៊ី ប្រមាថ​ព្រះមហាក្សត្រ ដែល​ត្រូវ​ជាប់ទោស​ពី​១​ទៅ​៥​ឆ្នាំ​
06, Jun 2018 , 8:40 pm        
រូបភាព
លោក គឹម សន្តិភាព ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌
លោក គឹម សន្តិភាព ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌
​ជាការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះ​កិត្តិយស​និង​ព្រះ​កិ​ត្តិនាម​របស់​ព្រះមហាក្សត្រ ដែល​លោក សម  រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត គឺជា​ព្រះរាជសារ​ក្លែងក្លាយ​។ នេះ​ជាការ​លើកឡើង​របស់លោក គឹម សន្តិភាព​ អ្នកនាំពាក្យក្រសួងយុត្តិធម៌។

 
​លោក គឹម សន្តិភាព បាន​សរសេរ​សារ​លើទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​យប់​ថ្ងៃទី​៦ ខែមិថុនា​នេះ យ៉ាង​ដូច្នេះ​ថា​៖«​ទង្វើ​របស់លោក សម  រង្ស៊ី ជាការ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ល្មើស​រដ្ឋធម្មនុញ្ញ និង​ក្រមព្រហ្មទណ្ឌ ដែល​ត្រូវ​ផ្ទ​ន្ទា​ទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំ​ទៅ​៥​ឆ្នាំ​»​។ 
 
«​លិខិត​របស់​ព្រះមហាក្សត្រ ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ជា​លិខិត​ក្លែងក្លាយ​ទេ ​[…..]​។ នេះ​ជា​សំណេ​របស់លោក សម  រង្ស៊ី ដែល​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។ 
 
​លោក សម  រង្ស៊ី បង្ហោះ​សារ​នេះ បន្ទាប់ពី​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ត្រូវបាន​ផ្សព្វផ្សាយ​។ ក្នុង​ព្រះរាជសារ ព្រះមហាក្សត្រ បាន​មាន​ព្រះបន្ទូល​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​ជនរួមជាតិ​ទាំងអស់ មេត្តា​ប្រើ​សិទ្ធិសេរីភាព​បោះឆ្នោត​ទៅតាម​សតិសម្បជញ្ញៈ​របស់ខ្លួន​ម្នាក់ៗ ដែលមាន​ទំនុកចិត្ត​លើ​គណបក្ស​ណាមួយ​ដោយ​សេរី​»​។ 
 
​ចំណែក​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានចាត់ទុក ការហាម​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត ថា​ជាការ​ប្រឆាំងនឹង​ព្រះមហាក្សត្រ​។ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី​ដូច​សព្វដង នៅ​ថ្ងៃទី​៦ ខែមិថុនា​នេះ ប្រធាន​គណបក្សកាន់អំណាច បាន​និយាយ​សំដៅទៅ​កាន់​អតីត​ប្រធាន​គណបក្សប្រឆាំង ដែល​កំពុង​និរទេស​យ៉ាង​ដូច្នេះ​ថា​៖«​ឥ​ឡូ​វ​គេ ហ៊ាន​ចេញ​មុន​ប្រឆាំង​ជាមួយ​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ឬទេ​។ បើ​គេ​ចេញមុខ​ប្រឆាំង កុំភ្លេចថា​នេះ​ជា​ទោស​ពានវាំង​តែម្តង [….]»​៕

Tag:
 បោះឆ្នោត
  ព្រះមហាក្សត្រ
  គឺម សន្តិភាព
  សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com