ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្ត្រី​យុត្តិធម៌ បញ្ជា​ឲ្យ​តុលាការ​ចាត់ការ​លោក សម រង្ស៊ី ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​
11, Jun 2018 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានធ្វើ​អធិបញ្ជា​ទៅកាន់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ចាត់វិធានការ​ផ្លូវច្បាប់​លើ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​ការប្រមាថ​ព្រះមហាក្សត្រ​។ នេះ​ជាការ​អះអាង​របស់លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​។



​តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក គឹម សន្តិភាព បានបញ្ជាក់​មូលហេតុ​ថា ការចាត់វិធានការ​នេះ គឺ​ដើម្បី​ការពារ​ព្រះ​ចេស្តា​អង្គ​ព្រះមហាក្សត្រ ឲ្យ​ស្របតាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នៅ​កម្ពុជា​។​

​ថ្មីៗ​នេះ ព្រះមហាក្សត្រ បានចេញ​រាជសារ​មួយ ដោយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ បន្ទាប់មក លោក សម រង្ស៊ី ដែល​កំពុង​និរទេស បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា ព្រះរាជសារ​របស់​ព្រះមហាក្សត្រ គឺជា​ព្រះរាជសារ​ក្លែងក្លាយ ឬក៏​ត្រូវបាន​ធ្វើឡើង​ក្រោម​ការគំរាមកំហែង​។

​លោក គឹម សន្តិភាព ចេញមក​ប្រតិកម្ម​ខ្លាំងៗ​នឹង​លោក សម រង្ស៊ី ដែល​លើកឡើង​បែបនេះ​។ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បានចាត់ទុក​ការចោទប្រកាន់​របស់លោក សម រង្ស៊ី ថា​ជាការ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះកិត្តិនាម​របស់​ព្រះមហាក្សត្រ​។

​លើសពីនេះ ក្រសួងព្រះបរមរាជវាំង ក៏​ចេញមក​បំភ្លឺ​ដែរ ដោយ​អះអាងថា ព្រះរាជសារ​នោះ គឺជា​ព្រះរាជសារ​ពិត ហើយ​មិន​ត្រូវបាន​ធ្វើឡើង​ក្រោម​ការគំរាមកំហែង​រប​ស់ជន​ណា​ឡើយ​។

​ប៉ុន្តែ មកដល់ពេលនេះ អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលា​បូ​ង​រាជធានី​ភ្នំពេញ នៅ​មិនទាន់​ផ្តល់ព័ត៌មាន​ដល់​អ្នកកាសែត​នោះទេ ថា​តំណាង​អយ្យការ កំពុង​ចាត់ការ​តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ឬ​យ៉ាងណា​៕ 



Tag:
 ព្រះមហាក្សត្រ​
  សម រង្ស៊ី​
  អង្គ វង្សវឌ្ឍានា​
  គឹម សន្តិភាព​
© រក្សាសិទ្ធិដោយ thmeythmey.com