អត្ថបទពាណិជ្ជកម្ម
ធនាគារ​ស្ថាបនា ចុះ​កិច្ច ព្រមព្រៀង​ផ្ដល់​សេវាកម្ម​ផ្ទេរប្រាក់​ទូទាត់​ពិភពលោក​ជាមួយ Western Union
24, Jun 2018 , 10:00 pm        
រូបភាព
​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨  ធនាគារ​ស្ថាបនា បានប្រកាស​ពី​ការចុះ​កិច្ចព្រមព្រៀង​ផ្ដល់​សេវាកម្ម​ផ្ទេរប្រាក់​ទូទាត់​ពិភពលោក​របស់ Western Union មកកាន់​បណ្ដា​សាខា​រប​ស់​ខ្លួន​ទូទាំងប្រទេស​។ តាមរយៈ​សេវា​កម្មនេះ អតិថិជន​អាច​ផ្ញើ និង​ទទួល​ប្រាក់​បាន​យ៉ាង​ឆាប់រហ័ស​ទូទាំងប្រទេស​កម្ពុជា​។
​នាយក​ប្រតិបត្តិ​ធនាគារ​ស្ថាបនា លោក KATO Norihiko បាន​មានប្រសាសន៍ថា «​យើង​មាន​សេចក្ដី​រីករាយ ដែល​បាន​សហការ​ជាមួយ Western Union ដែល​អនុញ្ញាតឱ្យ​អតិថិជន​របស់​យើង​អា​ចត​ភ្ជាប់​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​ស្ទើរ​គ្រប់​ប្រទេស​នៅលើ​ពិភពលោក រួមទាំង​ក្នុងស្រុក​ផងដែរ​»​។ លោក​បន្ថែមទៀតថា «​ការផ្ដល់ជូន​អតិថិជន​នូវ​វ​ភាពងាយស្រួល និង​ភាពជឿជាក់​របស់ Westurn Union មាន​សារសំខាន់​ចំពោះ​យើង ហើយ​យើង​មាន​មោទនភាព​ក្នុង ការពង្រីក​វិសាលភាព​សេវាកម្ម​របស់​យើង​»​។ បច្ចុប្បន្ន​មាន​ប្រជាជន​កម្ពុជា​ជាង​មួយ​លាន​នាក់  កំពុង​បម្រើ​ការងារ​នៅ​បរទេស ដែល​ភាគច្រើន​នៅក្នុង​ប្រទេស​ថៃ​។ ពលករ​កម្ពុជា ក៏មាន​នៅក្នុង​ប្រទេស​ផ្សេងៗ​ទៀតផង​ដែរ មានដូចជា​ប្រទេស​កូរ៉េខាងត្បូង ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ជប៉ុន ជាដើម​។​
 
​បើ​យោងតាម​សៀវភៅ​កំណត់ត្រា​នៃ​ការធ្វើ​ចំណាក់ស្រុក និង​ការផ្ទេរ​ប្រាក់​របស់​ធនា​គារ​ពិភពលោក (World Bank) ឆ្នាំ​២០១៦ កម្ពុជា គឺជា​ប្រទេស ដែល​ទទួល​ប្រាក់​ពី​បរទេស​ធំជាងគេ​លំដាប់​ទី​៨ នៅ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ដោយមាន​ចំនួន ០,៩ ពាន់​លាន​ដុល្លា​អាមេរិក​។​



​ លោក Arish Shrestha នាយក​របស់ Western Union ប្រចាំ​តំបន់​ឥណ្ឌូចិន បាន​មានប្រសាសន៍ថា «​ប្រាក់​ដែល​បាន​ផ្ញើ​ដោយ​ពលរដ្ឋ​កម្ពុជា​រស់នៅ​ក្រៅប្រទេស ដើ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅក្នុង​ក្រុមគ្រួសារ ក៏ដូចជា​សេដ្ឋកិច្ចជាតិ​ទាំងមូល ខណៈ​មាន​ប្រជាជន​កម្ពុជា​កាន់តែច្រើន​ស្វែងរក​ការងារ​ធ្វើ​នៅឯ​ក្រៅប្រទេស ដើម្បី​រកប្រាក់​មក​ចិញ្ចឹម​ក្រុមគ្រួសារ​របស់​ពួកគេ​នៅឯ​ស្រុកកំណើត​វិញ​។ ការ​បេ​ជ្ញា​ចិត្ត របស់​យើង​គឺ​ធ្វើយ៉ាងណា បន្ត​ពង្រីក​វិសាលភាព​នៃ​ដំណើរការ​សេវា​ផ្ញើ​ប្រាក់​ពី​ក្រៅប្រទេស​ក៏ដូចជា​នៅក្នុង​ប្រទេស​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​»​។ 
 
​លោក Shrestha បាន​បន្ថែមថា «​យើង​សូម​ស្វាគមន៍​ធនាគារ​ស្ថាបនា មកកាន់​គ្រួសារ Western Union និង​ជឿជាក់ថា​វិសាលភាព​នៃ​បណ្ដាញ​សាខា​របស់​ពួកគេ​នឹង​ផ្ដល់​ភាពងាយស្រួល​សម្រាប់​សេវាកម្ម​ផ្ទេរប្រាក់​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​»​។​



​ ​ ភាពជា​ដៃគូ​ជាមួយនឹង​ធនាគារ​ស្ថាបនា​នេះ មិន​ត្រឹមតែ​អាចបំពេញ​តម្រូវការ​ហិរញ្ញវត្ថុ​របស់​អតិថិជន​បាន​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេស​ផងដែរ​៕

(អត្ថបទពាណិជ្ជកម្ម)

Tag:
 ធនាគារស្ថាបនា
© រក្សាសិទ្ធិដោយ thmeythmey.com