ជាតិ
សេដ្ឋកិច្ច
Grab ទាញ​រ៉ឺម៉ក​កង់​បី​ខ្មែរ​«​ដែល​កំពុងតែ​ទន់ខ្សោយ​» ចូល​កម្មវិធី​ហៅ​ជិះ​តាម​អេប​របស់ខ្លួន​
28, Jun 2018 , 2:06 pm        
រូបភាព
ដោយ:
 ភ្នំពេញ​៖ អ្នករត់​រ៉ឺម៉ក​កង់​បី​ខ្មែរ ត្រូវបាន​ទាក់ទាញ​ឲ្យ​ចូល​រួមជាមួយ​ក្រុមហ៊ុន Grab ដែល​កំពុង​ប្រតិបត្តិការ​សេវាកម្ម​ហៅ​តាក់ស៊ី​ជិះ​តាម​ស្មា​ត​ហ្វូ​ន​ដ៏​ធំ​នៅ​អាស៊ាន ក៏ដូចជា​នៅ​កម្ពុជា បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ភ្ជាប់​សេវាកម្ម​ជាមួយ​រថយន្ត​តាក់ស៊ី ម៉ូតូ​កង់​បី​ឥណ្ឌា និង​ម៉ូតូឌុប រួចមក​។ ការបញ្ចុះ​តម្លៃ​រយៈពេល​៦​ខែ​ពី​ក្រុមហ៊ុន Grab និង​ក្រុមហ៊ុន​ប្រេងសាំង​សូ​គី​ម៉ិច ត្រូវបាន​ប្រកាសឡើង ដើម្បី​អាច​ឲ្យ​រ៉ឺម៉ក​កង់​បី​ខ្មែរ​ចូលក្នុង​ប្រព័ន្ធ​នេះ​បាន​។ ប៉ុន្តែ​នៅតែមាន​បញ្ហា​ប្រឈម​ជុំវិញ​ការប្រកួតប្រជែង​របស់​អ្នករត់​រ៉ឺម៉ក​កង់​បី​ខ្មែរ​។



Grab បាន​សម្ពោធ​អេប​ថ្មី​របស់ខ្លួន (GrabRemorque) សម្រាប់​សេវាកម្ម​ថ្មី​របស់ខ្លួន​ជាមួយ​រ៉ឺម៉ក​កង់​បី​ខ្មែរ​។ ការប្រកាស​សេវាកម្ម​ថ្មី​របស់ Grab នេះ ធ្វើឡើង​ក្នុង​កម្មវិធី​អំពី​អ្នក​ដឹកជញ្ជូន​ក្រៅ​ប្រព័ន្ធ ដែល​រៀបចំឡើង​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា នៅ​ថ្ងៃទី​២៧​ខែមិថុនា​។ អ្នករត់​រ៉ឺម៉ក​កង់​បី​ខ្មែរ​ជាច្រើន​រយ​នាក់​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​។​

​ជាការ​លើកទឹកចិត្ត​ដើម្បី​ឲ្យ​អ្នករត់​រ៉ឺម៉ក​កង់​បី​ខ្មែរ​ចូល​ជា​សមាជិក Grab ក្រុមហ៊ុន​នេះ​បានប្រកាស​យក​កម្រៃ​សេវា​តែ ៥​ភាគរយ ពី​កម្រៃ​ធម្មតា ១៥​ភាគរយ ក្នុង​រយៈពេល​៦​ខែ​ដំបូង​។ ជាមួយគ្នានេះ​ក្រុមហ៊ុន​សូគី​ម៉ិច ក៏បាន​សហការ​ជាមួយ Grab ប្រកាស​បញ្ចុះតម្លៃ​ប្រេង​របស់ខ្លួន​ចំនួន ៣០០​រៀល​ក្នុង​១​លីត្រ ក្នុង​រយៈពេល​៦​ខែ​ដូចជា​នេះ​ផងដែរ​។ ការបញ្ចុះ​តម្លៃ​នេះ​បានតែ​សម្រាប់​សមាជិកសមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ប៉ុណ្ណោះ​។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អះអាងថា ក្រសួង​នឹង​ធ្វើការ​បន្ថែមទៀត​ជាមួយ​ក្រុមហ៊ុន​ដើម្បី​ឲ្យ​ការ​បញ្ចុះតម្លៃ​នេះ​មាន​រយៈ​ច្រើនជាង ៦​ខែ​។​

​ជាធម្មតា​អ្នកបើក​តាក់ស៊ី ឬ​ម៉ូតូ​កង់​បី ដែល​ភ្ជាប់​សេវាកម្ម​ទៅ​ក្រុមហ៊ុន​ណាមួយ មិន​ថា Grab, PassApp ឬ​ក្រុមហ៊ុន​ដទៃទៀត ត្រូវ​កាត់​ចំណែក​ភាគរយ​របស់ខ្លួន​ឲ្យ​ទៅ​ក្រុមហ៊ុន​នោះ បើសិនណា​អ្នក​ដឹកជញ្ជូន​ទាំងនោះ​ទទួលបាន​អ្នក​ហៅ​ជិះ តាមរយៈ​កម្មវិធី​រប​ស់​ក្រុមហ៊ុន​នោះ​។​



​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា ការពង្រីក​សេវា​របស់ Grab និង​មានការ​បញ្ចុះតម្លៃ​នេះ ដោយសា​មានការ​ជំរុញ​គាំទ្រ​ពី​រដ្ឋាភិបាល​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​បន្ទាប់ពី​បាន​ស្ដាប់​សំណូមពរ​របស់​សមាគម​អំពី​ការលំបាក​ប្រកួតប្រជែង និង​ការរកស៊ី​របស់​អ្នករត់​ម៉ូតូ​កង់​បី​ខ្មែរ ពួកយើង​ក៏បាន​ធ្វើការ​ជាមួយ​ក្រុមហ៊ុន Grab ដើម្បី​ដាក់​អេប​ថ្មី និង​បញ្ចុះតម្លៃ ដើម្បី​ឲ្យ​អ្នក​ប្រកប​របរ​ទាំងនោះ​មាន​ភាព​ប្រកួតប្រជែង​ជាមុនសិន​»​។​



​ប្រធាន​សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា លោក ឯក សុភា​ស់ មានប្រសាសន៍ថា សមាគម​ចង់​ដោះស្រាយ​បញ្ហាលំបាក​របស់​អ្នករត់​រ៉ឺម៉ក​កង់​បី​ខ្មែរ ដោយសារ​ការ​ត្អូញត្អែរ​របស់​អតិថិជន​លើ​រឿង​តថ្លៃ និង​តម្លៃ​មិនអាច​ប្រកួតប្រជែង​ជាមួយ​កង់​បី​ឥណ្ឌា​។ 

«​អ្នករត់​រ៉ឺម៉ក​កង់​បី​ខ្មែរ បើ​ចង់​ប្រើ​អេប ដោយ​ទទួលបាន ១២០០​រៀល​ក្នុង​១​គីឡូម៉ែត្រ គឺ​អត់​ចំណេញ​ទេ ព្រោះ​មិនមែន​ប្រើ​ហ្គាស​ដូច​កង់​បី​ឥណ្ឌា​។ តែបើ​លក់​កង់​បី​ខ្មែរ ទិញ​កង់​បី​ឥណ្ឌា ណាមួយ​លក់​របស់​ចាស់​អត់​ចេញ ហើយ​ខ្វះ​លទ្ធភាព​ទិញ​កង់​បី​ឥណ្ឌា​ដែល​ថ្លៃ​»​។ លោក ឯក សុភា​ស់ ថ្លែង​បែបនេះ​។ លោក​បន្ថែមថា​«​ដូចនេះហើយ​យើង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន ដើម្បី​បញ្ចុះ​កម្រៃ​សេវា និង​ថ្លៃ​ប្រេង ដល់​អ្នករត់​កង់​បី​ខ្មែរ​»​។

​នៅពេលដែល​រ៉ឺម៉ក​កង់​បី​ខ្មែរ ចូល​កម្មវិធី​អេប នោះ​ការយក​កម្រៃ​ដឹកជញ្ជូន​ពី​អតិថិជន​ខ្លួន ត្រូវ​កំណត់ ១២០០​រៀល​ក្នុង​១​គីឡូម៉ែត្រ​នេះ​។ នេះ​តម្លៃ​នេះហើយ​ដែល​បង្ក​ភាពស្ទាក់ស្ទើរ​ក្នុងការ​ភ្ជាប់​របស់​ប្រព័ន្ធ​អេប របស់​អ្នករត់​កង់​បី​ខ្មែរ​។ លោក ឯក សុភា​ស់ បញ្ជាក់ថា សមាគម​នឹង​ស្នើ​ដល់​ក្រុមហ៊ុន ដើម្បី​ដំឡើង​តម្លៃ​នេះ​ឲ្យ​ដល់ ១៦០០​រៀល ដើម្បី​អាច​ឲ្យ​អ្នករត់​ម៉ូតូ​កង់​បី ចូល​ប្រើប្រាស់​ប្រព័ន្ធ​ថ្មី​នេះ​ឲ្យ​បាន​ច្រើន​។ តែបើ​ដំឡើង​កម្រៃ​ដល់ ១៦០០​រៀល នោះ​តម្លៃនឹង​ថ្លៃ​ជាង​សេវាកម្ម​របស់​កង់​បី​ឥណ្ឌា​។

​លោក​ប្រធាន​សមាគម ក៏បាន​មើល​បញ្ហា​ត្រង់​នេះដែរ ប៉ុន្តែ​លោក​ជឿជាក់ថា​៖«​អតិថិជន​មួយចំនួន​នឹង​គាំទ្រ​កង់​បី​ខ្មែរ ទោះ​តម្លៃ​ខុសគ្នា​តិចតួច​។ ហើយ​រ៉ឺម៉ក​កង់​បី​ខ្មែរ មាន​ភាពទូលំទូលាយ​ជាង អាច​ដឹក​បាន​ច្រើនជាង​និង​មាន​សោ​ភ​ណ័​ភាព​ជាង​»​។​



​ក្នុង​កិច្ចសហការ​ខាងលើនេះ សមាគម​រំពឹងថា​នឹងមាន​អ្នករត់​រ៉ឺម៉ក​កង់​បី​ខ្មែរ​ប្រមាណ ៥០០០​នាក់​ជា​សមាជិក​របស់ខ្លួន ប្រើប្រាស់​សេវាកម្ម​ហៅ​ជិះ​តាម​អេប​។ សព្វថ្ងៃ​សមាគម​មួយ​នេះ មាន​អ្នករត់​រ៉ឺម៉ក​កង់​បី​ខ្មែរ​ប្រមាណ ១​ម៉ឺន​នាក់​ជា​សមាជិក ក្នុងចំណោម​រ៉ឺម៉ក​កង់​បី​ខ្មែរ​សរុប​មិនតិចជាង ២​ម៉ឺន​គ្រឿង​។ ចំនួន​២​ម៉ឺន​គ្រឿង ត្រូវបានធ្វើ​ការសិក្សា​នៅ​ឆ្នាំ​២០១១ តែ​រ៉ឺម៉ក​កង់​បី​ខ្មែរ​ត្រូវបាន លោក ឯក សុភា​ស់ ប៉ាន់​ស្មានថា​មាន​ចំនួន ៣​ម៉ឺន​គ្រឿង​នៅ​ភ្នំពេញ​។​

​អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ បាន​សាកសួរ​ពី​ការសម្រេច​របស់​អ្នករត់​រ៉ឺម៉ក​កង់​បី​ខ្មែរ​មួយចំនួន ក្រោយ​បញ្ចប់​កម្មវិធី​ខាងលើនេះ​។ តែ​អ្នក​ទាំងនោះ​នៅតែ​មិនទាន់​បង្ហាញ​ការសម្រេចចិត្ត​ណាមួយ​ថា​ត្រូវ​ភ្ជាប់​ប្រព័ន្ធ ឬ​មិន​។ អ្នកខ្លះ​ប្រាប់ថា រ៉ឺម៉ក​ខ្មែរ​មិនអាច​យក​សេវា​ថោក​ដូច​កង់​បី​ឥណ្ឌា​នោះទេ​។ អ្នកខ្លះ​ថែមទាំង​ប្រាប់ថា ទោះ​តម្លៃថោក​ដូច​កង់​បី​ឥណ្ឌា ក៏​គេ​នៅតែ​ជិះ​កង់​បី​បរទេស​នេះ​ដដែល​។ អ្នក​ទាំងនេះ​ហាក់​មិនទាន់​ឃើញ​ការភ្ជាប់​ប្រព័ន្ធ និង​ការ​បញ្ចុះតម្លៃ​នេះ ថា​ជា​ឱកាស​ដល់​អាជីវកម្ម​របស់ខ្លួន​ឡើយ​៕



Tag:
 កង់​បី​
© រក្សាសិទ្ធិដោយ thmeythmey.com