ជាតិ
បោះឆ្នោត
ចិន នៅតែ​រក្សា​ជំហរ​គាំទ្រ​ការបោះឆ្នោត​នៅ​កម្ពុជា​
04, Jul 2018 , 10:19 pm        
រូបភាព
រូបពីក្រសួងការបរទេសកម្ពុជា
រូបពីក្រសួងការបរទេសកម្ពុជា
ដោយ:
​ភ្នំពេញ​៖ តំណាង​រដ្ឋាភិ​បាល​ចិន លោក Hu Zhengyue បាន​ជួប​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង​បានបង្ហាញ​ពី​ជំហរ​របស់​ចិន ក្នុងការ​គាំទ្រ​កិច្ចការ​បោះឆ្នោត​របស់​ក​ម្ពុ​ជា ដែល​នឹង​មកដល់​នៅ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៨​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៤ ខែកក្កដា​នេះ​។​



​អនុប្រធាន​សមាគម​កា​រទូ​ត​សាធារណៈ និង​ជា​អតីត​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន លោក Hu Zhengyue បានបង្ហាញ​ពី​ជំហរ​របស់​រដ្ឋាភិបាល​ចិន ដែល​គាំទ្រ​យ៉ាង​ពេញលេញ​ចំពោះ​ការបោះឆ្នោត​នៅ​ប្រទេស​កម្ពុជា នាពេលខាងមុខ​។ ការ​ថ្លែង​បែបនេះ​បានធ្វើ​ឡើង​នៅក្នុង​ជំនួប​សម្ដែង​ការគួរសម រវាង​លោក Hu Zhengyue និង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨​។​

​ក្រៅពី​ការគាំទ្រ​ចំពោះ​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា អនុប្រធាន​សមាគម​កា​រទូ​ត​សាធារណៈ របស់​ចិន​រូបនេះ​ក៏បាន​សរសើរ​ចំពោះ​ការរីកចម្រើន ពិសេស​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ដែល​រដ្ឋាភិបាល​កម្ពុជា​សម្រេចបាន​។ លោក Hu Zhengyue មានបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​

​មិនតែប៉ុណ្ណោះ អតីត​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន​ខាងលើ ថែមទាំង​វាយត​ម្លៃ​ខ្ពស់​ចំពោះ​ការគាំទ្រ​ចំពោះ​ការចូលរួម​យ៉ាងសកម្ម​របស់​កម្ពុជា នៅក្នុង​ការលើកស្ទួយ​ទំនាក់ទំនង​អាស៊ាន​-​ចិន និង​ទំនាក់ទំនង​រវាង​បណ្ដា​ប្រទេស​មេគង្គ​ជាមួយ​ចិន តាមរយៈ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​។​

​យ៉ាងណា​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​គូសបញ្ជាក់​នៅក្នុង​ជំនួប​នោះ​ថា គណៈប្រតិភូ​ថា​កម្ពុជា បានផ្ដល់​អាទិភាព​សំខាន់​លើ​ការរក្សា​ការពារ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​។ លោក​រដ្ឋមន្ត្រី ក៏បាន​វាយតម្លៃ​ខ្ពស់​លើ​ការគាំទ្រ​របស់​ចិន ចំពោះ​ការចាត់វិធានការ​តាមផ្លូវ​ច្បាប់ របស់​កម្ពុជា​ដើម្បី​ការពារ​ឯករាជ្យ និង​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា​៕


Tag:
 ចិន​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com